អាមេរិកចំណាយថវិកា១.២ពាន់លានដុល្លារ សង់ស្ថានទូតថ្មីនៅហាណូយ
ស្ថានទូតអាមេរិកនៅវៀតណាមបានចុះកិច្ចព្រមព្រៀងជាមួយនាយកដ្ឋានធនធានធម្មជាតិនិងបរិស្ថានទីក្រុងហាណូយ ដើម្បីជួលដីមួយកន្លែងដើម្បីសាងសង់ស្ថានទូតថ្មី។
ការចុះហត្ថលេខានេះបានធ្វើឡើងកាលពីពេលថ្មីៗនេះ ក្នុងពេលអនុប្រធានាធិបតីអាមេរិក លោកស្រី Kamala Harris បំពេញទស្សនកិច្ចនៅវៀតណាម ហើយលោកស្រីក៏ធ្វើជាអធិបតីភាពក្នុងពិធីនោះ ជាមួយមន្ត្រីជាន់ខ្ពស់វៀតណាមទៀតផង។
ស្ថានទូតថ្មី តម្លៃ១.២ពាន់លានដុល្លារអាមេរិក នឹងបោះទីតាំងនៅលើដីទំហំ៣.២ហិចតា ក្នុងសង្កាត់ Cau Giay ដែលត្រូវជួល៩៩ឆ្នាំ នេះបើតាមកិច្ចព្រមព្រៀង។
គួររម្លឹកថា ភាគីទាំងពីរបានព្រមព្រៀងលើការស្ថាបនាអគារស្ថានទូតអាមេរិកថ្មី កាលពីឆ្នាំ២០១៩ ខណៈដែលក្រុងហាណូយបានអនុម័តការជួលដីមួយកន្លែងនោះ កាលពីដើមឆ្នាំ២០២១៕