បាតុកររាប់ពាន់ធ្វើការតវ៉ានៅជុំវិញពិភពលោក ខណៈកំហឹងផ្ទុះឡើងជុំវិញវិធានការណ៍រឹតបន្តឹងជំងឺកូវីដ១៩
មឹង ច័ន្ទសុម៉ានីតា
បារាំង៖ មនុស្សរាប់ពាន់នាក់នៅបណ្ដាប្រទេសជាច្រើនរួមទាំងបារាំងនិង អ៊ីតាលី បានធ្វើបាតុកម្មប្រឆាំងនឹងវិធានការប្រឆាំងជំងឺកូវីដ១៩ ដោយការប៉ះទង្គិចបានឈានដល់ប៉ូលិសបារាំងប្រើឧស្ម័នបង្ហូរទឹកភ្នែក និងកាណុងបាញ់ទឹកដើម្បីបំបែកក្រុមអ្នកតវ៉ានៅរដ្ឋធានីប៉ារីស។
នៅប្រទេសបារាំង មានមនុស្សប្រមាណ ១៦០.០០០ នាក់បានធ្វើដំណើរតាមដងផ្លូវដើម្បីធ្វើការតវ៉ាទូទាំងប្រទេសប្រឆាំងនឹងគំនិតផ្ដួចផ្ដើមប័ណ្ណសុខភាពរបស់លោកអេម៉ាញូអែល ម៉ាក្រុន ដែលនឹងកាត់បន្ថយលទ្ធភាពចូលទៅកាន់ ភោជនីយដ្ឋាន និងកន្លែងសាធារណៈប្រជាជនមិនទាន់បានទទួលការចាក់វ៉ាក់សាំង។
ក្រុមបាតុករបានស្រែកថា«សេរីភាព សេរីភាព» ដោយកាន់ខិត្តប័ណ្ណ សម្រាប់រិះគន់លោកម៉ាក្រូនដោយសរសេរថា «ម៉ាក្រូន មេដឹកនាំផ្ដាច់ការ» «ក្រុមហ៊ុនឱសថធំរារាំងសេរីភាព» ឬ «និយាយថាទេចំពោះប័ណ្ណនៃភាពអាម៉ាស់»។
វិធានការណ៍ស្រដៀងគ្នាទៅនឹងប័ណ្ណសុខភាពរបស់លោកម៉ាក្រូនគឺវិធានការណ៍ «ប័ណ្ណបៃតង» បានធ្វើឱ្យបាតុករ ខឹងសម្បារនៅទូទាំងប្រទេសអ៊ីតាលី។ ប័ណ្ណបៃតងនេះនឹងត្រូវការជាចាំបាច់ ចាប់ពីដើមខែក្រោយទៅ ដើម្បីបរិភោគនៅភោជនីយដ្ឋាន និងដើម្បីទស្សនានៅក្នុងរោងកុនជាដើម។
មនុស្សរាប់ពាន់នាក់ក៏បានធ្វើបាតុកម្មនៅទីក្រុងឡុងដុងផងដែរ ដើម្បីប្រឆាំងនឹងអ្វីដែលពួកគេពិពណ៌នាថាជាការលុបបំបាត់នៃសិទ្ធសេរីភាពស៊ីវិលរបស់ពួកគេ។ ក្រុមបាតុករបាននិយាយថា កម្មវិធីតាមដានរបស់រដ្ឋាភិបាលចក្រភពអង់គ្លេស គឺកំពុងដាក់កម្រិតលើចលនា និងការធ្វើដំណើររបស់ពលរដ្ឋអង់គ្លេស ដោយតាមរយៈកម្មវិធីនេះ មនុស្សជាង ៦០ ម៉ឺននាក់ ត្រូវបានគេបញ្ជាឲ្យដាក់ ខ្លួនដាច់ដោយឡែកពីអ្នកដទៃក្នុងពេលតែមួយសប្ដាហ៍ក្នុងខែនេះ។
មុននេះក្រុមបាតុករ រាប់សិបនាក់ត្រូវបានប៉ូលិសចាប់ខ្លួនបន្ទាប់ពីមានការដង្ហែក្បួនដោយគ្មានការអនុញ្ញាតនៅទីក្រុងស៊ីដនីដែលជាទីក្រុងធំបំផុតរបស់អូស្ត្រាលី។ ក្រុមអ្នករៀបចំបាតុកម្ម បានហៅការតវ៉ានេះថាជាការប្រមូលផ្តុំដើម្បីទាមទារ «សេរីភាព»។
លោកស្រី Heidi Larson សាស្ត្រាចារ្យផ្នែកនរវិទ្យា ហានិភ័យ និងវិទ្យាសាស្ត្រការសម្រេចចិត្ត នៃដេប៉ាដឺម៉ង់រោគរាតត្បាតរបស់សាលាអនាម័យ និងវេជ្ជសាស្ត្រត្រូពិកក្រុងឡុងដុង បានប្រាប់អា Al Jazeera ថាប័ណ្ណសុខភាពបែបនេះ គឺជាការសមហេតុផល និង ត្រឹមត្រូវ។ លោកស្រីបានមានប្រសាសន៍ថា«ហើយជាការហួសចិត្តចំពោះអ្នកដែលចង់បានសេរីភាព ការចាក់វ៉ាក់សាំងអាចផ្ដល់សេរីភាពផ្សេងទៀតសម្រាប់ពួកគេ»។
ប្រភព៖
Thousands protest amid global anger against COVID restrictions
Coronavirus: Thousands protest against restrictions across Europe
https://www.dw.com/en/coronavirus-thousands-protest-against-restrictions-across-europe/a-58627841