អគ្គលេខាធិការរងសហព័ន្ធកីឡាវាយកូនគោល បញ្ជាក់ថា ឆ្នាំក្រោយគ្រោងរៀបចំពានយុវជនអាយុក្រោម១៨ឆ្នាំ អោយបាន៤ដងក្នុងឆ្នាំ
អគ្គលេខាធិការរងសហព័ន្ធកីឡាវាយកូនគោល ឯ ឧ ស៊ឹម ស៊ូយុង បញ្ជាក់ថា ឆ្នាំក្រោយគ្រោងរៀបចំពានយុវជនអាយុក្រោម១៨ឆ្នាំ អោយបាន៤ដងក្នុងឆ្នាំ ដោយ៣ខែធ្វើម្តង ដើម្បីធ្វើតេសសមត្ថភាពយុវជនតាមបណ្តាក្លិបកូនគោល ទូទាំងព្រះរាជាណាចក្រកម្ពុជា បានផ្លាស់បទពិសោធន៍ និងបច្ចេកទេស និងស្វែងរកធនធានកីឡាករ កីឡាការិនី សម្រាប់ត្រៀមដណ្តើមមេដាយពីព្រឹត្តការណ៍ ស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ នៅកម្ពុជា ។
អគ្គលេខាធិការរងរូបនេះ បន្ថែមទៀតថា ៣ខែទៀតសហព័ន្ធនឹងរៀបចំទៀត ប៉ុន្តែពង្រីកវិសាលភាពការប្រកួតឲ្យកាន់តែធំជាងនេះ ដើម្បីគៀរគរយុវជនកីឡាវាយកូនគោល ឲ្យចូលរួមកាន់តែច្រើន ក្នុងចក្ខុវិស័យផលលិតធនធានកីឡាវាយកូនគោលវ័យក្មេង ដើម្បីបន្តវេនសម្រាប់ព្រះរាជាណាចក្រកម្ពុជាប្រជែងលើឆាកអន្តរជាតិ ។
ការប្រកួតកីឡាវាយកូនគោលមិត្តភាពយុវជនក្រោមអាយុ២០ឆ្នាំ ប្រចាំឆ្នាំ២០២០ ដែលរៀបចំ ដោយ សហព័ន្ធកីឡាវាយកូនគោលកម្ពុជា នៅលើទីលានវាយកូនគោល Royal Cambodia Phnom Penh Golf Club កប់ស្រូវ បានដំណើរការប្រកួតពេញមួយល្ងាច ជាលទ្ធផល កីឡាករ គិត ម៉េង មកពីក្លិប វាយកូនគោល ស៊ីធីហ្គោល ក្លាយជាជើងឯក ខណៈជើងឯករង កីឡាករ រិន ចាន់សុទ្ធារិទ្ធិ លេខ៣ កីឡាករ ម៉េង ខេវិន. លេខ៤ កីឡាករ ដាវុធ វីល្លី និងលេខ៥ កីឡាករ ណែត ផាន់ណាវង្ស ។
សូមបញ្ជាក់ថា ការប្រកួតកីឡាវាយកូនគោល មិត្តភាពយុវជនអាយុក្រោម២០ឆ្នាំ លើកទី១ ឆ្នាំ២០២០ ដែលសហព័ន្ធរៀបចំឡើងនេះ មានកីឡាករ កីឡាការិនី ចំនួន៣០នាក់ចូលរួម ក្នុងនោះមានកីឡាករ កីឡាការិនីបរទេសចំនួន១២នាក់ ៕