តើវ៉ារ្យ៉ង់ឌែលតា ធ្វើឱ្យមនុស្សក្មេងវ័យឈឺលឿនជាងមុនឬ?
សៅ សម្ភស្ស
ការសិក្សាមួយបានធ្វើនៅក្នុងប្រទេសមួយចំនួនតូចបង្ហាញថា វ៉ារ្យ៉ង់ឌែលតានេះ អាចបណ្តាលឱ្យស្ថានភាពនៃជំងឺកាន់តែធ្ងន់ធ្ងរជាងនេះ ប៉ុន្តែមិនមានទិន្នន័យច្បាស់លាស់ ដែលបង្ហាញថា វ៉ារ្យ៉ង់ថ្មីនេះ អាចធ្វើឱ្យមនុស្សក្មេងវ័យឆ្លងលឿនជាងមុនឡើយ។ នេះបើតាមឱ្យដឹងពីសារព័ត៌មាន The New York Times។
ប៉ុន្តែ អ្នកជំនាញខ្លះជឿថា ការផ្លាស់ប្តូរប្រជាសាស្ត្ររបស់អ្នកជំងឺពីមនុស្សចាស់មកក្រុមអាយុក្មេងនេះ អាច បណ្ដាលមកពីអត្រានៃការចាក់វ៉ាក់សាំងនៅមានកម្រិតទាប។ គ្រូពេទ្យជាច្រើន ដែលទទួលព្យាបាលអ្នកជំងឺស្ទើរតែទាំងអស់សុទ្ធតែអ្នកមិនទាន់ចាក់វ៉ាក់សាំង ហើយអ្នកជំងឺភាគច្រើនសុទ្ធតែជាក្មេងដែលមានវ័យពី ២០ ទៅ ៣០ ឆ្នាំ ខណៈវ៉ារ៉្យង់ឌែលតា មានចំនួនស្មើនឹង ៨០ ភាគរយនៃចំនួនឆ្លងសរុបនៅសហរដ្ឋអាមេរិក។
វេជ្ជបណ្ឌិត Adam Ratner សាស្ត្រាចារ្យរងផ្នែករោគកុមារ និងមីក្រូជីវសាស្ត្រនៅសាលាវេជ្ជសាស្ត្រហ្គ្រូសម៉ាននៃសាកលវិទ្យាល័យញូវយ៉ក បាននិយាយថា៖ «ខ្ញុំមិនគិតថា គ្មានភស្តុតាងល្អណាមួយ ដែលបញ្ជាក់ថាវ៉ារ៉្យង់ឌែលតា បានបង្កឱ្យមានជំងឺធ្ងន់ធ្ងរ ឬ យ៉ាងណា។ ប៉ុន្តែ នេះអាចជា បណ្ដាលមកពីការបើកឱ្យដំណើរការ និងបន្ថូរបន្ថយការរឹតបន្តឹងការពាក់ម៉ាស់ ដែលជាវិធានខុសពីពេល ១ ឆ្នាំ ឬ ១៥ ១៦ ខែមុន»។
ឯកសារចេញពី មជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺ (CDC) ដែលកាសែត The New York Times ទទួលបានកាលពីសប្ដាហ៍មុន បានពណ៌នាអំពីវ៉ារ្យ៉ង់ឌែលតាថា ឆ្លងខ្លាំងដូចជំងឺអុតស្វាយអញ្ចឹង ហើយអាចនឹងធ្ងន់ធ្ងរជាងប្រភេទអាល់ហ្វា ឬ ពូជមុនៗទៀត។
វ៉ារ៉្យង់ឌែលតា ផ្សារភ្ជាប់ជាមួយនឹងការកើនឡើងនៃអត្រាឆ្លងនៅ លើមនុស្សវ័យក្មេង ហើយអ្នកជំនាញប៉ាន់ស្មានថា ពួកគេអាចនឹងត្រូវបានឆ្លងមេរោគក្នុងអត្រាខ្ពស់ ដោយសារតែក្រុមអាយុនេះ ផ្លាស់ទីក្នុងសង្គមច្រើន ហើយទំនងជាមិនទាន់ទទួលបានការចាក់ថ្នាំបង្ការ។
វេជ្ជបណ្ឌិត Jeremy McAnulty នៃមន្ទីរពេទ្យ NSW Health បាននិយាយកាលពីថ្ងៃសៅរ៍ថា ការផ្ទុះឡើងនៅទីក្រុងស៊ីដនី បានបង្ហាញថា វ៉ារ៉្យង់ឌែលតា បានប៉ះពាល់ដល់មនុស្សគ្រប់វ័យ ដែលមានជំងឺធ្ងន់ធ្ងរ។
ក្រុមប្រឹក្សាបច្ចេកទេសអូស្រ្តាលីស្តីពីការចាក់ថ្នាំបង្ការរោគ ក៏បានបញ្ជាក់ពីការព្រួយបារម្ភរបស់ខ្លួន ចំពេលមានការព្រួយបារម្ភថាវ៉ារ្យ៉ង់នេះ កាន់តែរីករាលដាលធ្ងន់ធ្ងរ ហើយអត្រានៃការចូលមន្ទីរពេទ្យក៏កាន់តែខ្ពស់ជាងមុនក្នុង ចំណោមក្រុមមនុស្សអាយុក្រោម ៦០ ឆ្នាំ។
អនុប្រធានផ្នែកវេជ្ជសាស្ត្រលោក Michael Kidd បាននិយាយថា មានភស្តុតាង ថាវ៉ារ៉្យង់នេះកាន់តែប៉ះពាល់ក្រុមមនុស្សក្មេងកាន់តែមានច្រើនឡើងៗ។ លោកបាននិយាយថា សមាមាត្រនៃអ្នកឆ្លង ដែលមានអាយុតិចជាង ៦០ ឆ្នាំ ដែលត្រូវការចូលមន្ទីរពេទ្យ ឥឡូវនេះហាក់ដូចជាខ្ពស់ជាងមុន។
សាស្ត្រាចារ្យ Cunningham ពោលថានេះសបញ្ជាក់ឱ្យឃើញថាវ៉ារ៉្យង់នេះហាក់បង្កហានិភ័យដល់ក្រុមមនុស្សវ័យក្មេង និងធ្វើឱ្យធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ ប្រសិនបើមានការឆ្លង។ លោកបានមានប្រសាសន៍ថា៖ «វ៉ារ៉្យង់ឌែលតា មិនមានជារឿងធម្មតាទេ បើមើលតាមចំនួននៃការកើនឡើងករណីឆ្លង ដែលបង្កដោយវ៉ារ៉្យង់នេះ។»
ដោយឡែក បើយោងតាមការសិក្សាដ៏ធំមួយរបស់ចក្រភពអង់គ្លេស ដែលបានចុះផ្សាយក្នុងទស្សនាវដ្តី The Lancet Child & Adolescent Health កុមារភាគច្រើន ដែលវិវត្តទៅជារោគសញ្ញាកូវីដ-១៩ បានជាសះស្បើយ បន្ទាប់ពីរយៈពេល ៦ ថ្ងៃ ខណៈចំនួនកុមារ ដែលចេញជារោគសញ្ញាមានរយៈពេលលើសពី ៤ សប្តាហ៍ គឺមានកម្រិតទាប។
ប្រភពដដែលបានឱ្យដឹងថា កុមារភាគច្រើន ដែលឆ្លងវីរុស SARS-CoV-2 មិនមានរោគសញ្ញាអ្វីទេ ប៉ុន្តែពួកគេមានជំងឺស្រាល។ ការស្រាវជ្រាវចុងក្រោយ បានប្រើទិន្នន័យ ដែលប្រមូលបានតាមរយៈកម្មវិធីស្មាតហ្វូន ZOE Covid Study ដែលរួមមានទិន្នន័យពីកុមារអង់គ្លេសជាង ២៥០.០០០ នាក់ ដែលមានអាយុពី ៥ ទៅ ១៧ ឆ្នាំ។ ក្រុមនេះផ្តោតលើរបាយការណ៍ ដែលប្រមូលបាននៅចន្លោះថ្ងៃទី ១ ខែកញ្ញាឆ្នាំ ២០២០ ដល់ថ្ងៃទី ២២ ខែកុម្ភៈឆ្នាំ ២០២១។
ប្រភព៖
Is the Delta Variant Making Younger Adults ‘Sicker, Quicker’?
https://www.nytimes.com/2021/08/03/health/covid-young-adults-sicker.html
‘Delta is very unusual’: Young people warned the variant may pose greater risks
Delta variant infecting more young adults, many unvaccinated
https://www.fox13news.com/news/delta-variant-infecting-more-young-adults-many-unvaccinated
Long-lasting Covid symptoms rare in children, finds study