ប្រមុខអង្គការ NASA ថ្មីបង្ហាញការព្រួយបារម្ភពីឥទ្ធិពលនៃវិស័យអវកាសចិនទៅកាន់សភាអាមេរិក (មានវីដេអូ)

អាមេរិក៖ លោក បៀល ណែលសុន (Bill Nelson) ដែលជាប្រធានថ្មីរបស់ទីភ្នាក់ងារអវកាសអាមេរិក NASA និងជាអ្នកនយោបាយជើងចាស់មួយរូបផងនោះ បានប្រាប់សភាអាមេរិកពីការព្រួយបារម្ភ អំពីឥទ្ធិពលនៃវិស័យអវកាសរបស់ប្រទេសចិន និងកម្មវិធី អាថេមីស (Artemis) ដែលជាកិច្ចប្រឹងប្រែងបញ្ជូនអវកាសយានិកអាមេរិកទៅកាន់ឋានព្រះច័ន្ទសាជាថ្មី ។
លោក ណែលសុន បាននិយាយថា ចិនគ្រោងនឹងបញ្ជូនយានរ៉ូបូតចំនួន៣គ្រឿង ទៅកាន់តំបន់ប៉ូលខាងត្បូងរបស់ព្រះច័ន្ទក្នុងពេលប៉ុន្មានឆ្នាំទៀត ខណៈដែលNASA មានតែ១គ្រឿងប៉ុណ្ណោះ ដែលគ្រោងនឹងបញ្ជូនទៅកាន់ទីនោះ ។ ប៉ូលខាងត្បូងរបស់ព្រះច័ន្ទ ជាកន្លែងគួរចាប់អារម្មណ៍ជាពិសេស សម្រាប់អ្នកវិទ្យាសាស្រ្ត ព្រោះតែទឹកកកនៅទីនោះ អាចប្រើប្រាស់ជាឥន្ធនៈរ៉ុក្កែត និងឧស្ម័នអុកស៊ីហ្សែន សម្រាប់អវកាសយានិក ។ ដោយយោងតាមរបាយកាណ៍មួយចំនួន លោក ណែលសុន បន្តថា ទីភ្នាក់ងារអវកាសចិន ក៏មានគោលដៅបញ្ជូនអវកាសយានិក ក្នុងបេសកកម្មហោះឆ្វែលមួយ ទៅកាន់ឋានព្រះច័ន្ទផងដែរ ហើយបន្ទាប់មកនឹងមានការចុះចតតែម្តងថែមទៀត ក្នុងពេលណាមួយ នៅទសវត្សរ៍ឆ្នាំ២០២០នេះ។ បន្ទាប់ពីនិយាយទាក់ទងព្រះច័ន្ទ លោក ណែលសុន ថែមទាំងបានលើកបង្ហាញរូបភាព ដែលយានរ៉ូបូតចិន ស៊ូរ៉ុង ថតបាននៅលើផ្ទៃភពអង្គារ ។
កំលុងសវនាការខាងលើ ក្រុមសមាជិកសភាអាមេរិក ក៏បានបង្ហាញពីការបារម្ភពាក់ព័ន្ធទៅនឹងកម្មវិធី អាថេមីស ផងដែរ ដោយពួកគេបានរិះគន់ NASA ជុំវិញការផ្តល់កិច្ចសន្យាឲ្យក្រុមហ៊ុន SpaceX ទាំងស្រុង សម្រាប់ការអភិវឌ្ឍយានចុះចតនៅលើផ្ទៃព្រះច័ន្ទ ដែលវាបង្កឲ្យមានការតវ៉ាពីគូប្រកួត ០២ផ្សេងទៀតគឺក្រុមហ៊ុន Blue Origins និង ដាយណេធិចស៍ (Dynetics)។ ពេលនោះ លោក Nelson មិនទាន់ចូលកាន់តំណែងនៅឡើយទេ ។ ជាចុងក្រោយទាក់ទងនឹងកាលបរិច្ឆេទនៃការចេញបេសកកម្ម អាថេមីស ១ (Artemis 1) ដែលជាការបញ្ជូនយានអវកាស ធ្វើដំណើរក្រឡឹង ជុំវិញព្រះច័ន្ទដោយពុំមានអវកាសយានិកនោះ លោក ណែលសុន បានប្រាប់ថា វាអាចប្រព្រឹត្តទៅនៅខ្ទង់ចុងឆ្នាំនេះតាមការគ្រោងទុក បើទោះ បីជាការតេស្តប្រព័ន្ធគ្រាប់រ៉ុក្កែត SLS របស់ NASA បានជួបបញ្ហាមួយចំនួន ៕ ប្រភព៖ Space និង Freshnews

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner