អភិបាលខេត្តព្រះវិហារ ក្រើនរំលឹកដល់កងទ័ពជួរមុខទាំងអស់ បន្តពង្រឹងកិច្ចទំនាក់ទំនងជាមួយភាគីថៃ និងត្រូវបង្កើនការយកចិត្ត ទុកដាក់ទទួលខុសត្រូវ ចំពោះពលករដែលវិលចូលកម្ពុជាវិញ ឲ្យបានល្អប្រសើរ !

ដោយ ៖ ឡុង សំបូរ

ខេត្តព្រះវិហារ ៖ ប្រសាសន៍ក្រើនរំលឹករបស់ អភិបាលខេត្តព្រះវិហារ ឯកឧត្តម ប្រាក់ សុវណ្ណ បានធ្វើឡើងនៅល្ងាចថ្ងៃទី១៥ សីហា ឆ្នាំ២០២១ គ្រាដែលឯកឧត្តម បានអញ្ជើញចែកអំណោយ ជូនដល់អង្គភាពកងពលតូចអន្តរាគមន៍លេខ៨ ប្រចាំទិសទី១ ប្រាសាទព្រះវិហារ ដែលមានលោកឧត្តមសេនីយ៍ត្រី ច័ន្ទ សុខុន ជាមេបញ្ជាការ ។

អំណោយដែល ឯកឧត្តមអភិបាលខេត្តព្រះវិហារ បានផ្តល់ជូនអង្គភាពកងពលតូចអន្តរាគមន៍លេខ៨ រួមមាន មីខ្លាឃ្មុំ ២០កេស ,មីម៉ាម៉ា ២កេសធំ ,ត្រីខកំប៉ុង ២កេសធំ ,ទឹកបរិសុទ្ធ ២០កេស ,ទឹកក្រូកូកាកូឡា ១០កេស ,ស្ទីង ២០កេស ,ទឹកបរិសុទ្ធយួរ ៤០យួរ ,ម៉ាស់ ១០០ប្រអប់ ,អាល់កុល ២កាន់ ស្មើ ៦០លីត្រ និងប៉ៅអ៊ីចំនួន ៣០ ថែមទៀតផង ។

អភិបាលខេត្តព្រះវិហារ ឯកឧត្តម ប្រាក់ សុវណ្ណ បានថ្លែង ក្រើនរំលឹកដល់កងទ័ពទាំងអស់ ពិសេស អង្គភាពកងពលតូចអន្តរាគមន៍លេខ៨ ប្រចាំទិសទី១ ប្រាសាទព្រះវិហារ ដែលមានលោកឧត្តមសេនីយ៍ត្រី ច័ន្ទ សុខុន ជាមេបញ្ជាការ ត្រូវខិតខំប្រឹងប្រែងបន្ថែមទៀត ក្នុងការបង្កើនការទំនាក់ទំនងល្អ ជាមួយសមភាគីថៃ ដែលជាប្រទេសភូមិផងរបងជាមួយគ្នា ត្រូវបន្តយកចិត្តទុកដាក់ទទួលខុសត្រូវ ចំពោះពលករខ្មែរ ដែលភាគីថៃបានបញ្ជូនមកកម្ពុជាវិញ និងត្រូវតាមដានសុខភាពរបស់ពួកគេ (ពលករ) ឲ្យបានម៉ត់ចត់ ហើយត្រូវធ្វើការបញ្ជូនពួកគាត់ មកកាន់ខេត្តព្រះវិហារ ឲ្យបានឆាប់បំផុត គ្រាដែលពលករទាំងនោះ មិនទាន់បានពិនិត្យសុខភាព និងការធ្វើតេស្តរកមេរោគកូវីដ-១៩ ឬ Delta ដើម្បីងាយស្រួលដល់ក្រុមគ្រូពេទ្យ នៃរដ្ឋបាលខេត្តព្រះវិហារ ធ្វើតេស្តរកមេរោគកូវីដ និងការរៀបចំការស្នាក់នៅ ឬការដាក់ឲ្យនៅក្នុងមណ្ឌលព្យាបាល ឬមណ្ឌលចត្តាឡីស័ក ឲ្យបានសមរម្យ ទៅតាមគោលការណ៍ រាជរដ្ឋាភិបាលកម្ពុជា។

លោកអភិបាលខេត្តព្រះវិហារ បានបញ្ជាក់ថា ក្រោយការដាក់ចេញវិធានការរដ្ឋបាល បិទខ្ទប់ភូមិសាស្ត្រខេត្ត ដែលនៅជាប់ព្រំដែនថៃរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រីនោះមក ច្រកអានសេះ ដែលស្ថិតនៅលើកំពូលភ្នំដងរែក នៃខេត្តព្រះវិហារ រហូតមកដល់ពេលនេះ ក៏នៅតែបន្តបិទខ្ទប់នៅឡើយ។ រីឯ ពលករខ្មែរ ដែលនៅតែអាចឆ្លងកាត់ព្រំដែនបាន គឺការលួចចេញចូលតាមច្រករបៀងតូចៗ នៅក្នុងភូមិសាស្ត្រព្រំដែន នៃខេត្តព្រះវិហារ។ លោកថា បញ្ហានេះ អាជ្ញាធរខេត្ត តែងបានដាស់តឿនដល់មន្ត្រីព្រំដែនទាំងអស់ ត្រូវបន្តរឹតបន្តឹងឲ្យបានម៉ឹងម៉ាត់បំផុត ៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner