ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ទី៣ ខែមិថុនា ឆ្នាំ២០២១ ត្រូវនឹងថ្ងៃ៨រោច ខែជេស្ឋ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ មុខរបរ និងអាជីវកម្មដំណើរការទៅដោយរលូន និងមានអ្នកគាំទ្រជាច្រើន ប៉ុន្តែតម្រូវឲ្យអ្នកធ្វើការចែករំលែក។ ភោគទ្រព្យថ្ងៃនេះឈរលើឥរិយា បថ និងភាពស្មោះត្រង់របស់អ្នក។ សូមជៀសឲ្យបានបញ្ហារបស់អ្នកដទៃ ហើយជម្លោះគឺត្រូវហាមដាច់ខាត។ ចំពោះអ្នកធ្វើការរដ្ឋ នឹងសម្រេចផលជាទីគាប់ចិត្ត ប៉ុន្តែសូមបន្តធ្វើកិច្ចការបន្ថែម ហើយអត់ធ្មត់។ ត្រូវប្រយ័ត្ននឹងមនុស្សដែលមិនសូវស្គាល់ច្បាស់លាស់ គំនិតយោបល់គេ កំពុងមានសញ្ញាណមិនល្អ។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីលោកអ្នកថ្ងៃនេះស្រុតចុះ។ សកម្មភាព និងព្រឹត្តិការណ៍នានាក្នុងថ្ងៃនេះហាក់មានភាពច្របូកច្របល់ ប៉ុន្តៃទោះបីយ៉ាងនេះក្តី រឿងរ៉ាវជាច្រើនពឹងផ្អែកលើអ្នក។ សូមកុំរៀបចំគម្រោងពិសេស ឬសំខាន់ឡើយ ធ្វើការងារដែលកំពុងមាននៅក្នុងដៃ ហើយកុំបាក់ទឹកចិត្តប្រសិនបើមិនអាចទទួលបានលទ្ធផលនៅក្នុងថ្ងៃនេះ។ សូមប្រាស្រ័យទាក់ទងនឹងមនុស្សដែលអ្នកជឿទុកចិត្តបានហើយ ការពិភាក្សាជាមួយមនុស្សថ្មី មិនបានផលទេ។ ក្រៅពីនេះសូមប្រុងប្រយ័ត្ន កំហុសដែលអាចកើតឡើង ព្រោះអារម្មណ៍។

 ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ការងាររបស់លោកអ្នកមានអ្នកចាំជួយគាំទ្រជានិច្ច។ ការបណ្តាក់ទុនរកស៊ីនៅថ្ងៃនេះគឺអាចធ្វើបាន ប៉ុន្តែកុំចោលគម្រោងការ និងពិនិត្យតាមដានស្ថានភាព ហើយការជឿទុកចិត្តមនុស្សដោយងាយ គឺមិនគួរធ្វើឡើយ។ សូមរក្សាភាពស្មោះត្រង់ និងត្រូវចេះអោនលំទោន កុំបង្កើតកំហុសដោយការប្រមាទស្ថានការណ៍។ សូមឈរលើគំនិតយោបល់របស់ខ្លួន និងការពារវាដោយវៀងវៃ។ កុំចាញ់ល្បិចមនុស្សដែលមកពីឆ្ងាយ វិធិសាស្រ្តល្អបំផុត គឺត្រូវស្តាប់ហើយពិចារណាមុនពេលមានប្រតិកម្ម ឬសម្រេចចិត្តលើអ្វីមួយ។

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ មុខរបរការងារ និងជំនួញរបស់អ្នកនឹងសម្រេចផលបានល្អណាស់ ដូច្នេះសូមកុំបារម្ភអ្វីឡើយ។ លោកអ្នកគួរបង្កើនទំនាក់ទំនងបន្ថែម ពិសេសជាមួយសមាជិកក្រុមការងារ ប្រសិនបើអ្នកមិនច្បាស់ក្នុងចិត្តសូមបង្អង់ការសម្រេចចិត្តសិន។ ការបណ្តាក់ទុននានាអាចធ្វើទៅបានដោយគ្មានការរាំងស្ទះទេ ប៉ុន្តែសូមរក្សាភាពស្មោះត្រង់ជានិច្ច លោកអ្នកមិនអាចធ្វើឲ្យមានកំហុសព្រោះបំណងតូចតាចនោះទេ។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ កិច្ចការងាររបស់អ្នកមិនទាន់ទទួលបានផលដូចការរំពឹងទុកទេ ហើយក៏មិនគួរចំណាយពេលគិតគូរការងារ និងជំនួញថ្មីឡើយ ព្រោះលទ្ធផលមិនស្មើនឹងទុនឡើយ។ សូមរស់នៅជាធម្មតា ស្ងប់ស្ងៀម និងអធ្យាស្រ័យ។ កុំខ្វល់នឹងរឿងតូចតាចពីព្រោះអាចនឹងបានភាពស្មុគ្រស្មាញបន្ថែមប៉ុណ្ណោះ។ ពន្យាពេលប៉ុនប៉ងធ្វើពិធីនានា ហើយរងចាំពេលល្អមកដល់ទើបចាប់ផ្តើមជាថ្មី។ ផលលំបាកមួយចំនួនអាចនឹងពិបាកក្នុងការដោះស្រាយ ដូច្នេះសូមស្នើរកជំនួយប្រសិនបើអ្នកមិនអាចរកឃើញមធ្យោបាយល្អ។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះខ្ពស់ត្រដែត។ កិច្ចការងាររកស៊ីជួញដូរ អាចសម្រេចផលបានជោគជ័យយ៉ាងត្រចេះត្រចង់ ចូរកុំភ្លេចចាប់យកឳកាសថ្មីដែលកំពុងតែឈានមកដល់។ ប៉ុន្តែសូមគិតគូរពីហិរញ្ញវត្ថុផង កុំទាន់ចំណាយប្រាក់លើអចលនវត្ថុ។ សម្រាប់អ្នកធ្វើការដ្ឋការ និងឯកជន ដំណឹងល្អអំពីការងារ និងតួនាទីនឹងកើតឡើងចំពោះអ្នក។ ប្រសិនបើអ្នកមិនពេញចិត្តនឹងការងារដែលអ្នកកំពុងធ្វើ ចូរកុំត្រាំត្រែង អ្នកអាចផ្លាស់ប្តូរការងារបាន ហើយភាពជោគជ័យនឹងកើតឡើងផងដែរ។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។​ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ លោកអ្នកកំពុងរវល់ខ្លាំងក្នុងការងារ និងមុខរបរ ដូច្នេះគ្មានពេលវេលាសម្រាប់អ្នកជុំវិញខ្លួនទេ ប៉ុន្តែសូមព្យាយាមរកពេលដើម្បីទំនាក់ទំនងខាងក្រៅ ព្រោះពួកគេនឹងជួយដល់អ្នកឲ្យបានផលកាន់តែប្រសើរ។ ភាពលំបាករបស់អ្នកក្នុងថ្ងៃនេះ គឺអាចជួយបានប្រសិនបើអ្នកចេះអត់ធ្មត់ និងអធ្យាស្រ័យ។ សម្រាប់ការងារ និងអាជីពនានា តម្រូវឲ្យអ្នកប្រឹងប្រែងខ្លាំងជាងសព្វដង ទើបអាចសម្រេចផលបានប្រសើរ ពីព្រោះលោកអ្នកកំពុងមានដៃគូប្រជែងច្រើនណាស់ក្នុងពេលនេះ។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះខ្ពស់ត្រដែត។ លាភសំណាងរបស់អ្នកនឹងមកតាមមនុស្ស   ជាទីស្រលាញ់ក្នុងគ្រួសារ។ លោកអ្នកមានសញ្ញាណនឹងទទួលដំណឹងដ៏រីករាយផងដែរ។ ថ្ងៃនេះអ្នកអាចធ្វើអ្វីៗបានគ្រប់យ៉ាង មានមនុស្សជាច្រើនអបអរ និងជួយទំនុកបម្រុងជាច្រើន។ កិច្ចការងារនានានឹងអាចសម្រេចផលទាំងអស់ ដូច្នេះសូមកុំបង្អង់ ឬខ្លាចរអាឲ្យសោះ។ ពិសេស ប្រសិនបើអ្នកមានលទ្ធភាពក្នុងការបង្កើតការងារថ្មី ពង្រីកទំហំការងារ ឬបោះទុនលើកិច្ចការអ្វីមួយនោះ ភាពជោគជ័យនឹងកើតឡើង។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការរកស៊ីជួញដូរ មានដំណើរការល្អជាប្រក្រតី។ សូមមានចិត្តរឹងមាំ ស្វាហាប់ ដើម្បីដោះស្រាយបញ្ហាដែលនឹងអាចកើតមានឡើងពីមនុស្សដែលកំពុងមើលបំណាំអ្នក។ គួរបើកចិត្តស្រលាញ់រាប់អានមនុស្សនៅជុំវិញខ្លួន។​ អ្នកអាចសុំជំនួយពីមនុស្សដែលនៅជុំវិញខ្លួនបាន ប៉ុន្តែសូមមានភាពឆ្លាតវៃ។ ថ្ងៃនេះ លោកអ្នកអាចស្នើសុំយោបល់ ឬជំនួយបាន ប៉ុន្តែភាពជោគជ័យពឹងផ្អែកលើបទពិសោធន៍ក្នុងការគ្រប់គ្រងស្ថានការណ៍ និងការប្រញាប់ប្រញាលដោះស្រាយបញ្ហាឲ្យបានទាន់ពេល។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកអាចឈ្នះផលរំខាន និងរឿងអាក្រក់ទាំងពួង​ ដូច្នេះសូមកុំបារម្ភលាភសំណាង និងប្រាក់កាក់ហូរចូលមិនដាច់នោះទេ។ ការងារ   បណ្តាក់ទុន និងគម្រោងថ្មី គួរបន្ថែមល្បឿនពីព្រោះការងារនោះនឹងទទួលបានជោគជ័យ និងផលដ៏ប្រសើរណាស់។ ថ្ងៃនេះមានអំណោយផលខ្លាំងចំពោះលោកអ្នកដែលាមានអាជីពទាក់ទងនឹងការលក់ចេញ ទិញចូលចលន និងអចលនទ្រព្យ ដោយកំរិតនៃការចំណេញឡើងខ្ពស់ណាស់។ ទោះយ៉ាងនេះក្តី ក៏សូមប្រយ័ត្នប្រយែងមាត់ក កុំនិយាយស្តីផ្តេសផ្តាសដែលនាំឲ្យប៉ះពាល់ប្រយោជន៍អ្នកដទៃជាដាច់ខាត។

ឆ្នាំចរ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារ និងអាជីវកម្មរបស់លោកអ្នកសម្រេចបានផល និងចំណេញប្រាក់កាក់គួរឲ្យកត់សម្គាល់។ ប្រសិនបើអ្នកមិនជឿទុកចិត្តលើអ្វីមួយ សូមពិនិត្យសង្កេតដោយភាពឆ្លាតវៃ កុំខ្លាចក្នុងការបង្អាក់កិច្ចការនោះសិន។ សម្រាប់ការពិភាក្សា ឬចរចានឹងអាចមានលទ្ធភាពពេញទី ដូច្នេះសូមកុំស្ទាក់ស្ទើរ អ្នកនឹងទទួលបានដំណឹងល្អណាស់។ក្រៅពីនេះ សូមកុំទាក់ទងនឹងការខ្ចីបុលនានា លោកអ្នកអាចនឹងខាតបង់យ៉ាងខ្លាំង ឬមិនអាចទទួលបានសំណងវិញនោះទេ។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ការងារ និងអាជីវកម្មរបស់លោកអ្នកចម្រើនលូតលាស់ល្អប្រសើរណាស់។​ ប៉ុន្តែប្រសិនបើអ្នកធ្វើអ្វីមួយ ត្រូវធ្វើឲ្យចប់ចុងចប់ដើម និងមិនត្រូវចាប់យកការងារច្រើនក្នុងពេលតែមួយនោះទេ។ សូមរក្សាគំលាតពីមនុស្សដែលអ្នកធ្លាប់ទទួលបានបទពិសោធន៍មិនល្អរួមគ្នា។ លោកអ្នកកំពុងមានសញ្ញាណនៃការចាញ់បោកប្រាស់ទេងាយ ដូច្នេះ​ទោះជាអ្នកក៏ដោយ ក៏មិនគួរជឿទុកចិត្តពេកដែរក្នុងថ្ងៃនេះ។ ក្រៅពីផលអវិជ្ជមានតិចតួច លោកអ្នកទទួលបានអំណោយផលក្នុងការមើលយល់ស្ថានការណ៍បានយ៉ាងលឿន ហើយមានលទ្ធភាពដោះស្រាយបញ្ហដោយសន្តិវិធី។

ចំណាំៈ

ឆ្នាំទាំង៤ ថោះ ម្សាញ់ មមែ រកា រាសីឡើងខ្ពស់ត្រដែតក្នុងថ្ងៃនេះ ។

សំណាងល្អ ទ្រព្យសម្បត្តិ ដំណែងការងារ និងពេលវេលាល្អៗ នឹងកើតឡើងចំពោះលោកអ្នក។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner