អភិបាលខេត្តព្រះវិហារ បានដាក់ចេញនូវវិធានការយ៉ាងម៉ឹងម៉ាត់ ក្នុងការបង្ការ ទប់ស្កាត់ និងការព្យាបាលជម្ងឺកូវីដ១៩ (COVID-19) ដែលកំពុងតែឆ្លងរីករាលដាល នៅក្នុងគ្រាបច្ចុប្បន្ន !

អត្ថបទដោយ៖
Kien Sereyvuth

ខេត្តព្រះវិហារ៖ អភិបាលខេត្ត និងជាប្រធានគណៈកម្មការ ប្រយុទ្ធប្រឆាំងនឹងជម្ងឺកូរ៉ូណាវីរុស COVID-19 លោក ប្រាក់ សុវណ្ណ បានដឹកនាំក្រុមការងារ ចុះទៅកាន់ទីតាំងចំនួន ៣ក្នុងខេត្ត ដើម្បីពិនិត្យរកទីតាំងសមរម្យ ក្នុងការកំណត់យកមកធ្វើជាកន្លែង សម្រាប់ពិនិត្យ និងព្យាបាលពលរដ្ឋណា ដែលរងការសង្ស័យថា មានផ្ទុកជំងឺកូវីដ១៩នោះ។

នៅក្នុងការចុះទៅកាន់ទីតាំងសំខាន់ៗចំនួន ៣ នៅក្នុងខេត្ត របស់គណៈកម្មការប្រយុទ្ធប្រឆាំងនឹងជម្ងឺកូរ៉ូណាវីរុស COVID-19 ខេត្តព្រះវិហារ នោះ ក៏មានការអញ្ជើញចូលរួមពី ប្រធានក្រុមប្រឹក្សាខេត្តលោក ឡុង សុវណ្ណ ថ្នាក់ដឹកនាំខេត្ត ក្រុង ស្រុក សមាជិក សមាជិការ នៃគណៈកម្មការ ប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ១៩ថ្នាក់ខេត្ត មន្ទីរ និងអង្គភាពពាក់ព័ន្ធនានា ជាច្រើនរូប ដែលបានប្រព្រឹត្តទៅ នៅថ្ងៃទី២៣មីនាឆ្នាំ២០២០។

ចំពោះទីតាំងទាំង៣ ដែលត្រូវត្រួតពិនិត្យនោះ គឺ ១.មណ្ឌលសុវត្ថិភាពតាកឹង ស្ថិតនៅភូមិថ្នល់បែក ឃុំថ្មី ស្រុកគូលែន, ២.មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តព្រះវិហារ ស្ថិតនៅភូមិដំណាក់ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ និង ៣.សណ្ឋាគារហ្គ្រីនផាលែស ស្ថិតនៅភូមិអណ្តូងពោធិ៍ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ ។

ក្រោយការពិនិត្យរួចនោះ គណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ខេត្ត បានជ្រើសរើស និងកំណត់យកពីរទីតាំង មកធ្វើជាកន្លែងពិនិត្យ និងព្យាបាលអ្នកផ្ទុកជម្ងឺកូវីដ១៩ ដោយមានការសហការណ៍ និងឯកភាពពីម្ចាស់ទីតាំងទាំងនោះ គឺ ១.សណ្ឋាគារហ្គ្រីនផាលែស និង ២.មណ្ឌលសុវត្ថិភាពតាកឹង ដែលជាការដាក់ចេញ នូវវិធានការចំពោះមុខ ដើម្បីឆ្លើយតបទៅនឹងស្ថានការណ៍ នៃការរីករាលដាលជម្ងឺកូវីដ-១៩ ដែលកំពុងកើតមាន នាពេលបច្ចុប្បន្ន នៅក្នុងប្រទេសកម្ពុជា នៅក្នុងតំបន់ និងនៅលើសកលលោក។

អភិបាលខេត្ត និងជាប្រធានគណៈកម្មការ ប្រយុទ្ធប្រឆាំងនឹងជម្ងឺកូរ៉ូណាវីរុស COVID-19 ខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ មានប្រសាន៍ថា រហូតមកដល់ពេលនេះ នៅក្នុងប្រទេសកម្ពុជា មានអ្នកឆ្លងជម្ងឺកូវីដ-១៩ ចំនួន ៨៦នាក់ នៅតាមបណ្ដារាជធានី-ខេត្ត ចំនួន ១៣ ហើយក្នុងនោះ ខេត្តព្រះវិហារ ក៏មានអ្នកឆ្លងជម្ងឺកូវីដ-១៩ ចំនួន ២នាក់រួចមកហើយ ដែលយើងមិនត្រូវធ្វេសប្រហែសនោះទេ គឺត្រូវតែមានវិធានការ ការពារឲ្យបានម៉ឺងម៉ាត់ ដើម្បីបង្ការ ទប់ស្កាត់នូវការឆ្លងរាលដាលនៃជម្ងឺនេះ និងបន្តអនុវត្តន៍ឲ្យកាន់តែសកម្មថែមទៀត នូវការផ្សព្វផ្សាយអប់រំណែនាំឲ្យកាន់តែទូលំទូលាយ និងផុលផុស ជូនប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋានទូទាំងខេត្ត នូវវិធានការបង្ការ វិធានការអនាម័យ និងវិធានការចត្តាឡីស័ក ដែលណែនាំដោយក្រសួងសុខាភិបាល ព្រមទាំងបង្កើន និងពង្រឹងការអនុវត្តវិធានការទាំងនេះ នៅតាមបណ្ដាអង្គភាពរដ្ឋ ឯកជន និងរោងចក្រ សហគ្រាសទាំងអស់នៅក្នុងខេត្ត ផងទៀត។

លោកអភិបាលខេត្ត បានមានប្រសាសន៍ បញ្ជាក់ថា ចំពោះបងប្អូនប្រជាពលរដ្ឋ ដែលទើបវិលត្រឡប់មកពីធ្វើការ នៅក្នុងប្រទេសថៃ ឬ ប្រទេសផ្សេងៗទៀត អាជ្ញាធរខេត្ត បានធ្វើការណែនាំដល់ គណៈកម្មការខេត្តព្រះវិហារ ជាពិសេស អាជ្ញាធរមូលដ្ឋាន ត្រូវតាមដាន និងក្ដាប់ឲ្យបានច្បាស់លាស់ នូវស្ថិតិប្រជាពលរដ្ឋ ដែលបានចូលមកដល់មូលដ្ឋាន និងរាយការណ៍ជាប្រចាំថ្ងៃ មករដ្ឋបាលខេត្ត ដើម្បីអប់រំ ណែនាំដល់ពួកគាត់ឲ្យបានយល់ និងអនុវត្តឲ្យបានខ្ជាប់ខ្ជួន អំពី វិធានការ នៃការដាក់ខ្លួនឯង«ពលរដ្ឋអ្នកមានផ្ទុកជម្ងឺកូវីដ១៩»ឲ្យនៅដាច់ដោយឡែក ក្នុងរយៈពេល១៤ថ្ងៃ នៅតាមផ្ទះ ជាលក្ខណៈបុគ្គល ហើយក្នុងករណីមានការសង្ស័យ ត្រូវនាំគាត់ទៅពិនិត្យ និងព្យាបាល នៅឯមន្ទីរពេទ្យបង្អែកខេត្ត ជាបន្ទាន់។ លោកបានអំពាវនាវ ដល់មន្ត្រីរាជការ និងពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ត្រូវបង្កើនការអនាម័យឲ្យបានជាប្រចាំ ដើម្បីរួមគ្នាទប់ស្កាត់ជម្ងឺកូវីដ១៩ និងក៏ដើម្បីសុខភាពខ្លួនឯង និងសុខភាពអ្នកដទៃ ផងដែរ៕ ដោយ៖ ឡុង សំបូរ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner