អនុប្រមុខការទូតចិនអំពាវនាវអោយសហរដ្ឋអាមេរិកផ្លាស់ប្តូរគោលនយោបាយគ្រោះថ្នាក់របស់ខ្លួន (មានវីដេអូ)
ប៉េកាំង ៖ អនុរដ្ឋមន្រ្តីការបរទេសចិន លោក ហ្ស៊ី ហ្វឹង (Xie Feng) បានធ្វើការអំពាវនាវអោយ សហរដ្ឋអាមេរិកផ្លាស់ប្តូរផ្នត់គំនិតដែលខុសទិសដៅ និង គោលនយោបាយ ប្រកបដោយគ្រោះថ្នាក់ ខណៈដែលទីក្រុងវ៉ាស៊ីនតោនបានចាត់ទុកចិនថា ជា “ សត្រូវដែលស្រមើស្រមៃ” ។
លោក ហ្ស៊ី ក៏បានពណ៌នាពីទំនាក់ទំនងរវាងចិន-សហរដ្ឋអាមេរិកដែរថា កំពុងស្ថិតក្នុងភាព «ទាល់ច្រក» និងប្រឈមនឹង “ការលំបាកធ្ងន់ធ្ងរ” ។ ការកត់សម្គាល់បែបនេះរបស់លោក ហ្ស៊ី ត្រូវបានធ្វើឡើងក្នុងពេលជួបពិភាក្សាជាមួយអនុរដ្ឋមន្រ្តីការបរទេសអាមេរិក លោកស្រី វេនឌី ហ្សឺមែន (Wendy Sherman) ដែលកំពុងបំពេញទស្សនកិច្ចនៅទីក្រុងធានជីង ពីថ្ងៃទី២៥ ដល់២៦ ខែកក្កដានេះ ។ លោកស្រី ហ្សឺមែន កំពុងធ្វើដំណើរទៅប្រទេសចិនសម្រាប់ដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃ ដោយចាប់ផ្តើមនៅថ្ងៃអាទិត្យម្សិលមិញនេះ ក្នុងកំឡុងពេលដែលលោកស្រីគ្រោងនឹងជួបជាមួយអ្នកការទូតជាន់ខ្ពស់របស់ចិន នៅទីក្រុងឆ្នេរធានជីន ប្រទេសចិន ។
ដំណើរទស្សនកិច្ចនេះត្រូវបានគេមើលឃើញថា ជាជំហានត្រៀមសម្រាប់កិច្ចប្រជុំឥតព្រាងទុករវាងលោក ចូ បៃដិន និង លោក ស៊ី ជិនពីង នៅពេលដែលចំណងទាក់ទងរវាងសហរដ្ឋអាមេរិក និងចិននៅតែបន្តធ្លាក់ចុះដោយមានសញ្ញាតិចតួចប៉ុណ្ណោះនៃភាពប្រសើរឡើង ៕ ប្រភព៖ Reuters