ក្រុមហ៊ុន GM និង Lockheed Martin ចាប់ដៃគ្នាអភិវឌ្ឍយានជំនិះសម្រាប់អោយអវកាសយានិកបើកបរលើឋានព្រះច័ន្ទនាពេលអនាគត (មានវីដេអូ)

អាមេរិក ក្រុមហ៊ុន GM និង Lockheed Martin ប្រកាសថា ពួកគេកំពុងអភិវឌ្ឍយានជំនិះមួយដែលអាចប្រើប្រាស់នៅក្នុងកម្មវិធី អាតថែមមីស (Artemis) របស់ទីភ្នាក់ងារអវកាសអាមេរិក NASA ដោយកម្មវិធីនេះ មានគោលដៅកសាងមូលដ្ឋានអោយមនុស្សស្នាក់នៅប្រកបដោយនិរន្តរភាពនៅលើផ្ទៃ និងជុំវិញឋានព្រះច័ន្ទ មុនចុងទសវត្សរ៍នេះ ។

អង្គការ NASA កាលពីឆ្នាំមុន បានស្នើឲ្យក្រុមហ៊ុនដែលមានឯកទេសខាងផ្នែកអវកាសជួយផ្តល់គំនិតអំពីការអភិវឌ្ឍយានជំនិះហៅថា LTV ដែលអាចជួយដល់ការងាររុករកនៅឯតំបន់ប៉ូលខាងត្បូងរបស់ព្រះច័ន្ទ ជាកន្លែងដែលក្រុមអវកាសយានិកនៃបេសកកម្ម Artemis នឹងចុះទៅដល់ក្នុងពេលប៉ុន្មានឆ្នាំខាងមុខ និងជាកន្លែងដែល NASA មានចក្ខុវិស័យបង្កើតមូលដ្ឋានស្រាវជ្រាវមួយនៅទីនោះ ។

យ៉ាងណាមិញ ក្រុមហ៊ុន Lockheed និង GM ពុំមានកិច្ចសន្យារបស់ NASA ដើម្បីអភិវឌ្ឍយានជំនិះ LTV ទេ ហើយ NASA ផ្ទាល់ក៏ពុំទាន់បានផ្តល់កិច្ចសន្យាបែបនេះដល់ក្រុមហ៊ុនណាមួយដែរ ប៉ុន្តែក្រុមហ៊ុនទាំងពីរកំពុងព្យាយាមក្តាប់យកឱកាសឲ្យបានមុនគេនៅពេល NASA ចាប់ផ្តើមពិចារណាជ្រើសរើសក្រុមហ៊ុនណាមួយ ឬនៅពេលមានអតិថិជនណាផ្សេងចាប់អារម្មណ៍ ៕ ប្រភព៖ CNA

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner