សាស្ត្រាចារ្យប្រវត្តិសាស្ត្រ-បញ្ញវន្តស្រុកខ្មែរឆ្លើយតបទៅក្រុមបញ្ញវន្តរត់ចោលស្រុក៖ កម្ពុជាមានអធិបតេយ្យភាព និងបូរណភាពដែនដីពេញលេញ និងមិនអាចឱ្យបរទេសណារំលោភបំពានបានឡើយ
ភ្នំពេញៈសាស្ត្រាចារ្យប្រវត្តិសាស្ត្រ និងបញ្ញវន្តនៅក្នុងប្រទេសកម្ពុជា បានឆ្លើយតបទៅនឹងក្រុមបញ្ញវន្តរត់ចោលស្រុកមួយចំនួន ដែលបានលើកឡើងដោយគ្មានការពិតអំពីអធិបតេយ្យភាព និងបូរណភាពដែនដីរបស់កម្ពុជា។
លោកបណ្ឌិត ដៀប សុផល សាស្ត្រាចារ្យប្រវត្តិសាស្ត្រ និងទំនាក់ទំនងអន្តរជាតិបានមានប្រសាសន៍រម្លឹកថា ការនិយាយបែបនេះរបស់បញ្ញវន្តនៅក្រៅស្រុក គឺវាមានសោកដនាថកម្មម្តងរួចមកហើយ សោកនាដកម្មយ៉ាងធ្ងន់ធ្ងរដូចពួក ប៉ុល ពត អៀង សារី ខៀវ សំផនសុទ្ធតែនៅក្រៅស្រុកទាំងអស់ទៅរៀននៅបរទេស។ លោកបន្តថា លោកក៏ជានិស្សិតធ្លាប់នៅបរទេសដែរ តែងតែក្រឡេកមកស្រុកទេសវិញជាមួយនឹងក្តីស្រឡាញ់ ហើយការស្រឡាញ់ដ៏ធំធេងនេះវាឆាប់ឈឺចាប់ណាស់ នៅពេលដែលឮអ្វីមួយមកប៉ះពាល់ទៅលើមាតុភូមិរបស់យើង។ ហេតុដូច្នេះហើយបានជាក្រុមគណបក្សប្រឆាំងតែងយករឿងនេះធ្វើជាឧបករណ៍ ដើម្បីចាប់រំញោចនិស្សិត បញ្ញវន្តនៅបរទេស។ នៅបរទេសឆ្ងាយណាស់ ប៉ុន្តែរំញោចលឿន ពីព្រោះមិនបានឃើញច្បាស់។ ដូចពួក ប៉ុល ពត មិនមែន ប៉ុល ពត អត់ស្នេហាជាតិទេ ប៉ុន្តែឮសូរអ្វីគ្រប់បែបយ៉ាង នៅពេលដែលមកដល់ប្រទេសនាំយកនូវមនោគមន៍វិជ្ជារបស់លោកខាងលិច។ ខ្មែរមិនដែលស្គាល់កុម្មុយនីស្តទេ។ ទីបំផុតរុញប្រទេសកម្ពុជាទៅក្នុងភ្នក់ភ្លើងសង្គ្រាមទៅក្នុងរបបប្រល័យពូជសាសន៍ នេះដោយសារតែយល់សភាពការណ៍របស់ខ្មែរមិនច្បាស់។
ជាការឆ្លើយតបទៅនឹងក្រុមបញ្ញវន្តនៅក្រៅប្រទេស លោកបណ្ឌិត ដៀប សុផល បានលើកឡើងថាគ្រាន់តែឮ វាមិនគ្រប់គ្រាន់ទេ ត្រូវតែមើលឱ្យឃើញនៅផ្លូវដែលគណបក្សប្រជាជនកម្ពុជា បានតស៊ូតាំងពីរំដោះប្រជាជនចេញពីរបបប្រល័យពូជសាសន៍។ កសាងប្រទេសពីផេះផង់ ពីបាតដៃទទេរហូតដល់មានអ្វីៗដល់សព្វថ្ងៃនេះ។ គឺមិនមែនជារឿងមួយធម្មតាទេ។ លោកបណ្ឌិត បានបញ្ជាក់ថា “បើសិនជាយើងមិនតស៊ូទេ វៀតណាមគេត្របាក់យើងតាំងពីយូរហើយ។ នេះគឺជាការតស៊ូមួយដ៏ធំធេងណាស់”។
ជាមួយគ្នានេះ លោកបណ្ឌិត ដៀប សុផល បានផ្ញើសារទៅក្រុមបញ្ញវន្តនៅក្រៅប្រទេសថា “យើងស្រឡាញ់ជាតិ ស្រឡាញ់ទឹកដីដូចតែគ្នា។ អ៊ីចឹងអ្វីក៏ដោយ ត្រូវមើលឱ្យច្បាស់ គ្រាន់តែឮសូរសំឡេងគេនិយាយវាមិនប្រាកដទេ។ កុំឱ្យលង់ទៅតាមអ្វីដែលគេឃោសនា ពីព្រោះអ្វីៗ វាមានហេតុ និងផល ហើយទម្រាំមានថ្ងៃនេះ គឺយើងតស៊ូណាស់ ទម្រាំបានដូចថ្ងៃនេះ។ បើសិនជាយើងមិនតស៊ូមិនប្រឹងប្រែងទេ បាត់បង់តាំងពីយូរណាស់មកហើយ”។
លោក ឈួ កែវហ៊ានធាន
លោក ឈួ កែវហ៊ានធាន ប្រធានសមាគមនិស្សិតសាកលវិទ្យាល័យជាតិគ្រប់គ្រងបានប្រាប់ AMS ថាការយល់ឃើញរបស់បញ្ញវន្ត និងប្រជាពលរដ្ឋខ្មែរមួយចំនួននៅស្រុកក្រៅ គឺជាការយល់ឃើញរបស់បុគ្គលមួយៗ ឬក៏របស់ក្រុមមួយៗ ដែលវាជារឿងធម្មតានៅក្នុងស្រុកដែលមានប្រជាធិបតេយ្យ។ សម្រាប់លោក នៅក្នុងស្រុកខ្មែរវិញក៏មានការយល់ឃើញរបៀបមួយរបស់លោកផ្សេងពីក្រុមបញ្ញវន្តនៅក្រៅប្រទេស ព្រោះជាស្រុកប្រជាធិបតេយ្យក្នុងការបញ្ចេញមតិយោបល់ ក្នុងការនិយាយ ហើយការលើកឡើងរបស់បញ្ញវន្តខ្មែរនៅក្រៅប្រទេស ដូចជាចង់បំបែកខ្មែរធ្វើឱ្យខ្មែរឈ្លោះគ្នារវាងអ្នកនៅក្នុងស្រុក និងក្រៅស្រុកឥតឈប់ឈរ។ លោកបន្តថា មើលទៅពួកគាត់គិតថា គាត់នៅក្រៅប្រទេសជាអ្នកចេះ អ្នកដឹងតែម្តងហើយមើលមកបញ្ញវន្តនៅស្រុកខ្មែរដូចអត់ចេះសោះ។ បើបញ្ញវន្តនៅស្រុកខ្មែរមិនចេះ មិនមែនស្រុកខ្មែរមានការអភិវឌ្ឍន៍មកដល់ពេលនេះទេ។
ប្រធានសមាគមនិស្សិតរូបនេះបានបញ្ជាក់ថា “ប្រជាជនមានសិទ្ធិបោះឆ្នោតជូនគណបក្សណាដែលខ្លួនស្រឡាញ់ ហើយបក្សណាដែលមិនល្អ ថ្នាក់ដឹកនាំមិនល្អក្នុងការដឹកនាំប្រទេស គាត់មានសិទ្ធិអត់បោះឆ្នោតជូន។ តែផ្ទុយទៅវិញសម្រាប់គណបក្សប្រជាជនកម្ពុជា គឺប្រជាជនស្រឡាញ់គោលនយោបាយ និងការការពារបូរណភាពទឹកដី បានប្រជាជនបោះឆ្នោតជូនសម្តេចតេជោ ឬគណបក្សប្រជាជនកម្ពុជា ជាប់រាល់អាណត្តិ ដូចយើងបានឃើញទាំងអស់គ្នា។ ប្រជាជនក៏មានចំណេះដឹងក្នុងការជ្រើសរើសថ្នាក់ដឹកនាំក្នុងការដឹកនាំប្រទេសដែរ។ គណបក្សប្រជាជន ជាពិសេសរាជរដ្ឋាភិបាលបច្ចុប្បន្នកកើតឡើងដោយការបោះឆ្នោតពីប្រជាជនផងដែរ”។
លោក ហេង ឌីណា
ចំណែកលោក ហេង ឌីណា ប្រធានសមាគមនិស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានថ្លែងប្រាប់ AMS ថា ក្រុមបញ្ញវន្តខ្មែរនៅក្រៅប្រទេសមួយចំនួនតូច ដែលបានលើកឡើង គឺធ្វើប្រជាភិថុតិ និងចង់រំលើកឱ្យបញ្ញវន្តនៅស្រុកខ្មែរមិនពេញចិត្តអំពីការដឹកនាំរបស់រាជរដ្ឋាភិបាលនាពេលបច្ចុប្បន្ន។ តែធាតុពិតរាល់ថ្ងៃនេះ រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ គឺបានខិតខំប្រឹងប្រែងដឹកនាំនៅក្នុងប្រទេសទាំងគ្រប់វិស័យ ទាំងហេដ្ឋារចនាសម្ព័ន្ធក៏លោកបានកសាង ហើយក្នុងសម័យកូវីដនេះ សម្តេចតេជោ ហ៊ុន សែន មានទំនាក់ទំនងជាមួយរដ្ឋាភិបាលចិន និងបណ្តាប្រទេសផ្សេងៗ ដើម្បីទំនាក់ទំនងពាកព័ន្ធនឹងថ្នាំវ៉ាក់សាំងចាក់ជួនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។ លោកឃើញចំណុចវិជ្ជមានរបស់រាជរដ្ឋាភិបាលមានច្រើនណាស់ ដូចជា មានអណ្តូងប្រេងនៅខេត្តព្រះសីហនុ និងកន្លែងចម្រាញ់រ៉ែមាសនៅខេត្តមណ្ឌលគីរី។
ប្រធានសមាគមនិស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញបានបញ្ជាក់ថា “រឿងនេះផងដែរ ពួកគាត់ចេះតែប្រើប្រជាភិថុតិ ដើម្បីឲ្យអ្នកខាងក្នុងនេះ យល់ច្រឡំលើការដឹកនាំរបស់រាជរដ្ឋាភិបាល។ តាមអ្វីដែលខ្ញុំមើលឃើញជាក់ស្តែង ការដឹកនាំនាពេលបច្ចុប្បន្ននេះរបស់រាជរដ្ឋាភិបាលមានការរីកចម្រើនច្រើនណាស់ ទាំងគមនាគមន៍ ផ្លូវ ស្ពានច្រើនឆ្លងកាត់ទន្លេដែលពីសម័យមុនអត់បានគ្រប់ជ្រុងជ្រោយអ៊ីចឹងទេ”។
លោក ហេង ឌីណា បានបន្តថា អ្វីដែលក្រុមបញ្ញវន្តនៅក្រៅស្រុក បានលើកឡើងអំពីបញ្ហាអធិបតេយ្យភាពត្រឹមតែសម្រកក្រៅប៉ុណ្ណោះ ប៉ុន្តែរចនាសម្ព័ន្ធផ្ទៃក្នុងជាតិ គឺស្ថិតក្នុងការគ្រប់គ្រងរបស់បរទេសឈ្លានពានទាំងស្រុង គឺមិនមែនជាការពិតនោះទេ ហើយស្រេចតែមាត់ពួកគេនិយាយ ដើម្បីជាប្រយោជន៍បក្ខពួកខ្លួន និងប្រយោជន៍ផ្ទាល់ខ្លួនអត់គិតពីប្រយោជន៍ជារួម។ អ្វីដែលជារឿងសំខាន់ រាជរដ្ឋាភិបាលក៏ដូចជាសម្តេចតេជោនាយករដ្ឋមន្ត្រី គិតពីប្រយោជន៍ជាតិជាធំ ហើយពួកគេព្យាយាមនិយាយបំផ្លើសដើម្បីឱ្យមហាជនគាំទ្រខ្លួន៕
ដោយៈពលជ័យ