នៅសហរដ្ឋអាម៉េរិក ចំនួនសរុបនៃស្លាប់ដោយសារវីរុស COVID-19 កើនឡើងដល់៥២០នាក់ ក្រោយអ្នកជម្ងឺ១០០នាក់ទៀតបានស្លាប់

អត្ថបទដោយ៖
Kien Sereyvuth

សហរដ្ឋអាម៉េរិក៖ មន្រ្តីសុខាភិបាលរដ្ឋបានរាយការណ៍ពីអ្នកជំងឺស្លាប់ដោយសារមេរោគ COVID-19 ចំនួន១០១នាក់បន្ថែមទៀត ដែលប្រការនេះធ្វើឱ្យចំនួនសរុបនៃមនុស្សបាត់បង់ជីវិតនៅទូទាំងសហរដ្ឋអាម៉េរិក បន្តកើនឡើងដល់៥២០នាក់ នេះបើតាមសារព័ត៌មាន CNN នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ ។

ទន្ទឹមគ្នា អនុប្រធានាធិបតីអាម៉េរិកលោក ម៉ៃក៍ ភែន បានលើកឡើងថា រហូតមកទល់នឹងពេលនេះ សហរដ្ឋអាម៉េរិកបានធ្វើតេស្តលើមនុស្សសរុប៣១ម៉ឺន៣ពាន់នាក់ ដើម្បីរកមើលអ្នកផ្ទុកមេរោគ COVID-19 ក្នុងនោះជាង៤ម៉ឺន១ពាន់នាក់ចេញលទ្ធផលវិជ្ជមាន ។

ជាវិធានការទប់ស្កាត់បន្ទាន់ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានប្រកាសថា ទីភ្នាក់ងារសង្គ្រោះបន្ទាន់នៃសហព័ន្ធអាម៉េរិក (FEMA) នឹងបរិច្ចាគម៉ាសប្រភេទ N95 ប្រមាណ៨លាន និងឧបករណ៍វេជ្ជសាស្ត្រមួយចំនួនទៀត ទៅកាន់ក្រុមជំនាញទប់ស្កាត់វីរុស COVID-19 ដើម្បីបំពេញភារកិច្ចនៅតាមតំបន់ ដែលមានផ្ទុះករណីឆ្លងខ្លាំងក្លាបំផុតដូចជា រដ្ឋធានីវ៉ាស៊ីនតោន ទីក្រុងញូយ៉ក និងរដ្ឋកាលីហ្វរញ៉ា ជាដើម ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner