ក្រុមឧទ្ទាមនៅអេត្យូពី បានអះអាងថាខ្លួនបានបង្កើនការកាន់កាប់នៅ តំបន់ Tigray
មឹង ច័ន្ទសុម៉ានីតា
ជម្លោះរវាងរដ្ឋាភិបាល អេត្យូពីនិងកងកម្លាំងនៅតំបន់ Tigray ភាគខាងជើងរបស់អេត្យូពីបានធ្វើឱ្យប្រទេសនេះមានភាពវឹកវរអស់រយៈពេលជាច្រើនខែមកហើយ ដោយការប្រយុទ្ធគ្នានេះបាន បន្តចាប់តាំងពីខែ វិច្ឆិកាឆ្នាំ ២០២០ ដែលធ្វើឱ្យប្រទេសនៅស្នែងទ្វីបអាហ្វ្រិកនេះមានអស្ថិរភាព ហើយធ្វើឱ្យមនុស្សរាប់ពាន់នាក់ បានស្លាប់និង ៣៥០.០០០ នាក់ផ្សេងទៀតកំពុងរស់នៅក្នុងស្ថានភាពអត់ឃ្លាន។
កម្លាំងមកពីតំបន់ Tigray បាននិយាយកាលពីថ្ងៃចន្ទថាពួកគេកំពុងរុញច្រានកម្លាំងរបស់ រដ្ឋាភិបាលភាគខាងត្បូង ហើយដណ្ដើមបានទីក្រុងពីកម្លាំងរដ្ឋាភិបាលដោយបានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការបន្តប្រយុទ្ធ រហូតដល់ពេលព្រំដែនកាលពីមុនសង្គ្រាម ត្រូវបានស្តាឡើងវិញ។
ការអះអាងចូលដណ្ដើមនេះ គឺមិនអាចបញ្ជាក់ពីដោយឯករាជ្យនោះទេ ពីព្រោះទំនាក់ទំនងនៅតំបន់នេះមានការធ្លាក់ចុះ។ ជម្លោះបានផ្ទុះឡើងនៅតំបន់ Tigray កាលពី ៨ ខែមុន បន្ទាប់ពី នាយករដ្ឋមន្ត្រីអេត្យូពីលោក Abiy Ahmed បានបញ្ជូនកម្លាំងរដ្ឋាភិបាល ដើម្បីបង្ក្រាបការបះបោរមួយដោយក្រុមដ៏មានឥទ្ធិពលគឺរណសិរ្សរំដោះប្រជាជន Tigray (TPLF) ។
គណបក្សវិបុលភាព របស់លោកនាយករដ្ឋមន្ត្រី Ahmed បានឈ្នះការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ដែលបានធ្វើឡើងនាពេលថ្មីៗនេះ ដោយបានទទួលសំឡេងគាំទ្រលើសលប់ ធ្វើលោករឹតបន្តឹងការកាន់អំណាច។ រដ្ឋាភិបាលក៏បានប្រកាសជ័យជម្នះ បីសប្ដាហ៍ក្រោយពេលមានការដណ្តើម កាន់កាប់រដ្ឋធានីក្នុងតំបន់ Mekelle ប៉ុន្តែការប្រយុទ្ធនៅតែ បន្តធ្វើឱ្យមនុស្សរាប់ពាន់នាក់ស្លាប់និងជិត ២ លាន នាក់ត្រូវបានបង្ខំឲ្យចាកចេញពីផ្ទះរបស់ពួកគេ។
ប៉ុន្តែនៅថ្ងៃទី ២៨ ខែមិថុនា TPLF បានប្រកាសពី ការដណ្ដើមយកតំបន់ Mekelle ឡើងវិញហើយឥឡូវនេះបានអះអាងថានឹងគ្រប់គ្រងតំបន់ Tigray វិញដែលមានប្រជាជន ៧ លាននាក់។
អ្នកនាំពាក្យយោធាអេត្យូពី លោកវរសេនីយ៍ឯក Getnet Adane មិនបានធ្វើអត្ថាធិប្បាយអំពីអ្នកណាដែលគ្រប់គ្រង ទីក្រុងនោះទេ ប៉ុន្តែបាននិយាយនៅក្នុងសារជាអក្សរថា៖ «យើងបានប្រកាសបទឈប់បាញ់មួយ» ដោយសំដៅទៅលើបទឈប់បាញ់ឯកតោភាគី ដែលប្រកាសដោយរដ្ឋាភិបាលអេត្យូពីបន្ទាប់ពីកងទ័ពរបស់ខ្លួនបានដកចេញពីតំបន់ Mekelle ។ ក្រុមTPLF បានហៅបទឈប់បាញ់នេះ ថាជារឿងលេងសើច។
អ្នកនាំពាក្យរបស់លោកនាយករដ្ឋមន្រ្តី Ahmed និងជាប្រធានក្រុមការងាររបស់រដ្ឋាភិបាលលើ Tigray មិនបានឆ្លើយតបទៅនឹងការស្នើសុំការអត្ថាធិប្បាយបានទេ។
ជម្លោះនេះបានបង្ខំឱ្យប្រជាជនជិត ២ លាននាក់រត់ភៀសខ្លួនចេញពីផ្ទះ។ កាលពីដើមខែមុន អង្គការសហប្រជាជាតិបាននិយាយថា មានមនុស្សយ៉ាងតិច ៣៥០,០០០ នាក់ នៅតំបន់ Tigray កំពុងប្រឈមនឹងភាពអត់ឃ្លាន។ ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ កាលពីសប្តាហ៍មុនបានប៉ាន់ស្មានថាចំនួននេះអាចកើនដល់ ៩០០.០០០ នាក់។
កម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិ កាលពីថ្ងៃចន្ទបាននិយាយថាជំនួយមនុស្សធម៌ដំបូង ដែលបានទៅដល់ទីប្រជុំជន Tigray ក្នុងរយៈពេលពីរសប្ដាហ៍ចុងក្រោយនេះ បានទៅដល់តំបន់ Mekelle ហើយ។
ប្រភព៖
Rebels claim military gains in Ethiopia’s restive Tigray region
https://www.aljazeera.com/news/2021/7/12/forces-from-ethiopias-tigray-region-pushing-south-reuters