សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជួបស្វាគមន៍ដល់អ្នកដំណើរចំនួន ២២០០នាក់ នៅលើនាវា ទេសចរណ៍ WESTERDAM នៅកំពង់ផែ ខេត្តព្រះសីហនុ

អត្ថបទដោយ៖
Kien Sereyvuth

ព្រះសីហនុ៖ បន្ទាប់ពីបានអនុញ្ញាតឱ្យនាវាទេសចរណ៍ Westerdam ចូលចតនៅកំពង់ផែខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ២០២០ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជណាចក្រកម្ពុជា បាន អញ្ជើញជួបស្វាគមន៍ដោយផ្ទាល់ ជាមួយអ្នកដំណើរនៅលើនាវាទេសចរណ៍ Westerdam ដែលកំពុងចតនៅកំពង់ផែ ក្រុងព្រះសីហនុ ។

មានប្រសាសន៍ក្នុងឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងក្ដីសប្បាយរីករាយ ដែលបានមកធ្វើការស្វាគមន៍ ចំពោះបងប្អូនទាំងឡាយ ដែល រស់នៅលើនាវាអស់រយៈពេលប៉ុន្មានថ្ងៃកន្លងទៅ ។ អ្វីដែលសំខាន់ថ្ងៃនេះទោះបីថា កម្ពុជា ជាប្រទេសមួយក្រីក្រ តែកម្ពុជា បានចូលរួមជាមួយនិងសហគមន៍អន្តរជាតិ ដើម្បី ដោះស្រាយរាល់បញ្ហាទាំង ឡាយ ដែលពិភពលោក ក៏ដូចជាតំបន់កំពុងជួបប្រទះ ។

សម្ដេចបានថ្លែងថា បញ្ហាដែលយើងត្រូវចោទសួរ ដូចអ្វីដែលខ្ញុំបានធ្លាប់បាននិយាយកាលពីពេលមុនថា បញ្ហាពិត ប្រាកដរបស់កម្ពុជា មិនមែនជាកូរ៉ូណាថ្មី ដែលឥឡូវនេះ គេហៅថា COVID -19 នោះទេ នោះគឺការភ័យខ្លាច ក្នុងពេល ដែលពេលនោះ វីរុស COVID-19 ដែលមុននេះ មិនទាន់មានការឆ្លងដល់ប្រជាពលរដ្ឋកម្ពុជាណាម្នាក់នៅឡើយនោះទេ គ្រាន់តែមានជនជាតិចិនម្នាក់ ដែលបយើងបានព្យាបាលជាសះស្បើយ ហើយឥឡូវនេះ ក៏ត្រឡប់ទៅប្រទេសវិញ ។

សម្ដេចបន្តថា ខ្ញុំគ្រាន់តែលើកហេតុផលមួយ ដើម្បីជូនចំពោះប្រជាពលរដ្ឋរបស់យើង ប្រសិនបើកម្ពុជា មិនទទួលគេ សួរថា អ្នកទាំងនេះ នឹងរស់នៅក្នុងនាវានេះ ជាង ២ពាន់នាក់ តើពួកគេទៅទីណាទៅ ? នេះគេនិយាយអំពីការភ័យខ្លាច កូរ៉ូណា ឬក៏ COVID-19 ប៉ុន្តែសម្រាប់ខ្ញុំ ខ្ញុំយល់ផ្សេង អ្នកដទៃ ឬប្រទេសដទៃអាចយល់ថា… ឬក៏អាចចោទជាសំណួរ ថា ចុះបើមានជំងឺកូរ៉ូណានេះនៅលើនាវា, កម្ពុជា អនុញ្ញាតឱ្យចូលទេ, ខ្ញុំអាចឆ្លើយតបយ៉ាងច្បាស់ថា ប្រសិនបើមានអ្នក ជំងឺនេះ នៅលើនាវា ខ្ញុំនឹងឲ្យចូលយ៉ាងលឿនបំផុតតាមដែលអាចធ្វើទៅបាន។ មូលហេតុនៅត្រង់ថា ប្រសិនបើមានអ្នក ជំងឺនេះ នៅលើនាវានេះ តើយើងទុកឲ្យអ្នកជំងឺទាំងនោះស្លាប់នៅលើនាវា បន្ទាប់ទៅសាកសពដែលត្រូវទៅបោះចោល ក្នុងទឹកសមុទ្រ ឬក៏ត្រូវទុកនៅលើនាវា? នេះជាបញ្ហាដែលត្រូវឃើញ អំពីការទទួលខុសត្រូវរបស់ពិភពលោក ក៏ដូចជា ការទទួលខុសត្រូវរបស់យើង ក្នុងឋានៈជាសមាជិកនៃសហគមន៍អន្តរជាតិ ដែលមានការទទួលខុសត្រូវ ។

សម្ដេចតេជោ ហ៊ុន សែន បានបន្ថែមថា ខ្ញុំមកទីនេះ ទោះបីក្នុងរយៈពេលខ្លី តែខ្ញុំក៏នឹងបញ្ជូនសារនេះ ទៅកាន់ប្រជា ពលរដ្ឋកម្ពុជានៅទូទាំងប្រទេស ក៏ដូចជាទៅកាន់សហគមន៍អន្តរជាតិផងដែរថា ពេលនេះ មិនមែនជាពេលភ័យខ្លាច និងមិនមែនជាពេលដែលត្រូវធ្វើការរើសនោះទេ តែជាពេលដែលយើងត្រូវរួមសាមគ្គីគ្នា ដើម្បីដោះស្រាយបញ្ហាប្រឈម នានាដែលបាននិងកំពុងយាយី មិនគ្រាន់តែប្រទេសមួយទេ ប្រទេសជាច្រើនបានជួបប្រទះរឿងនេះរួចទៅហើយ។ សម្ដេចថា ជំងឺថ្ងៃនេះប្រសិនបើខ្ញុំមកទទួលប្រជាពលរដ្ឋនៃបណ្ដាប្រទេសរហូតដល់ ៤១សញ្ជាតិ នៅទីនេះ បើសិនជា គ្រោះថ្នាក់ដល់ខ្លួនខ្ញុំ វាក៏សាកសមនឹងពលិកម្មដែលខ្ញុំធ្វើ ដើម្បីមនុស្សជាតិផងដែរ ។

សម្ដេចនាយករដ្ឋមន្ត្រី បានថ្លែងសង្កត់ធ្ងន់ថា តើឲ្យយើងនិយាយអំពីការគោរពអំពីសិទ្ធិមនុស្សយ៉ាងម៉េចទៅ ប្រសិនបើ សិទ្ធិរស់រានមានជីវិត មិនត្រូវបានគោរពផងនោះ? កម្ពុជា យកការទទួលខុសត្រូវមួយ ក្នុងការគោរពសិទ្ធិមនុស្ស ជាចម្បង ដោយដំបូងបំផុត គឺគោរពដល់ការរស់រានមានជីវិតរបស់មនុស្សដែលមានជាង ២ពាន់នាក់ នៅលើនាវានេះ ដែលមានរហូតទៅដល់ ៤១សញ្ជាតិ ។

យ៉ាងហោចណាស់ ពេលនេះ កម្ពុជា បានធ្វើនូវកិច្ចការដែលទាក់ទងនឹងដំណើរ ការនៃការគោរពសិទ្ធិមនុស្ស គឺសិទ្ធិរស់រានមានជីវិត សិទ្ធិមិនត្រូវបានគេរើសអើង និងសិទ្ធិវិលត្រឡប់ទៅកាន់ប្រទេស វិញ ដោយសុវត្ថិភាពសម្រាប់ពួកគេ ។ សម្ដេចថា ប្រជាពលរដ្ឋរបស់យើង គួរយល់ ហើយមានមោទនភាព ហើយ សម្ដេចក៏សូមអរគុណចំពោះប្រជាពលរដ្ឋកម្ពុជា ដែលបានលើកទឹកចិត្ត និងគាំទ្រ ដល់ការសម្រេចចិត្តរបស់ខ្ញុំ ក្នុងការ ឲ្យនាវានេះ បានចូលមកកាន់ទឹកដីកម្ពុជា ។ តាមរយៈទឹកដីកម្ពុជា បងប្អូនទាំង ៤១សញ្ជាតិនេះ បានធ្វើដំណើរត្រឡប់ ទៅកាន់ប្រទេសរៀងៗខ្លួន ជួបជុំគ្រួសារពុំមានការភ័យខ្លាចទេ ។

