សាវតារលើជញ្ជាំង ភាគទី១: មហាភារតយុទ្ធ 

នៅប្រាសាទអង្គរវត្ត ផ្ទាំងខាងលិចចំហៀងខាងត្បូង មានផ្ទាំងចម្លាក់ដែលរៀបរាប់អំពីរឿង មហាភារតយុទ្ធដែលជារឿងចម្បាំងដ៏ធំមួយ ប្រហែលគ្នានឹងរឿងរាមកេរ្ដិ៍ដែរ។ 

មហាភារតយុទ្ធ ជារឿងបុរាណកើតឡើងក្នុងប្រទេសឥណ្ឌា មុនរឿងរាមកេរ្ដិ៍ទៅទៀត តែរឿងនេះ ត្រូវបានកំបាំងបាត់ទៅជាយូរមកហើយ។ ប៉ុន្តែ​ ដោយសារនៅសម័យដើម ខ្មែរយើងជាអ្នកដែលចេះដឹងរឿងនេះប្រាកដ ទើបឆ្លាក់រឿងនេះ នៅប្រាសាទអង្គរវត្ត។

ការទស្សនាប្រាសាទអង្គរវត្ត គឺត្រូវចាប់ផ្ដើមពីថែវនេះ (ខាងលិចចំហៀងខាងត្បូង)។ យើងយកថែវមហាភារតៈ ធ្វើជាដើមទី សម្រាប់រៀបទិសដៅទស្សនា ដោយទុកកំពូលប្រាសាទខាងលើនៅខាងបេះដូងយើង។ ចម្លាក់នេះ ជាទីវគ្គ១ នៅក្នុងមហាគម្ពីរមហាភារតៈ។

រូបស្ដេចដែលសុគត​ដោយសារត្រូវព្រួញគឺ ព្រះបាទភិស្មៈ ជាជីតារបស់ក្រុមគ្រួសារនៃស្ដេចទាំងពីរដែលធ្វើសង្គ្រាម មានឈ្មោះ ទុរយោជន៍ នៃកុលសម្ព័ន្ធបាណ្ឌវ និងអរជុន នៃកុលសម្ព័ន្ធកុលល្វៈ។ ចំណែក ព្រះបាទភិស្មៈ គាត់នៅខាងកុលសម្ពន្ធនៃកុលល្វៈ ដែលកំពុងគ្រប់គ្រងរាជ្យសម្បត្តិ។ 

ដោយសារសង្គ្រាមមិនចេះចប់មិនចេះហើយ អូសបន្លាយយូររកចាញ់ឈ្មះមិនបញ្ចប់ ដូច្នេះក្រុមគ្រួសារស្តេចដែលធ្វើសង្គ្រាមទាំងពីរ ​ក៏បានទៅពឹងពាក់ស្ដេចជាសម្ពន្ធភាព រវាងក្រុមគ្រួសាររបស់ព្រះអង្គ គឺ ព្រះបាទក្រឹស្ណ នៃនគរមកធៈ។

ពេលនោះ ទុរយោជន៍បានទៅដល់មុន ហើយក៏អង្គុយទន្ទឹមនឹងក្បាលនឹងដំណេក ពេលដែលក្រឹស្ណកំពុ​ងតែផ្ទុំ។ អរជុន ពេលចូលទៅក្រោយ ក៏អង្គុយនៅចុងជើង។ ទាំងពីរនាក់គ្មាននរណាហ៊ានដាស់ ក្រឹស្ណ ឱ្យភ្ញាក់ឡើយ ដោយអង្គុយរងចាំឱ្យស្តេចភ្ញាក់ដោយខ្លួនឯង។​

នៅពេលដែលក្រឹស្ណ ភ្ញាក់ឡើង ព្រះអង្គបើកភ្នែកឃើញអរជូនមុនគេ ក៏បានសួរទៅថា “តើព្រះអង្គយាងមកទីនេះមានធុរៈអី? ប៉ុន្តែ  ទុរយោជន៍ គាត់​បានស្រែកថា “គាត់មកដល់មុន គាត់មានសិទ្ធិសុំនិយាយមុន”។ ដូច្នេះ ក្រឹស្ណផ្ដល់សិទ្ធិឲ្យទៅទុរយោជន៍ ហើយទុរយោជន៍បានស្នើសុំកងទ័ពទាំងអស់របស់ក្រឹស្ណ ដើម្បីទៅធ្វើ​សង្គ្រាម ទប់ទល់ជាមួយនឹងពួកកុលសម្ព័ន្ធបាណ្ឌវ។ ដោយឡែកតំណាងឲ្យបាណ្ឌវ គឺអរជុន ដែលអង្គុយនៅចុងជើងនោះ ក៏បានស្នើសុំថា “ទូលព្រះបង្គំអស់មានអីសុំហើយ ព្រោះខាងទុរយោជន៍ បានសុំកងទ័ពពីព្រះអង្គអស់ហើយ ដូច្នេះទូលបង្គំគឺមានតែសុំព្រះអង្គឲ្យទៅជួយធ្វើសង្គ្រាមតែប៉ុណ្ណោះ។

ក្រឹស្ណ បានស្ម័គ្រចិត្ត ចូលធ្វើសង្គ្រាមនៅទីនោះ ប៉ុន្តែលោកប្រាប់ថា សុំធ្វើជានាយសារថី។ ព្រោះនាយសារថីមិ​នកាន់អាវុធទេ ហើយគាត់ជាអ្នកបររទេះឲ្យក្រុមគ្រួសារបាណ្ឌវ។

ក្រុមគ្រួសារទាំងពីរប្រយុទ្ធគ្នា ហើយខាងកងទ័ពទុរយោជន៍ សុទ្ធតែជាកងទ័ពរបស់ស្ដេចក្រឹស្ណ សួរថា តើកងទ័ពរបស់ក្រឹស្ណ ហ៊ានបាញ់ព្រួញ ហ៊ានកាប់ដាវ ប៉ះពាល់ដល់ស្ដេចរបស់ខ្លួនទេ? គឺ

អត់ទេ! ដូច្នេះ កងទ័ពបាណ្ឌវ បានទទួលជោគជ័យ និងបានបញ្ចប់សង្គ្រាមកុរុក្សត្រនៅពេលនោះទៅ។ ព្រះរាជ្រសម្បត្តិ ក៏បានឲ្យទៅខាងបាណ្ឌវ ឡើងវិញ ហើយសាច់រឿងរបស់សង្គ្រាមកុរុក្សត្រ គឺចប់ត្រឹមប៉ុណ្ណឹង​។

សរុបសេចក្ដីមក សាច់រឿងនៅថែវខាងលិចស្លាបខាងត្បូង គឺនិយាយពីរឿងសង្គ្រាមកុរុក្សត្រ គឺតំណាងឲ្យក្រុមគ្រួសារនៃស្ដេចពីរក្រុម មួយតំណាងឲ្យអធម៌ និងមូយទៀតតំណាងដោយធម៌ ហើយ អធម៌ មិនអាចទទួលជោគជ័យលើ ធម៌ ជាដាច់ខាត៕

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner