អធិការបតីអាល្លឺម៉ង់មិនមានផ្ទុកវីរុស Covid-19 ទេ បន្ទាប់ពីការធ្វើតេស្តលើកដំបូង

អត្ថបទដោយ៖
Kien Sereyvuth

អាល្លឺម៉ង់៖ អធិការបតីអាល្លឺម៉ង់ លោកស្រី អាន់ជែលឡា មឺគែល មិនមានផ្ទុកវីរុស COVID-19 នោះទេ បន្ទាប់ពីលទ្ធផលធ្វើតេស្តលើកដំបូងបានបង្ហាញថា លោកស្រីអវិជ្ជមាន នេះបើតាមសារព័ត៌មានចិន CGTN នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ ។

ការធ្វើតេស្តរកមេរោគ COVID-19 របស់លោកស្រី មឺគែល ត្រូវបានធ្វើឡើងបន្ទាប់ពីលោកស្រីបានទទួលការចាក់វ៉ាក់សាំងការពារជំងឺរលាកសួតពីវេជ្ជបណ្ឌិតម្នាក់ កាលពីថ្ងៃទី២០ ខែមីនានេះ ដែលក្រោយមកត្រូវបានគេធ្វើតេស្ដរកឃើញផ្ទុកវីរុស COVID-19 ។ ទន្ទឹមគ្នា អ្នកនាំពាក្យរបស់លោកស្រីបានបញ្ជាក់ថា លោកស្រីនឹងបន្តធ្វើការពីផ្ទះ ហើយនឹងទទួលការធ្វើតេស្ដសុខភាពជាបន្តបន្ទាប់នៅប៉ុន្មានថ្ងៃខាងមុខទៀតនេះ ។

សូមរំលឹកថា លោកស្រី អាន់ជែលឡា មឺគែល នៅថ្ងៃទី២២ ខែមីនានេះ ក៏បានប្រកាសដាក់ចេញវិធានការថ្មីផងដែរ ដោយហាមឃាត់ការជួបជុំមនុស្សច្រើនជាង ២នាក់ឡើងទៅ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងវីរុស COVID-19 ។ បើតាមតួលេខចុងក្រោយនោះ នៅអាល្លឺម៉ង់មានអ្នកឆ្លងជំងឺផ្លូវដង្ហើមថ្មីនេះ សរុបកើនឡើងដល់២ម៉ឺន៣ពាន់៩៧៤ករណី ក្នុងនោះមានអ្នកជម្ងឺ៨៤នាក់បាត់បង់ជីវិត ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner