មហាសេដ្ឋី Bill Gates ៖ ការច្នៃប្រឌិតមួយទសវត្សរ៍បានផ្តល់នូវដំណោះស្រាយផ្នែកអនាម័យថ្មីៗយ៉ាងច្រើន ដែលនឹងការពារមនុស្សពីជំងឺ និងការស្លាប់ (មានវីដេអូ)

អន្តរជាតិ៖ មហាសេដ្ឋីពិភពលោក និងជាស្ថាបនិកក្រុមហ៊ុន Microsoft លោក Bill Gates បញ្ជាក់ថា រយៈពេល១០ឆ្នាំមកនេះ មូលនិធិ​របស់លោក ​ដែលមាន​ឈ្មោះ Bill & Melinda Gates បានប្រកួតប្រជែងនឹងបរិបទពិភពលោក តាមរយៈការបង្កើតបង្គន់ប្រកបដោយអនាម័យឡើងវិញ ។ លោកថា ដើម្បីលើកកម្ពស់ការយល់ដឹងអំពីបញ្ហាប្រឈមនេះ ខ្ញុំបានចែករំលែកដំណាក់កាលមួយជាមួយនឹងពាងលាមករបស់មនុស្ស ។ ការស្រង់ក្លិនមិនល្អនៃបង្គន់សម្រាប់ការបន្ទោរបង់ ។ ផឹកទឹកដែលធ្វើពីកាកសំណល់លាមក ។ ហើយបានបញ្ចុះបញ្ចូលពិធីករដ៏ល្បីលោក Jimmy Fallon អោយផឹកវាផងដែរ ។ សកម្មភាពទាំងអស់នេះវាមើលទៅគួរអោយអស់សំណើច ប៉ុន្តែគោលដៅរបស់ខ្ញុំ គឺផ្តោតការយកចិត្តទុកដាក់ចំពោះបញ្ហាធ្ងន់ធ្ងរមួយ គឺវិបត្តិកង្វះអនាម័យ ។

មនុស្សប្រហែល៣,៦ពាន់លាននាក់ ឬជិតពាក់កណ្តាលនៃចំនួនប្រជាជនសរុបនៅលើពិភពលោក ត្រូវបានគេរាយការណ៍ថា គ្មានបង្គន់ ឬប្រើប្រាស់បង្គន់គ្មានអនាម័យ ។ ការរស់នៅដោយគ្មានបង្គន់អនាម័យ គឺប្រឈមនឹងបញ្ហាជាច្រើន… វាគឺជាគ្រោះថ្នាក់… បញ្ហាកង្វះអនាម័យក្នុងន័យនេះចង់សំដៅដល់បញ្ហាទឹកកខ្វក់ ដី និងអាហារជាដើម ដែលវាបណ្តាលអោយមានជំងឺ និងស្លាប់ ។ ជាក់ស្តែង យោងតាមការប៉ាន់ស្មានចុងក្រោយបានបង្ហាញថា ជំងឺដែលមានជាប់ទាក់ទងនឹងការរាគរុះ និងកង្វះអនាម័យផ្សេងទៀតបានផ្តាច់ជីវិតកុមារជិត៥០ម៉ឺននាក់ជារៀងរាល់៥ឆ្នាំ ។ នៅពេលពិភពលោកជួបនូវកំណើនប្រជាជនដ៏ច្រើននោះ ចំនួនមនុស្សដែលកង្វះអនាម័យនឹងកើនឡើង ខណៈអង្គការសហប្រជាជាតិបានប៉ាន់ប្រមាណថាចាប់ពីពេលនេះដល់ឆ្នាំ២០៥០ខាងមុខ ចំនួនប្រជាជនពិភពលោកនឹងកើនឡើងចំនួន២ពាន់លាននាក់ ។ ហើយជាង៩០ភាគរយនៃកំណើននោះ នឹងត្រូវបានប្រមូលផ្តុំនៅក្នុងទីក្រុង និងនៅក្នុងប្រទេសកំពុងអភិវឌ្ឍ ជាទីដែលមិនសូវមានអនាម័យល្អ ។ ជំងឺរាតត្បាតកូវីដក៏បានដើរតួជាការរំលឹកដ៏មានសារៈសំខាន់ចំពោះការងារបន្ទាន់ ដែលគ្រួសារ និងទីក្រុងត្រូវធ្វើដើម្បីទប់ស្កាត់ និងព្យាបាលមេរោគដែលសម្លាប់មនុស្ស ។ ប៉ុន្តែវិបត្តិអនាម័យនេះ អាចដោះស្រាយបាន ។ លោក Bill Gates បន្ថែមថា ក្នុងឆ្នាំ ២០១១ ការបង្កើតបង្គន់អនាម័យរបស់មូលនិធិយើង បានសួរអ្នកស្រាវជ្រាវថាតើពួកគេអាចបង្កើតដំណោះស្រាយអនាម័យប្រកបដោយសុវត្ថិភាព ដែលដំណើរការដោយមិនពឹងផ្អែកលើប្រព័ន្ធលូ ឬទឹកដែលកំពុងដំណើរការទេ? ប្រព័ន្ធលូ និងរោងចក្រប្រព្រឹត្តកម្មជាប្រវត្តិសាស្ត្រ គឺជាមធ្យោបាយល្អបំផុត ក្នុងការកែច្នៃសំណល់ដោយសុវត្ថិភាព ប៉ុន្តែវាមានតំលៃថ្លៃណាស់ក្នុងការសាងសង់ថែទាំ និងដំណើរការ ។ ពួកគេក៏ពឹងផ្អែកលើទឹកដ៏ច្រើនផងដែរ នៅពេលដែលប្រទេសជាច្រើនកំពុងជួបបញ្ហាខ្វះទឹក ។

ក្នុងរយៈពេលមួយទសវត្សរ៍ចាប់តាំងពីយើងបានចាប់ផ្តើមការប្រកួតប្រជែងនេះ ពិភពលោកបានឆ្លើយតបដោយថាមពលនៃការច្នៃប្រឌិត អ្នកវិទ្យាសាស្ត្រ និងវិស្វករមកពីទូទាំងពិភពលោក បានបង្កើតគំនិតគួរឱ្យរំភើបរាប់រយអំពីរបៀបរចនាបង្គន់ ដែលកែច្នៃកាកសំណល់មនុស្សដោយសុវត្ថិភាព ដោយមិនត្រូវការទឹក ឬអគ្គិសនីតិចតួច ឬក៏មិនត្រូវការ ។ ពួកគេបានបង្កើតបង្គន់ដែលបម្លែងលាមកទៅជាធនធានដ៏មានតម្លៃ រួមមាន ជី ទឹកស្អាត និងអគ្គិសនីជាដើម ។ អ្នកស្រាវជ្រាវផ្សេងទៀតបានបង្កើតប្រព័ន្ធថ្មីមួយ ដើម្បីកែច្នៃកាកសំណល់លាមកចេញពីបង្គន់អនាម័យ អាងស្តុកទឹកស្អុយ និងលូ ដែលប្រែក្លាយកាកសំណល់មនុស្សពីសហគមន៍ទាំងមូលទៅជាទឹកផឹក និងអគ្គិសនី ។ ម៉ាស៊ីនទាំងនេះហៅថា “omni-processors” អាចត្រូវបានប្រើដើម្បីគាំទ្រដល់រោងចក្រប្រព្រឹត្តកម្មទឹកកខ្វក់ ឬបំពេញបន្ថែមដល់រោងចក្រប្រព្រឹត្តកម្មទឹកសំណល់ ។ ហើយពួកវាត្រូវការថាមពលមួយចំណែកតូច ទីតាំង និងការចំណាយប្រាក់លើការរៀបចំប្រព័ន្ធលូទឹក និងទឹកស្អាត ។ នៅដំណាក់កាលបន្ទាប់នៃការបង្កើតបង្គន់ឡើងវិញ ក្រុមអ្នកស្រាវជ្រាវដែលដឹកនាំដោយវេជ្ជបណ្ឌិត សាន់ណុន យី នៅវិទ្យាស្ថានបច្ចេកវិទ្យា ហ្សកហ្ស៊ី កំពុងយកគំនិតល្អៗទាំងនេះទៅអភិវឌ្ឍបង្គន់កែច្នៃដែលមានតម្លៃទាប ។ វាត្រូវបានគេហៅថា បង្គន់បង្កើតឡើងវិញជំនាន់ទី ២ ។ ទោះជាយ៉ាងណាក៏ដោយ ក៏នៅតែមានបញ្ហាប្រឈមនៅពេលខាងមុខ ក្នុងការនាំយកការច្នៃប្រឌិតទាំងនេះមកកាន់ទីផ្សារ ដើម្បីអោយពួកវា (ការច្នៃប្រឌិត) អាចផ្លាស់ប្តូរជីវិតរស់នៅរបស់មនុស្សរាប់ពាន់លាននាក់ដែលត្រូវការពួកវា ។ ប៉ុន្តែខ្ញុំមានសុទិដ្ឋិនិយមអំពីអ្វីដែលអាចសម្រេចបានក្នុងរយៈពេល១០ឆ្នាំ និងលើសពីនេះ ៕ ប្រភព៖ GatesNotes

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner