ពិតជាមិនធម្មតា! មេដាយអូឡាំពិកទីក្រុងតូក្យូ កែច្នៃចេញពីទូរស័ព្ទ និងគ្រឿងអេឡិចត្រូនិចចាស់ៗ

ជប៉ុន៖ ប្រទេសជប៉ុនកំពុងតែធ្វើជាម្ចាស់ផ្ទះសម្រាប់ព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងតូក្យូ ឆ្នាំ២០២០ ដែលព្រឹត្តិការណ៍នេះដើមឡើយត្រូវធ្វើឡើងកាលពីឆ្នាំមុន ប៉ុន្តែដោយសារតែការរីករាលដាលនៃជំងឺ COVID-19 វាក៏ត្រូវបានពន្យារពេលមកធ្វើនៅក្នុងឆ្នាំ២០២១នេះវិញ ។

អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ គឺមេដាយទាំងអស់សម្រាប់ផ្ដល់ជូនកីឡាករដែលឈ្នះនៅក្នុងការប្រកួតលើកនេះ គឺធ្វើឡើងពីសំណល់កែច្នៃអេឡិចត្រូនិកមានដូចជាស្មាតហ្វូន និងកុំព្យូទ័រយួរដៃជាដើម ។ ទម្រាំប្រមូលបានកាកសំណល់អេឡិចត្រូនិក ដើម្បីមកផលិតចេញជាមេដាយទាំងអស់ចំនួន៥ពាន់នោះ មានប្រជាជនជប៉ុនមកពីតំបន់ច្រើនជាង១ពាន់៦រយតំបន់ បានចំណាយពេលរបស់ពួកគេរយៈពេល២ឆ្នាំ ពោលគឺពីខែមេសា ឆ្នាំ២០១៧ ដល់ខែមិនា ឆ្នាំ២០១៩ ដើម្បីចូលរួមប្រមូលសំណល់ទាំងនោះ ។ ពួកគេបានដំឡើងជាទីតាំងផ្សេងៗគ្នា ដើម្បីឱ្យពលរដ្ឋអាចចូលរួមបរិច្ចាគគ្រឿងអេឡិចត្រូនិកចាស់ៗបានទាំងអស់គ្នា ។ បន្ទាប់ពីយុទ្ធនាការប្រមូលសំណល់អេឡិចត្រូនិកបានបញ្ចប់ទៅវិញ ពួកគេក៏អាចកែច្នៃសំណល់ទាំងនោះសម្រាប់មេដាយមាសបាន៣២គីឡូក្រាម មេដាយប្រាក់៣ពាន់៥រយគីឡូក្រាម និងមេដាយសំរិទ្ធ២ពាន់២រយគីឡូក្រាម ។

សូមជម្រាបថា នេះគឺជាលើកទីមួយក្នុងប្រវត្តិសាស្ត្រអូឡាំពិក ដែលមេដាយត្រូវបានផលិតឡើងដោយប្រើកាកសំណល់អេឡិចត្រូនិកកែច្នៃឡើងវិញ ហើយក៏ជាលើកដំបូងផងដែរ ដែលប្រជាពលរដ្ឋសាមញ្ញបានចូលរួមបរិច្ចាគសម្ភារៈរបស់ពួកគេ នេះបើតាមគេហទំព័រផ្លូវការរបស់ Tokyo Games ៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner