ប្រធានាធិបតីកោះតៃវ៉ាន់អរគុណសហរដ្ឋអាមេរិកសម្រាប់ជំនួយវ៉ាក់សាំង និងថា ជំនួយនេះនឹងជួយបង្កើនយុទ្ធនាការប្រយុទ្ធប្រឆាំងជាមួយកូវីដ-១៩របស់ខ្លួន
តៃប៉ិ៖ បន្ទាប់ពីការមកដល់នៃវ៉ាក់សាំង Moderna ចំនួន២.៥លានដូស ប្រធានា ធិបតីកោះតៃវ៉ាន់លោកស្រី ត្សៃ អ៊ីនវិន (Tsai Ing-wen) បានបង្ហោះសារនៅលើបណ្តាញសង្គមធ្វីតធើ ដោយបានអរគុណដល់សហរដ្ឋអាមេរិកចំពោះការបង្ហាញពីកាយវិការនៃភាពជាមិត្ត ហើយថា ជំនួយវ៉ាក់សាំងទាំងនេះ នឹងមានដំណើរវែងឆ្ងាយឆ្ពោះទៅរកសុវត្ថិភាព និងសុខភាពរបស់កោះតៃវ៉ាន់ ។
សហរដ្ឋអាមេរិកបានបញ្ជូនវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ចំនួន២,៥លានដូស ទៅកាន់កោះតៃវ៉ាន់កាលពីថ្ងៃសៅរ៍សប្តាហ៍មុននេះ ដោយលើសចំនួនវ៉ាក់សាំងដែលរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបានសន្យាផ្តល់កាលពីមុនដល់ទៅជាងបីដង ។ វ៉ាក់សាំង Moderna ខាងលើនេះ បានដឹកជញ្ជូនតាមជើងហោះហើរពីសហរដ្ឋអាមេរិកទៅដល់កោះតៃវ៉ាន់កាលពីល្ងាចថ្ងៃអាទិត្យម្សិលមិញ ។
គួរកត់សម្គាល់ សហរដ្ឋអាមេរិក និងចិនត្រូវបានគេមើលឃើញថា កំពុងប្រជែងគ្នាដណ្ដើមឥទ្ធិពលភូមិសាស្រ្តនយោបាយតាមរយៈវ៉ាក់សាំងការទូត ។ អាមេរិកកាលពីដំបូងឡើយ បានប្រកាសផ្ដល់វ៉ាក់សាំង COVID-19 ឱ្យកោះតៃវ៉ាន់ត្រឹមតែ ៧៥ម៉ឺនដូសប៉ុណ្ណោះ ក៏ប៉ុន្តែចំនួននេះត្រូវបានបង្កើនបីដងរហូតដល់២.៥លានដូស ៕ ប្រភព៖ Reuters