ជាមួយនេះ សម្ដេចតេជោ ហ៊ុន សែន ក៏សូមអរគុណចំពោះស្ថានទូតសហរដ្ឋអាម៉េរិច ដែលបានទាក់ទងមកកាន់ស្ថាប័ន ពាក់ព័ន្ធរបស់កម្ពុជា ទាំងក្រសួងការបរទេស ដែលមានចំណែកលឿនមួយ គឺអ្នកគ្រប់គ្រងកំពង់ផែយើងតែម្ដង គឺ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដែលជារដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ដោយសម្ដេចបានយល់ព្រម ឲ្យនាវានេះ ចូលចតតាំងពីមុនម៉ោង ១០ ថ្ងៃទី១១ ខែកុម្ភៈឯណោះ ។

នៅពេលដែលឯកឧត្តម ស៊ុន ចាន់ថុល ទូរសព្ទ សួរខ្ញុំថា មានសំណើពីស្ថានទូតអាម៉េរិច ហើយរៀបរាប់ប្រាប់ខ្ញុំអំពីការបដិសេធ នៃប្រទេសមួយចំនួន ដែលមិនឲ្យចូល ហើយនៅលើនាវា ក៏ចង់អស់ស្បៀងហើយដែរ ។ បន្ទាប់ពីឯកឧត្តម ស៊ុន ចាន់ថុល បាននិយាយចប់ សម្ដេចបានប្រើ ពាក្យថា Wellcome សូមរៀបចំចាត់ចែងឱ្យពួកគេ បានចូលមកឱ្យឆាប់បំផុតតាមតែអាចធ្វើទៅបាន ។សម្ដេចនាយករដ្ឋមន្ត្រី ក៏បានអរគុណចំពោះអង្គការសុខភាពពិភពលោក ដែលអគ្គនាយក នៃអង្គការសុខភាពពិភព លោកបានធ្វើសេចក្ដីថ្លែងការណ៍គាំទ្រដល់កម្ពុជា ហើយគាត់ក៏មានបំណងសុំជួបជាមួយខ្ញុំតាមទូរសព្ទ, ខ្ញុំនឹងជួបគាត់ នៅពេលណាដែលប្រតិបត្តិការសង្គ្រោះនេះត្រូវបានបញ្ចប់ ព្រោះយើងនៅមានកិច្ចការច្រើនទៀតដែលត្រូវធ្វើ ។

សម្ដេចបានបញ្ជាក់ថា ថ្ងៃនេះអ្នកនៅលើនាវា ចាកចេញបានប្រមាណជាង ១០០នាក់តែប៉ុណ្ណោះ ក៏ប៉ុន្តែនៅសល់ច្រើន រយនាក់ទៀត ហើយថ្ងៃនេះ ខ្ញុំក៏បើកឱកាសសម្រាប់អ្នកនៅលើនាវាទាំងអស់ ឱ្យចាកចេញទៅធ្វើដំណើរ និងការកម្សាន្ត នៅក្នុងខេត្តព្រះសីហនុ, ប្រសិនបើមានដំណើរទស្សនកិច្ចនៅឯខេត្តសៀមរាបទៀត យើងនឹងបង្កលក្ខណៈងាយស្រួល, មានក្រុមហ៊ុនអាកាសចរណ៍កម្ពុជាអ៊ែរ ដែលបានត្រៀមរៀបចំសម្រាប់ការជួយដឹកជញ្ជូន ។ សម្ដេចសង្ឃឹមថា ពលរដ្ឋ កម្ពុជា នឹងយកការទទួលខុសត្រូវមួយក្នុងឋានៈជាអ្នកដែលបានចូលរួមចំណែក ដើម្បីលើកស្ទួយដល់សិទ្ធិរស់រានមាន ជីវិត សិទ្ធិដើរហើរដោយសេរី និងសិទ្ធិមិនត្រូវបានគេរើសអើង ហើយសម្រាប់ពីព្រលានយន្តហោះកងកេង ទៅកាន់ ព្រលានយន្តហោះ ទីក្រុងភ្នំពេញ សម្ដេចបានសួរបញ្ជាក់ទៅរដ្ឋមន្ត្រីក្រសួងទទួលបន្ទុករដ្ឋលេខាធិការអាកាសចរណ៍ ស៊ីវិល ក៏បានរៀបចំនៅទីកន្លែងនោះយ៉ាងល្អហើយដែរ ហើយសូមបងប្អូននៅទីនោះ កុំមានការភ័យខ្លាចអំពីការដែល ត្រូវឆ្លងជំងឺនេះ ឬជំងឺនោះ បញ្ហាដែលខ្ញុំបញ្ជាក់ហើយបញ្ជាក់ទៀត យើងត្រូវប្រយ័ត្ន គឺចេះតែប្រយ័ត្នទៅ ប៉ុន្តែមិនត្រូវ ជ្រុលហួសរហូតដល់ការតក់ស្លុត ហើយរហូតដល់មានការរើសអើងចំពោះអ្នកដែលធ្វើដំណើរនោះទេ ។

ជាមួយគ្នានេះដែរ សម្ដេចតេជោ ហ៊ុន សែន ក៏បានប្រកាសគាំទ្រជាមួយនឹងសេចក្ដីថ្លែងការណ៍របស់អគ្គនាយក នៃ អង្គការសុខភាពពិភពលោក ដែលថា ពេលនេះជាពេលដែលត្រូវរួមសាមគ្គីគ្នាដោះស្រាយបញ្ហា ដូច្នេះកម្ពុជា នឹងបន្ត ចូលរួមជាមួយសហគមន៍អន្តរជាតិ ដើម្បីដោះស្រាយបញ្ហាទាំងឡាយ ដែលខ្លួនអាចធ្វើទៅបាន ដូចជាករណីនេះ វាមិន ទៅហួសពីសមត្ថភាពរបស់កម្ពុជាទេ កម្ពុជា អាចធ្វើបាន អញ្ចឹងទេសូមស្វាគមន៍បងប្អូនដែលចង់ចុះលេងនៅទីរួមខេត្ត ព្រះសីហនុ Welcome to Cambodia ។

សម្ដេច ក៏សូមយកឱកាសនេះ ដើម្បីបញ្ជាក់ជូនថា ម្សិលមិញនេះ យើងបាននូវរបៀបចាត់ការរហ័ស តាមរយៈយក សំណាកអ្នកដែលមានសង្ស័យថា មានមេរោគដោយប្រើឧទ្ធម្ភាគចក្រ ដើម្បីដឹកទៅវិទ្យាស្ថានប៉ាស្ទ័រនៅទីក្រុងភ្នំពេញ ។ ២០នាក់ដែលសង្ស័យ ហើយយកទៅដាក់ទុកនៅក្នុងបន្ទប់ដោយឡែកនោះ មិនមានរកឃើញនូវសញ្ញាណាមួយ ដែល ប្រាប់ថា កើតវីរុស COVID-19 នោះទេ ។ ដូច្នេះ សូមកុំបារម្ភឲ្យសោះ ទាក់ទិនជាមួយនឹងការឆ្លងរីករាលដាលបន្ថែម ទៀត សុំប្រជាជនកម្ពុជា រក្សានូវសេចក្ដីថ្លៃថ្នូរ និងទទួលរាក់ទាក់ចំពោះភ្ញៀវរបស់យើង ដែលមកកាន់ទឹកដីរបស់យើង បន្ទាប់ពីភាពភ័យខ្លាចនៅក្នុងសមុទ្រ ។

សង្ឃឹមថា ប្រជាពលរដ្ឋយើង មានការយោគយល់ ហើយសង្ឃឹមថា ថ្ងៃក្រោយ នាវានេះ នឹងបន្តចូលមកកម្ពុជាសាជាថ្មីម្ដងទៀត យើងនឹងស្វាគមន៍ ។ សម្ដេចក៏បានអរគុណដល់ស្ថានទូតនានា ដែល បានទុកចិត្តចំពោះកម្ពុជា ហើយចូលចតនៅកម្ពុជា, កម្ពុជា នឹងទទួលខុសត្រូវគ្រប់បែបយ៉ាងទៅលើសុវត្ថិភាពអ្នកទាំង អស់ ដែលទាក់ទង និងការស្នាក់អាស្រ័យនៅលើទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner