ប៉ុន្មានថ្ងៃមុនកីឡាអូឡាំពិក អត្តពលិកជាច្រើននាក់តេស្តវិជ្ជមានកូវីដ-១៩
ប៉ុន្មានថ្ងៃមុនព្រឹត្តិការណ៍កីឡាអូឡាំពិកគ្រោងនឹងចាប់ផ្តើម សមាជិកប៉ុន្មាននាក់ ដែលមកពីក្រុមបាល់ទាត់អូឡាំពិកនៃប្រទេសអាហ្វ្រិកខាងត្បូងបានធ្វើតេស្តវិជ្ជមានកូវីដ-១៩ បន្ទាប់ពីបានទៅដល់ភូមិអូឡាំពិកទីក្រុងតូក្យូ។
លោក Mxolisi Sibam អ្នកចាត់ការទូទៅសមាគមន៍បាល់ទាត់អាហ្វ្រិកខាងត្បូង បានឱ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃ អាទិត្យ ថា៖ «យើងរកឃើញករណីវិជ្ជមានចំនួន ៣ នៅក្នុងជំរំនៅទីនេះ អ្នកលេងពីរនាក់ និងមន្ត្រីម្នាក់»។
យោងតាមសមាគមបានឱ្យដឹងថា អត្តពលិកទាំងពីរគឺជាកីឡាករបាល់ទាត់លោក Thabiso Monyane និងលោក Kamohelo Mahlatsi និងមន្ត្រីវិភាគវីដេអូ លោក Mario Masha។ ពួកគេជាអត្តពលិកដំបូងគេ ដែលបានធ្វើតេស្តវិជ្ជមាននៅក្នុងភូមិកីឡានេះ។ ក្រុមកីឡានេះ បានចាកចេញពីអាហ្វ្រិកខាងត្បូងនៅថ្ងៃទី ១៣ ខែកក្កដា ហើយបានទៅដល់ទីក្រុងតូក្យូនៅថ្ងៃបន្ទាប់ ហើយលទ្ធផលតេស្តគឺ អវិជ្ជមាន។
សមាគមបាននិយាយថា មន្ត្រីវិភាគវីដេអូ បានធ្វើតេស្តវិជ្ជមានកាលពីថ្ងៃ ព្រហស្បតិ៍ ហើយបានធ្វើចត្តាឡីស័ក ដោយឡែកអត្តពលិកបានធ្វើតេស្តវិជ្ជមាននៅថ្ងៃ សុក្រ និងថ្ងៃ សៅរ៍។ ឥឡូវនេះ ក្រុមទាំងមូលកំពុងស្ថិតក្នុងការដាក់ឱ្យដាច់ដោយឡែកពីគ្នា រហូតដល់ស្ថានភាពល្អប្រសើរវិញ។
លោក Sibam បាននិយាយថា៖ «ឥឡូវនេះ យើងទាំងអស់គ្នាត្រូវធ្វើចត្តាឡីស័កមុននឹងហាត់សមសម្រាប់ថ្ងៃនេះ ដោយរង់ចាំលទ្ធផលនៅព្រឹកនេះ។ ស្ថានភាពអកុសលនេះ បានធ្វើឱ្យយើងខកខានវគ្គហ្វឹកហាត់ ហើយហាត់សងវិញយ៉ាងសកម្មកាលពីយប់មិញ»។
ករណីដំបូងនៅក្នុងភូមិកីឡា ត្រូវបានគេរកឃើញកាលពីថ្ងៃ សៅរ៍ ក្រោយពីបុគ្គលម្នាក់ (អាចមិនមែនជាអត្តពលិក) បានធ្វើតេស្តវិជ្ជមាន។ អ្នករៀបចំការប្រកួត បាននិយាយថា នៅខាងក្រៅភូមិអូឡាំពិកករណីទី ៣ ដែលជាអត្តពលិក ត្រូវបានគេរកឃើញកាលពីថ្ងៃ អាទិត្យ ប៉ុន្តែឈ្មោះ និងសញ្ជាតិនៃបុគ្គលនេះ មិនត្រូវបានបង្ហាញទេ។
កីឡាអូឡាំពិកទីក្រុងតូក្យូ ឆ្នាំ ២០២០ នឹងចាប់ផ្តើមនៅថ្ងៃ សុក្រ ប៉ុន្តែគេកំពុងព្រួយបារម្ភអំពីករណីវិជ្ជមានកូវីដ-១៩ ដែលកំពុងរីករាលដាល ដោយមកដល់បច្ចុប្បន្ន គេបានរកឃើញករណី ៥៥ ករណីហើយទាក់ទិននឹងព្រឹត្តិការណ៍កីឡានេះ រួមទាំងមន្ត្រី និងអ្នកម៉ៅការនានា។
សាធារណជនជប៉ុន ក៏ដូចជា អ្នកសង្កេតការណ៍អន្តរជាតិជាច្រើន បានសម្តែងការព្រួយបារម្ភ ចំពោះព្រឹត្តិការណ៍កីឡា ដែលនឹងដំណើរការទៅមុខ ខណៈដែលប្រទេសជប៉ុនកំពុងព្យាយាមទប់ស្កាត់ការរីករាលដាលនេះ។
ប្រទេសនេះ ត្រូវទទួលរងបទពិសោធន៍រលកទីពីរដ៏ធំ ចាប់តាំងពីខែ មីនា មក ហើយបន្តកើនឡើងខ្លាំងនៅខែ មេសា និងឧសភា ដោយរកឃើញករណីប្រចាំងថ្ងៃជិត ៦០០០ ករណី និង បានចាប់ផ្តើមធ្លាក់ចុះនៅក្នុងខែ មិថុនា ប៉ុន្តែបានកើនឡើងក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដែលធ្វើឱ្យមានការភ័យខ្លាចដល់ការមកដល់នៃក្រុមអត្តពលិកមកពីប្រមាណ ២០០ ប្រទេស ដែលអាចប្រែក្លាយព្រឹត្តិការណ៍ហ្គេមទៅជាការរីករាលដាលជាសកល។
លោក Thomas Bach ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) បាននិយាយថា គិតត្រឹមថ្ងៃ សុក្រ បុគ្គលអូឡាំពិកជាង ១៥.០០០ នាក់បានមកដល់ប្រទេសជប៉ុន និងស្នាក់នៅក្នុងភូមិអូឡាំពិក ដែលមានអគារលំនៅដ្ឋានចំនួន ២១ នឹងមានអត្តពលិកប្រមាណ ១១.០០០ នាក់។
លោក Bach បានទទួលស្គាល់ការរិះគន់អំពីការរៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិក អំឡុងពេលមានជំងឺរាតត្បាត ប៉ុន្តែក៏បានការពារវិធានការបង្ការដែលត្រូវបានអនុវត្ត។ លោក បាននិយាយនៅក្នុងស ន្និសីទសារព័ត៌មាន កាលពីថ្ងៃ សៅរ៍ ថា៖ «យើងដឹងច្បាស់ពីការព្រួយបារម្ភពីមនុស្សមួយចំនួន ដែលមកដល់ប្រទេសជប៉ុន ហើយការអំពាវនាវរបស់ខ្ញុំគឺ សុំឱ្យប្រជាជនជប៉ុនស្វាគមន៍ដល់អត្តពលិក ដែលបានមកដល់ ដើម្បីបំពេញកាតព្វកិច្ចរបស់ពួកគេផងដែរ»។
គួរបញ្ជាក់ផងដែរថា ទីក្រុងត្យូក្យូបានរកឃើញករណីកូវីដថ្មី ១ ករណី កាលពីថ្ងៃ អាទិត្យ ដែលជាករណីខ្ពស់ជាង ៧ ថ្ងៃមុន។ កីឡាអូឡាំពិក នឹងប្រព្រឹត្តិទៅនៅថ្ងៃ សុក្រ ក្រោមស្ថានភាពអាសន្ននៅទីក្រុងតូក្យូ និងខេត្តជិតខាងចំនួន ៣ ដែលការដាក់ក្នុងភាពអាសន្ននេះនឹងបញ្ចប់នៅថ្ងៃទី ២២ ខែសីហា ខណៈ ការប្រកួតកីឡាអូឡាំពិកនឹងបញ្ចប់នៅថ្ងៃទី ៨ ខែសីហា។