ក្រុមហ៊ុនទេសចរណ៍អវកាស Virgin Galactic ចាប់ផ្តើមលក់សំបុត្រធ្វើដំណើរទៅលេងទីអវកាសសាជាថ្មីទៀត ក្នុងតម្លៃចាប់ពី៤៥ម៉ឺនដុល្លារឡើងទៅ (មានវីដេអូ)

អន្តរជាតិ៖ បន្ទាប់ពីយន្តហោះរ៉ុក្កែតរបស់មហាសេដ្ឋីអង់គ្លេសលោក Richard Branson ទទួលជោគជ័យក្នុងការសាកល្បងហោះហើរដោយមានមនុស្សជិះជាលើកដំបូងរួចមក ក្រុមហ៊ុនទេសចរណ៍អវកាស Virgin Galactic បានចាប់ផ្តើមបើកលក់សំបុត្រសាជាថ្មីទៀត សម្រាប់ការហោះហើរទៅលេងនៅទីអវកាស ជាមួយនឹងតម្លៃចាប់ពី៤៥ម៉ឺនដុល្លារឡើងទៅក្នុងមួយកៅអី ។
តម្លៃថ្មីនេះ គឺកើនឡើងប្រហែលទ្វេដងពី ២០ម៉ឺន ទៅ ២៥ម៉ឺនដុល្លារដែលបានចំណាយដោយមនុស្សប្រហែល៦០០នាក់ដែលបានកក់កន្លែងអង្គុយនៅលើយានអវកាស Virgin នៅចន្លោះឆ្នាំ ២០០៥ និង ២០១៤ ខណៈដែលក្រុមហ៊ុននេះកំពុងឆក់យកឱកាសកើបប្រាក់ពីភាពជោគជ័យ ក្នុងការសាកល្បងហោះហើរដោយមានមនុស្សជិះជាលើកដំបូងកាលពីខែមុន ។ នាយកប្រតិបត្តិលោក ម៉ៃឃើល ខូលក្លាស័រ បញ្ជាក់ថា ក្រុមហ៊ុនបានចាប់ផ្តើមការលក់ឡើងវិញ ដើម្បីទាញយកអត្ថប្រយោជន៍ពីការកើនឡើងនៃចំណាប់អារម្មណ៍របស់អតិថិជន បន្ទាប់ពីការហោះហើររបស់លោក Branson ដែលបានផ្តួលមហាសេដ្ឋី ជេហ្វ បេហ្សូស ដែលជាគូប្រជែង និងយាន Blue Origin របស់គាត់ចូលទៅទីអវកាសបានមុនចំនួនប្រាំបួនថ្ងៃ ។
លោក ខូលក្លាស័រ បន្ថែមថា ការហោះហើរសាកល្បងលើកក្រោយនឹងធ្វើឡើងនៅខែកញ្ញា ហើយមានការចូលរួមពីសមាជិកនៃកងទ័ពអាកាសអ៊ីតាលី លោកថា នឹងមានការធ្វើតេស្តមួយបន្ថែមទៀត បន្ទាប់ពីបេសកកម្មនៅខែកញ្ញា ក្រោយមកជើងហោះហើរពាណិជ្ជកម្មដំបូង នឹងប្រព្រឹត្តទៅនៅត្រីមាសទី៣ ឆ្នាំ ២០២២ ៕ ប្រភព៖ Bangkok Post

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner