អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ការអំពាវនាវរបស់សម រង្ស៊ី រឹតតែបង្ហាញខ្លួនកាន់តែជ្រៅទៅៗនៅក្នុងលក្ខណៈឧទ្ទាមនិយមដែលទទួលបានបរាជ័យ
ភ្នំពេញៈ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានពណ៌នាការអំពាវនាវរបស់មេឧទ្ទាមក្រៅច្បាប់រត់ចោលស្រុក សម រង្ស៊ី ឱ្យប្រជាពលរដ្ឋបង្កើតរដ្ឋាភិបាលបង្រួបបង្រួមជាតិប្រឆាំងជាមួយរដ្ឋាភិបាលកម្ពុជា ដូចនៅប្រទេសភូមានោះ គឺវាខុសទៅនឹងអ្វីដែលជាប្រក្រតីភាពរបស់កម្ពុជា ពីព្រោះរាជរដ្ឋាភិបាលកើតចេញពីការបោះឆ្នោត។ ការអំពាវនាវរបស់ទណ្ឌិតរូបនេះ រឹតតែបង្ហាញខ្លួនកាន់តែជ្រៅទៅៗនៅក្នុងលក្ខណៈឧទ្ទាមនិយមដែលទទួលបានបរាជ័យ។
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ឯឧត្តម ផៃ ស៊ីផាន បានមានប្រសាសន៍ប្រាប់ AMS នៅព្រឹកថ្ងៃទី២០ ខែកក្កដានេះថា លោកមិនជឿថា ការអំពាវនាវរបស់មេឧទ្ទាមក្រៅច្បាប់រត់ចោលស្រុក សម រង្ស៊ី ឱ្យប្រជាពលរដ្ឋបង្កើតរដ្ឋាភិបាលបង្រួបបង្រួមជាតិប្រឆាំងជាមួយរដ្ឋាភិបាលកម្ពុជា ដូចនៅប្រទេសភូមា មិនមានប្រសិទ្ធភាព និងយកជាការបានទេ គឺគ្រាន់តែជាការអំពាវនាវមួយឱ្យមានការចាប់អារម្មណ៍តែប៉ុណ្ណោះ។ ពីព្រោះការអំពាវនាវនេះ មិនមែនជាលើកទី១ ទេ គឺច្រើនលើកហើយ។ ដូចជាការអំពាវនាវឱ្យកងប្រដាប់អាវុធបែរកាណុង។ អំពាវនាវឱ្យប្រឆាំងជាមួយនឹងរដ្ឋាភិបាល ប៉ុន្តែការអំពាវនាវនេះ វាគ្មានប្រសិទ្ធភាពនោះទេ។
អ្នកនាំពាក្យដដែលបញ្ជាក់ថា អ្វីដែល សម រង្ស៊ី អំពាវនាវ គឺវាខុសទៅនឹងអ្វីដែលជាប្រក្រតីភាពរបស់កម្ពុជា ពីព្រោះរាជរដ្ឋាភិបាលកើតចេញពីការបោះឆ្នោត ក្នុងរយៈពេលកន្លងមកតាំងពីឆ្នាំ១៩៩៣រហូតមកដល់ពេលនេះនៅតែប្រក្រតីភាព គឺការបោះឆ្នោតទៀងទាត់ ហើយការជ្រើសរើសរបស់នាយករដ្ឋមន្ត្រី ឬក៏រាជរដ្ឋាភិបាល គឺតាមរយៈប្រជាពលរដ្ឋមិនមែនតាមរយៈអ្នកនយោបាយទេ។ ដូច្នេះបើប្រៀបធៀបរវាងសម្តេចចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាជាមួយ សម រង្ស៊ី ហើយការលើកឡើងរបស់ សម រង្ស៊ី រឹតតែធ្វើឱ្យគេឃើញថា សម្តេចតេជោ ហ៊ុន សែន ជាអ្នកប្រាកដនិយម ក្នុងការរៀបចំកសាងលទ្ធិប្រជាធិបតេយ្យ។ ការលើកឡើងរបស់ សម រង្ស៊ី រឹតតែបង្ហាញខ្លួនកាន់តែជ្រៅទៅៗនៅក្នុងលក្ខណៈឧទ្ទាមនិយមដែលទទួលបានបរាជ័យ។
ចំណែកលោក សួន សេរីរដ្ឋា ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសន្តិភាពកម្ពុជា បានបញ្ជាក់ថា បើមានការបង្កើតរដ្ឋាភិបាលខុសច្បាប់ ដែលមិនកើតចេញពីការបោះឆ្នោត ហើយបង្កើតកងទ័ពប្រឆាំងរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការឆ្នោតនោះ ទោះបង្កើតនៅទីណា ប្រទេសណាក៏ដោយ វាគឺជាអង្គការភេរវកម្ម ដែលប្រឆាំងសេចក្តីសុខសន្តិភាពរបស់ប្រជាជនកម្ពុជា។ ប្រឆាំងស្ថិរភាពនយោបាយនៃប្រទេសកម្ពុជា ដែលរដ្ឋាភិបាលកម្ពុជា មានសិទ្ធិ និងកាតព្វកិច្ចអនុវត្តច្បាប់ ទាមទារឱ្យចាប់ខ្លួនពួកនេះមកកាត់ទោសតាមច្បាប់របស់កម្ពុជា។
លោក សួន សេរីរដ្ឋា
លោក សួន សេរីរដ្ឋា បានបន្តថា នេះ គឺជាការស្រមើស្រមៃ។ ជាការគិតបែបចម្កួតនយោបាយ និងជាបទឧក្រិដ្ឋដែលច្បាប់នៃព្រះរាជាណាចក្រកម្ពុជា មិនអាចលើកលែងឱ្យបានទេ ចំពោះបុគ្គលនេះ និងបក្ខពួក ឬបើបើជនណាចូលរួមជាមួយអំពើនិងសកម្មភាពខុសច្បាប់នេះ។ លោកបញ្ជាក់ថា “ខ្ញុំហៅថា ជាការស្រមើស្រមៃ និងជាចម្កួតនយោបាយ ពីព្រោះបុគ្គលមេដឹកនាំបក្សខ្មោចរត់ចោលស្រុករូបនេះ បានអស់លក្ខណ៍នយោបាយរបស់ខ្លួនទៅហើយ… ហើយជីវិតនយោបាយរបស់ខ្លួន ក៏វាបានស្លាប់បាត់ទៅហើយ នៅពេលដែលអតីតកូនចៅ ជាថ្នាក់ដឹកនាំក្នុងបក្សខ្លួនចេញទៅបង្កើតគណបក្សថ្មី ព្រោះគេលែងមានជំនឿ គេអស់ជំនឿនឹងការរងចាំ ការបោកប្រាស់របស់បុគ្គលនេះ ដែលចេះត្រឹមតែអង្គុយទាញយកព្រឹត្តិការណ៍អន្តរជាតិ មកបោកប្រាស់លួងលោមឱ្យគេរងចាំខ្លួនថ្ងៃនេះ ថ្ងៃនោះ ឆ្នាំនេះ ឆ្នាំក្រោយជាច្រើនលើក ហើយប្រមូលតែលុយយកទៅចាយវាយសប្បាយហ៊ឺហារតែពីរនាក់ប្តីប្រពន្ធកូនចៅខ្លួននោះ ”។
លោកបានបន្តថា កម្ពុជា ជាប្រទេសប្រកាន់របបប្រជាធិបតេយ្យសេរីពហុបក្ស ដែលគណបក្សឈ្នះឆ្នោត ត្រូវបានប្រគល់អំណាចឱ្យដឹកនាំរាជរដ្ឋាភិបាលដឹកនាំប្រទេសតាមឆន្ទៈរបស់ប្រជាពលរដ្ឋជាម្ចាស់ឆ្នោត!។ ពោលគឺមិនមែន គណបក្សចាញ់ឆ្នោតធ្វើរដ្ឋប្រហារដេញគណបក្សឈ្នះឆ្នោតមិនឱ្យកាន់អំណាច ដូចនៅប្រទេសភូមានោះទេ!។ ករណីនៅក្នុងប្រទេសកម្ពុជា គឺគណបក្សចាញ់ឆ្នោត មិនព្រទទួលស្គាល់លទ្ធផលនៃការបោះឆ្នោត ហើយដឹកនាំបង្កសកម្មភាព និងអំពើអនាធិបតេយ្យ បំផ្លាញសន្តិសុខសណ្តាប់ធ្នាប់សង្គម មិនគោរពច្បាប់ បើទោះបីជាមានការអត់ធ្មត់ និងសម្បទានលើកលែងជាច្រើនលើកច្រើនសាពីសំណាក់ គណបក្សឈ្នះឆ្នោតក៏ដោយ។ ដូច្នោះ ការយកច្បាប់រដ្ឋមកអនុវត្តន៍លើក្រុមអ្នកនយោបាយនៃគណបក្សដែលចាញ់ឆ្នោត ដើម្បីធានានូវស្ថិរភាពនយោបាយ ការពារសន្តិសុខជាតិ និងថែរក្សាសន្តិភាពលើផ្ទៃប្រទេស គឺជាកាតព្វកិច្ចរបស់រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សឈ្នះឆ្នោត តំណាងឲ្យឆន្ទៈរបស់ប្រជាពលរដ្ឋអ្នកបោះឆ្នោត ជាម្ចាស់ឆ្នោត ! ដែលទាំងអស់នេះវាខុស និងផ្ទុយគ្នាទាំងស្រុងពីព្រឹត្តិការណ៍នៅក្នុងប្រទេសភូមា។
លោកបន្តថា រាជរដ្ឋាភិបាលកម្ពុជា ជាសមាជិករបស់អង្គការសហប្រជាជាតិ ជាអ្នកគ្រប់គ្រងអាសនៈនៅអង្គការសហប្រជាជាតិ និងនៅគ្រប់អង្គការអន្តររដ្ឋាភិបាល និងអង្គការអន្តរជាតិទាំងអស់ ដែលកម្ពុជាជាសមាជិក! បើជនណា ក្រុមណា បុគ្គលណា ឬបក្សណាញុះញង់ឱ្យបង្កើតរដ្ឋាភិបាលនៅក្រៅស្រុក និងបង្កើតកងកម្លាំងប្រដាប់អាវុធ ប្រឆាំងនឹងរដ្ឋាភិបាលស្របច្បាប់ នោះគឺជាអំពើក្បត់ជាតិដែលត្រូវតែចាប់យកមកកាត់ទោសតាមច្បាប់របស់កម្ពុជាជាធរមាន..!។ ដូចនេះ អ្នកចូលរួមក្នុងអំពើខុសច្បាប់ទាំងនេះ ក៏ត្រូវមានទោស និងទទួលទោសដូចគ្នាដែរ។ ប្រទេសកម្ពុជា មិនមែនដូចប្រទេសភូមាទេ។ ដូចនេះបើមានការបង្កើតរដ្ឋាភិបាលខុសច្បាប់ដែលមិនកើតចេញពីការបោះឆ្នោតហើយបង្កើតកងទ័ពប្រឆាំងរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការឆ្នោតនោះ ទោះបង្កើតនៅទីណា ប្រទេសណាក៏ដោយ វាគឺជាអង្គការភេរវកម្ម ដែលប្រឆាំងសេចក្តីសុខសន្តិភាពរបស់ប្រជាជនកម្ពុជា ប្រឆាំងស្ថិរភាពនយោបាយនៃប្រទេសកម្ពុជា ដែលរដ្ឋាភិបាលកម្ពុជា មានសិទ្ធិ និងកាតព្វកិច្ចអនុវត្តច្បាប់ ទាមទារឲ្យចាប់ខ្លួនពួកនេះមកកាត់ទោសតាមច្បាប់របស់កម្ពុជា៕
ដោយៈពលជ័យ