ថៃអនុញ្ញតអោយភ្ញៀវទេសចរធ្វើដំណើរទៅលេងកោះភូកេត ដោយមិនចាំបាច់ធ្វើចត្តាឡីស័ក ដែលនេះជាគម្រោងសាកល្បងជំហានដំបូង
ថៃ៖ នៅថ្ងៃអង្គារ៍នេះ អាជ្ញាធរថៃបានអនុញ្ញាតសម្រាប់ដំណើរទេសចរណ៍ដោយមិនចាំបាច់ធ្វើចត្តាឡីស័កដល់ភ្ញៀវទេសចរនៅឆ្នេរខ្សាច់ដ៏ល្បីភូកេត ដែលនេះជាជំហានទី១ ឆ្ពោះទៅរកការបើកគោលដៅទេសចរណ៍ដ៏សំខាន់របស់ប្រទេសខ្លួន ក្រោយជួបវិបត្តិសេដ្ឋកិច្ចដោយសារជំងឺកូវីដ១៩ ។
ឧស្សាហកម្មទេសចរណ៍សំខាន់ដ៏ធំ បានស្ថិតនៅដំណាក់កាលបើកសាកល្បងតាំងពីខែមីនា នៅពេលរដ្ឋាភិបាលថៃបានដាក់ចេញគម្រោងហៅថា «ប្រអប់ខ្សាច់ភូកេត ឬ Phuket Sandbox” ដើម្បីអនុញ្ញាតឲ្យភ្ញៀវទេសចរដែលបានចាក់វ៉ាក់សាំងរួចរាល់ចូលទៅក្នុងប្រទេសថៃដោយពុំចាំបាច់ធ្វើចត្តាឡីស័កឡើយ ។ ប៉ុន្តែបន្ទាប់ពីរលកកូវីដ-១៩លើកទី៣បានផ្ទុះខ្លាំងឡើងក្នុងខែមេសា គម្រោងនេះមិនដំណើរការឡើយ ។
យ៉ាងណាមិញ នៅថ្ងៃអង្គារ៍សប្តាហ៍នេះ មុនពេល៨ថ្ងៃនៃការចាប់ផ្តើមជាផ្លូវការមកដល់នោះ អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក Anucha Burapachaisri បាននិយាយថា ខុទ្ទកាល័យនាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អ៊ូចា បានបើកភ្លើងខៀវលើគម្រោងនេះហើយ ។ ប្រសិនបើគម្រោងប្រអប់ខ្សាច់ដំណើរការដោយរលូននោះ អាជ្ញាធរនឹងអនុវត្តនៅតំបន់ទេសចរណ៍ផ្សេងទៀតដូចជា ក្រាពី និងកោះសាមុយជាដើម ៕ ប្រភព៖ AFP