លោក ប្រាជ្ញ ច័ន្ទ ត្រៀមឡើងកាន់តំណែងគជប ចាប់ពីថ្ងៃទី៣០មិថុនា (Video Inside)
ប្រធានថ្មីនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ប្រាជ្ញ ច័ន្ទ ត្រៀមនឹងចូលកាន់តំណែងចាប់ពីថ្ងៃទី ៣០មិថុនាខាងមុខនេះហើយ។
លោក ប្រាជ្ញ ច័ន្ទ ក្រោយការអនុម័តដោយមានសម្លេងគាំទ្រទាំងស្រុងពីរដ្ឋសភា លោកបានចូលស្បថក្នុងព្រះបរមរាជវាំងនារសៀលថ្ងៃព្រហស្បតិ៍ទី២៥មិថុនាសប្តាហ៍កន្លងមកនេះ។ មន្ត្រីនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ឌឹម សុវណ្ណារុំ ត្រូវបានគេដកស្រង់សម្តីដែលបញ្ជាក់នៅ ថ្ងៃនេះថា លោក ប្រាជ្ញ ច័ន្ទ នឹងត្រូវចូលកាន់តំណែងជាប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ចាប់ពី ថ្ងៃទី៣០មិថុនាចុងខែនេះទៅ។
លោកប្រាជ្ញ ច័ន្ទ គឺជាអតីតមន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ចន្លោះពីឆ្នាំ១៩៩១ ដល់២០០១, ជាអភិបាលខេត្តបាត់ដំបងរវាងពីឆ្នាំ២០០១ ដល់២០១៣, ជាអភិបាលខេត្តត្បូងឃ្មុំពីឆ្នាំ២០១៤ ដល់ឆ្នាំ២០១៧ និងជាតំណាងរាស្រ្តនិងជាប្រធានគណៈកម្មការទី១នៃរដ្ឋសភា ដែលទទួលបន្ទុកគណៈកម្មការ សិទ្ធិមនុស្ស, ទទួលពាក្យបណ្តឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា ពីឆ្នាំ២០១៧ រហូតដល់ក្លាយជាប្រ ធានថ្មីនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនេះ។