ខេត្តស្ទឹងត្រែង បានកំណត់យកអគារ នៃមជ្ឈមណ្ឌលគរុកោសល្យភូមិភាគស្ទឹងត្រែង ធ្វើជាកន្លែងសម្រាប់ពិនិត្យ និងព្យាបាលពលរដ្ឋណា ដែលសង្ស័យកើតជម្ងឺកូរ៉ូណាវីរុស កូវីដ១៩ COVID-19 !

អត្ថបទដោយ៖
Kien Sereyvuth

ខេត្តស្ទឹងត្រែង៖ ការសម្រេចជ្រើសរើសយកអគារ នៃមជ្ឈមណ្ឌលគរុកោសល្យ ភូមិភាគស្ទឹងត្រែង ធ្វើជាកន្លែងសម្រាប់ពិនិត្យ និងព្យាបាលជុម្ងឺកូវីដ១៩ របស់អភិបាលខេត្ត និងជាប្រធានគណៈកម្មការបង្ការ និងទប់ស្កាត់ជំងឺកូវីត១៩ ខេត្តស្ទឹងត្រែង លោក ម៉ុម សារឿន គឺនៅគ្រាដែលលោក បានដឹកនាំក្រុមការងាថ្នាក់ខេត្ត ក្រុង ស្រុក មន្ទីរ និងអង្គភាពពាក់ព័ន្ធ ចុះទៅពិនិត្យទីតាំងនោះ កាលពីថ្ងៃទី២៣មីនាឆ្នាំ២០២០។ ដែលអគារ នៃមជ្ឈមណ្ឌលគរុកោសល្យ ភូមិភាគស្ទឹងត្រែងនោះ គឺជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។

ប្រធានគណៈកម្មការបង្ការ និងទប់ស្កាត់ជម្ងឺកូវីត១៩ ខេត្តស្ទឹងត្រែង លោក ម៉ុម សារឿន បានមានប្រសាសន៍ថា ការសម្រេចជ្រើសរើសយក អគារមជ្ឈមណ្ឌលគរុកោសល្យនេះ មកធ្វើជាកន្លែងត្រៀមប្រើប្រាស់ពិនិត្យ ថែទាំ និងព្យាបាលជម្ងឺកូរ៉ូណាវីរុស (COVID-19) ព្រោះទីនេះមានបរិវេណធំទូលាយ និងមានផាសុខភាព ហើយនៅឃ្លាតឆ្ងាយពីទីប្រជុំជន ងាយស្រួលក្នុងការពិនិត្យ ព្យាបាល និងក៏ដើម្បីបញ្ចៀសបាន នូវការចម្លងនៅក្នុងសហគមន៍ ដែលកើតឡើងជាយថាហេតុ ផងដែរ។

លោកអភិបាលខេត្តស្ទឹងត្រែង មានប្រសាសន៍ទៀតថា នៅរយៈកាលកន្លងមក រដ្ឋបាលខេត្ត បានបង្កើតក្រុមការងារប្រយទ្ធប្រឆាំង នឹងជំងឺដ៏កាចសាហាវមួយនេះ ព្រមទាំងបានជំរុញដល់មន្ទីរ អង្គភាពដែលពាក់ព័ន្ធ ពិសេស មន្ទីរសុខាភិបាល ដែលជាសេនាធិការឲ្យរដ្ឋបាលខេត្ត ត្រូវធ្វើយ៉ាងណាដាក់ចេញនូវទិសដៅ ដោយបន្តលើកកម្ពស់អនុវត្តន៍យ៉ាងសកម្ម តាមការណែនាំរបស់ រាជរដ្ឋាភិបាល ដើម្បីបង្ការ ទប់ស្កាត់ ប្រឆាំងនឹងការរីករាលដាល នៃជម្ងឺកូរ៉ូណាវីរុស ឬកូវីដ១៩ (COVID-19) ប្រភេទថ្មី ដែលកំពុងកើតមានជាសកល ត្រូវយកចិត្តទុកដាក់ណែនាំ អប់រំ ប្រជាពលរដ្ឋ អំពី វិធានការនានា ក្នុងការបង្ការ និងទប់ស្កាត់ការឆ្លងមេរោគ(COVID-19)ឲ្យបានទាន់ពេលវេលា។

លោក ម៉ុម សារឿន បានបញ្ជាក់ថា គិតមកដល់ពេលនេះ ខេត្តស្ទឹងត្រែង នៅពុំទាន់មានប្រជាពលរដ្ឋណាម្នាក់ បានឆ្លងជំងឺកូវីដ១៩ នេះនៅឡើយទេ។ ប៉ុន្តែ ទន្ទឹមនេះ មន្ត្រីរាជការគ្រប់ស្ថាប័នរដ្ឋ និងប្រជាពលរដ្ឋគ្រប់មូលដ្ឋាន ត្រូវអនុវត្តន៍ នូវវិធានការ ៣សំខាន់ៗ គឺ វិធានការបង្ការ វិធានការអនាម័យ និងវិធានការចត្តាឡីស័ក ដែលណែនាំដោយក្រសួងសុខាភិបាល ព្រមទាំងបង្កើន និងពង្រឹងការអនុវត្តន៍វិធានការទាំងនេះ នៅតាមបណ្ដាអង្គភាពរដ្ឋ ឯកជន រោងចក្រ និងសហគ្រាសទាំងអស់ នៅក្នុងខេត្តស្ទឹងត្រែង អោយបានខ្ជាប់ខ្ជួន ការថែរក្សាសុខភាពខ្លួនឯង គឺជាការចូលរួមចំណែក ថែរក្សាសុខភាពក្រុមគ្រួសារអ្នក និងអ្នកឯទៀត៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner