អាជ្ញាធរនៃរដ្ឋបាលខេត្តបាត់ដំបងបានពង្រីកទីកន្លែងទុកដាក់អ្នកជម្ងឺនិងធ្វើការព្យាបាលអ្នកជំងឺ កូវីដ-19 ចំនួន២០០គ្រែបន្ថែម ក្នុងអគារសាលមហោស្រពស្ទឹងសង្កែនិងនៅតាមបណ្តាមន្ទីរពេទ្យបង្អែកស្រុកចំនួន៣

អត្ថបទដោយ៖
Kien Sereyvuth

  ទីតាំងថ្មីចំនួន ០៤កន្លែងផ្សេងគ្នា ត្រូវបានអាជ្ញាធរនៃរដ្ឋបាលខេត្តបាត់ដំបង កំណត់ជ្រើសរៀបចំបន្ថែមក្នុងការទុកដាក់អ្នកជម្ងឺកូវីដ-19និងធ្វើការព្យាបាលក្នុងករណីដែលរកឃើញអ្នកជម្ងឺកូវីដ19 នៅក្នុងខេត្តត្រូវនាំយកមកកាន់ទីតាំងថ្មីដើម្បីធ្វើការព្យាបាល ទាំងអ្នកជម្ងឺស្រាល និងករណីធ្ងន់ធ្ងរ។

      នេះបើតាមការគូសបញ្ជាក់ពីឯកឧត្តម សឿមប៊ុនរិទ្ធិ អភិបាលរងខេត្ត និងជាអ្នកនាំពាក្យនៃរដ្ឋបាលខេត្តបាត់ដំបង ដែលបានថ្លែងប្រាប់ឲ្យដឹង នៅវេលារសៀល ថ្ងៃទី១៣ ខែឧសភានេះ ឲ្យដឹងថា៖ ដោយមានការណែនាំពីឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបងនិងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-19ខេត្ត គឺបានកំណត់ជ្រើសយកទីតាំង០៤កន្លែងផ្សេងៗគ្នា ដើម្បីរៀបចំធ្វើជាកន្លែងក្នុងការទុកដាក់ថែទាំសម្រាកព្យាបាល អ្នកជម្ងឺកូវីដ-19ក្នុងខេត្ត ក្រោយពីក្រុមគ្រូពេទ្យជួរមុខរបស់មន្ទីរសុខាភិបាល នៃ រដ្ឋបាលខេត្តបាត់ដំបងបានកំណត់យកវត្ថុសំណាកនិងធ្វើតេស្តរកឃើញ” វិជ្ជមានកូវីដ-19 ” ត្រូវនាំអ្នកជម្ងឺយកកាន់ទីកន្លែងព្យាបាលថ្មីទាំងនេះទាំងស្ថានភាពស្រាលនិងករណីធ្ងន់ធ្ងរ។

      ឯកឧត្តម សឿម ប៊ុនរិទ្ធិ បានបញ្ជាក់ទៀតថា៖ ទីតាំងដែលឯកឧត្តមអភិបាលខេត្តបាត់ដំបង បានកំណត់និងធ្វើការរៀបចំត្រៀមជាស្រេចហើយនោះមានចំនួន២០០គ្រែ ក្នុងនោះ១-អគារសាលមហោស្រពស្ទឹងសង្កែ (ក្រុងបាត់ដំបង) ចំនួន១៥០គ្រែ និងមាន២អគារ។ ក្នុងនោះអគារA ចំនួន១០០គ្រែសំរាប់អ្នកជម្ងឺមានករណីស្រាល និងអគារB ចំនួន៥០គ្រែ សំរាប់អ្នកជម្ងឺករណីធ្ងន់។ដោយឡែកក្នុងនោះក៏មានការរៀបចំនៅតាមបណ្តាស្រុក ចំនួន៣បន្ថែមផងដែរ ដូចជា៖ នៅមន្ទីរពេទ្យបង្អែកស្រុកថ្មគោល ចំនួន១០គ្រែ។ មន្ទីពេទ្យបង្អែកស្រុកប្រតិបត្តិបវេល ចំនួន ២០គ្រែ និង នៅមន្ទីរពេទ្យបង្អែកស្រុកប្រតិបត្តិសំពៅលូនចំនួន២០គ្រែ ផងដែរ។

       សូមបញ្ជាក់ថា៖ការត្រៀមនិងបម្រុងទុករបស់រដ្ឋបាលខេត្តបាត់ដំបង នូវទីតាំងបន្ថែមក្នុងការទុកដាក់និងដើម្បីធ្វើការព្យាលអ្នកជម្ងឺកូវីដ-19 នៅក្នុងខេត្តនេះគឺដោយសារតែកន្លងមកខេត្ត មានកន្លែងព្យាបាលជម្ងឺនេះ តែមួយកន្លែងប៉ុណ្ណោះ ស្ថិតក្នុងមន្ទីរពេទ្យបង្អែកខេត្ត។

       សូមបញ្ជាក់ថា៖គិតត្រឹមរសៀល ថ្ងៃទី១៣ខែឧសភាឆ្នាំ២០២១នេះ។មន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង បាននិងកំពុងតែធ្វើការព្យាបាលអ្នជម្ងឺកូវីដ-19សរុបចំនួន ៧១នាក់។ ព្យាបាលជាសះស្បើយចំនួន២៩នាក់និងកំពុងព្យាបាលអ្នកជម្ងឺចំនួន៤១នាក់និងអ្នកជម្ងឺស្លាប់០១នាក់ដែលជាជនបរទេស(នេប៉ាល់) មកពីប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលពាក់ព័ន្ធនិងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។បានស្លាប់ នៅព្រឹកថ្ងៃទី១៣ខែឧសភានេះ និងកំពុងសម្រាកព្យាបាលជម្ងឺ នៅក្នុងមន្ទីរពេទ្យបង្អែក ខេត្តបាត់ដំបង៕   ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner