លោកវ៉ាង យី៖ ចិនប្រកាន់ជំហររឹងមាំប្រឆាំងនឹងការផ្លាស់ប្ដូររបបកាន់អំណាចនៅស៊ីរី
កាលពីថ្ងៃសៅរ៍នេះ ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិនលោកវ៉ាង យីវបាននិយាយថាក្រុងប៉េកាំងប្រឆាំងរាល់ការប៉ុនប៉ងជំរុញការផ្លាស់ប្ដូររបបនៅស៊ីរី ហើយនឹងបង្កើនកិច្ចសហប្រតិបត្តិការជាមួយក្រុងដាម៉ាសគូស លើគម្រោងហេដ្ឋារចនាសម្ព័ន្ធក្រវាត់ និងផ្លូវ និងការប្រយុទ្ធប្រឆាំងអំពើភេរវកម្ម។
លោកវ៉ាងបាននិយាយបែបនេះនៅក្នុងការជួបប្រជុំជាមួយប្រធានាធិបតីស៊ីរីលោកបាសា អាល់-អាសាដ ដែលជាផ្នែកមួយនៃទស្សនកិច្ចលើកទី ២ របស់លោកទៅកាន់មជ្ឈិមបូព៌ាក្នុងឆ្នាំនេះ។
បើយោងតាមសេចក្ដីថ្លែងការណ៍មួយរបស់ក្រសួងការបរទេសចិន លោកវ៉ាងបាននិយាយថា៖ «រាល់សកម្មភាពជ្រៀតជ្រែកនៅក្នុងប្រទេសស៊ីរីបានបរាជ័យក្នុងពេលកន្លងមក ហើយសកម្មភាពទាំងនេះនឹងមិនទទួលបានជោគជ័យនាពេលអនាគតឡើយ»។
លោកបានបន្ថែមទៀតថា៖ «ប្រទេសចិនគាំទ្រប្រទេសស៊ីរីយ៉ាងមុតមាំក្នុងការប្រយុទ្ធប្រឆាំងនឹងកម្លាំងភេរវកម្មគ្រប់រូបភាព ហើយមានឆន្ទៈពង្រឹងការទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដើម្បីជួយប្រទេសនេះបង្កើនសមត្ថភាពរបស់ខ្លួនក្នុងការប្រឆាំងនឹងអំពើភេរវកម្ម»។
ក្នុងការពិភាក្សាជាមួយលោកអាសដ លោកវ៉ាងបាននិយាយថាប្រទេសចិនស្វាគមន៍ការគាំទ្រដ៏រឹងមាំដោយគ្មានលក្ខខណ្ឌរបស់ប្រទេសស៊ីរី លើបញ្ហាដែលជាប់ទាក់ទងនឹងផលប្រយោជន៍ស្នូលរបស់ប្រទេសចិនដូចជាបញ្ហាក្រុងហុងកុង កោះតៃវ៉ាន់ និងតំបន់ស៊ីនជាំងជាដើម។ លោកក៏បាននិយាយថាក្រុងប៉េកាំងស្វាគមន៍ការចូលរួមរបស់ក្រុងដាម៉ាសគូសក្នុងគម្រោងក្រវាត់ និងផ្លូវ បន្ទាប់ពីរងការខូចខាតហេដ្ឋារចនាសម្ព័ន្ធយ៉ាងខ្លាំងដោយសារសង្គ្រាមស៊ីវិលមួយទសវត្ស។
ប្រទេសស៊ីរី គឺជាចំណតទីមួយនៃទស្សនកិច្ច ៤ ថ្ងៃ និង ៣ ប្រទេសរបស់លោកវ៉ាង ដោយលោកនឹងបន្តដំណើរទៅកាន់ប្រទេសអេហ្ស៊ីប និងអាល់ហ្សេរី។ កាលពីថ្ងៃសៅរ៍ លោកវ៉ាងក៏បាននិយាយតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសលោក Mohammad Javad Zarif ថាប្រទេសចិនបានត្រៀមខ្លួនរួចជាស្រេចដើម្បីពង្រឹងទំនាក់ទំនងជាមួយរដ្ឋាភិបាលអ៊ីរ៉ង់ថ្មី និងរួមគ្នាប្រឆាំងនឹងសកម្មភាពឯកតោភាគីនិយម និងការយាយី។
អ្នកវិភាគមួយចំនួនបានយល់ឃើញថាទស្សនកិច្ចនេះ ជាមួយនឹងទស្សនកិច្ចទៅប្រទេសមជ្ឈិមបូព៌ាចំនួន ៦ កាលពីខែមីនា បានបង្ហាញថាតំបន់មជ្ឈិមបូព៌ាបានក្លាយជាទិសដៅសំខាន់មួយនៃនយោបាយការទូតរបស់ប្រទេសចិន ដោយចិនបង្កើនចំណាប់អារម្មណ៍ក្នុងការប្រឆាំងអំពើភេរវកម្មនៅក្នុងតំបន់នេះ និងអាស៊ីកណ្ដាល ខណៈពេលដែលអាមេរិកដកវត្តមានមកផ្ដោតលើតំបន់ឥណ្ឌូ- ប៉ាស៊ីហ្វិកវិញ។
ដំណើរទស្សនកិច្ចនៅមជ្ឈិមបូព៌ារបស់លោកវ៉ាងបានកើតឡើងបន្ទាប់ពីលោកធ្វើដំណើរទស្សនកិច្ចទៅអាស៊ីកណ្ដាលកាលពីសប្ដាហ៍មុន ខណៈពេលដែលប្រទេសអាហ្វហ្គានីស្ថានកំពុងប្រយុទ្ធមួយតាលីបង់បន្ទាប់អាមេរិកសម្រេចដកខ្លួនចេញ៕