ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ១១រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២១

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារនានារបស់អ្នកដំណើរការទៅដោយភាពជោគជ័យ និងគ្មានផលរំខានធំដុំនោះទេ លើសពីនេះលោកអ្នកក៏អាចដោះស្រាយបានដោយសន្តិវិធីផងដែរ។ ប៉ុន្តែសូមប្រយ័ត្នបំផុតនៅពេលធ្វើប្រតិបត្តិការប្រាក់ ហើយកុំចូលក្នុងសកម្មភាពវិនិយោគ។ ហោរាសូមឲ្យអ្នកផ្តោតលើការងារជាជាងចំណាយពេលវេលាលើការចាប់យកការងារដទៃទៀត។ ក្នុងនោះការចំណាយពេលវេលានិយាយចែចង់ និយាយសន្ទនាមិនសមរម្យនឹងនាំទុក្ខទៅវិញ។ អ្នកក៏អាចស្ថិតនៅកណ្តាលនៃភាពនិយាយដើម ឈ្នានីសពីមនុស្សនៅក្បែរ ដូច្នេះគ្មានវិធីណាប្រសើរជាងការចាកចេញ ឬគ្រប់គ្រងអារម្មណ៍របស់ខ្លួន។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាសីថ្ងៃនេះផ្សារភ្ជាប់ទៅនឹងព្រឹត្តិការណ៍ជោគជ័យដែលគួរឲ្យចាប់អារម្មណ៍។ អ្នកនឹងទទួលអារម្មណ៍រីករាយ ចំពោះការផ្លាស់ប្តូរល្អៗក្នុងជីវិតនាពេលនេះ អ្វីៗដែលអ្នកបានប៉ងប្រាថ្នានឹងអាចសម្រេចបានដោយគ្មានអ្វីមកជំទាស់នោះទេ។ អ្នកនៅតែមានពេលវេលាច្រើនដើម្បីអនុវត្តផែនការ ដូជនេះមិនគួរធ្វើឲ្យខ្លួនរវល់មមាញឹកពេកនោះទេ។ ទន្ទឹមនឹងនោះ អ្នកទទួលបានភាពប៉ិនប្រសព្វក្នុងការបង្ហាញគំនិតរបស់អ្នកច្បាស់លាស់ ហើយធ្វើឲ្យគេពេញចិត្តពេញថ្លើមណាស់។ បន្ទាប់ពីនេះ សូមព្យាយាមចាប់អារម្មណ៍មិត្តរួមការងារ ពិសេសលើគំនិត និងទស្សនៈលើការងារ។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ រាល់កិច្ចការងារ និងអាជីវកម្មមានសកម្មភាពមមាញឹក និងទទួលបានផលជាទីគាប់ចិត្ត។ ប៉ុន្តែបញ្ហាមួយចំនួននឹងអាចកើតឡើង ពិសេសសូមអ្នកកុំចុះចាញ់នឹងការល្បួងរបស់អ្នកដទៃ។ ប្រហែលជាមនោសញ្ចេតនានៅក្នុងការិយា នឹងនាំឲ្យអ្នកមានអារម្មណ៍វិលវល់ ហើយអ្នកក៏ទំនងនឹងត្រូវរារាំងមិនឲ្យមានភាពរីកចម្រើនក្នុងអាជីពដែរ ប៉ុន្តែដោយសារអ្នកទទួលបានភាពរហ័សរហួនក្នុងការសម្របទៅតាមស្ថានភាព និងក្តោបក្តាប់ដំណឹងបានល្អ គឺអ្នកអាចឆ្លើយតបទៅវិញដោយភាពវិជ្ជមាន។ ដោយឡែក សូមប្រយ័ត្នប្រយែងការបាត់បង់លុយកាក់បន្តិច។

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះប្រសិនបើអ្នកប្តេជ្ញាចិត្តធ្វើអ្វីមួយ ចូរកុំស្ទាក់ស្ទើរ ពីព្រោះហោរាសាស្រ្តអាជីព ធានាផ្តល់ជូនលោកអ្នកនូវលទ្ធភាពបញ្ចប់ការងារដោយជោគជ័យ។ ថ្ងៃនេះមានអំណោយផលដល់កិច្ចការជាក្រុម ឬការងារតែម្នាក់ឯងក្តី​ ដូច្នេះសូមយកទុកដាក់រាល់គំនិតយោបល់របស់មិត្តរួមការងារ ប៉ុន្តែមិនចាំបាច់ត្រូវរងចាំជំនួយនោះទេ។ ហើយបើយកល្អជាងនេះ សូមជ្រើសរើសការងារដែលទាក់ទងនឹងសមត្ថាភាពវិជ្ជាជីវៈរបស់ខ្លួន ហើយព្យាយាមធ្វើការអនុវត្តតាំងពីព្រឹកតែម្តង។ លើសពីនេះ ភាគច្រើនអ្នកអាចគ្រប់គ្រងករណីជាច្រើនដែលបានគ្រោងទុក។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីលោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងារនានារបស់លោកអ្នកនឹងទទួលបានជោគជ័យយ៉ាងគាប់ចិត្ត ដូច្នេះសូមកុំមានការភ័យខ្លាច សូមសម្រេចចិត្តធ្វើអ្វីដែលអ្នកបានគ្រោងទុក។ ក៏ប៉ុន្តែសូមលោកអ្នកកុំធ្វើការផ្លាស់ប្តូរអ្វីឡើយ ប្រសិនបើអ្នកមិនមានគម្រោងច្បាស់លាស់ ឬមិនទុកចិត្ត។ ចំពោះសញ្ញាណហិរញ្ញវត្ថុ ហាក់កំពុងស្ថិតក្នុងស្ថានភាពមិនសូវស្ថិតស្ថេរប៉ុន្មានទេ ដូច្នេះសូមចំនាយដោយមានខ្ទង់ និងគោលបំណងច្បាស់លាស់។ ចំពោះការទំនាក់ទំនងគឺលោកអ្នកអាចធ្វើទៅបាន ប៉ុន្តែគួរជ្រើសរើសក្រុមតូចជាជាងការប្រជុំពិភាក្សាជាមួយមនុស្សច្រើន។ សូមចងចាំថា កំហុសដោយពាក្យសំដីអាចកើតឡើង ដូច្នេះសូមនិយាយដោយការគោរព។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ មុខរបរអាជីវកម្ម និងកិច្ចការងារនានារបស់អ្នកដំណើរការទៅដោយរលូន និងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មនុស្សជុំវិញ។ ប៉ុន្តែសូមព្យាយាមកំណត់ការទំនាក់ទំនងរបស់អ្នកជាមួយមិត្តរួមការងារ និងដៃគូ។ បើអាចកុំចូលរួមក្នុងកិច្ចប្រជុំ និងការចរចា។​ ភាគច្រើន អ្នកអាចនឹងមិនយល់ពីស្ថានភាពដែលប្រើប្រួលបានលឿនទេ។ សូមអ្នកចងចាមអំពីខ្សែសង្វាក់នៃការងារ ពិសេសទាក់ទងនឹងការបញ្ជា ឬផ្តល់យោបល់។ វាមានសារសំខាន់ណាស់ ក្នុងការរក្សាទំនាក់ទំនងជាមួយមនុស្សក្រោមបង្គាប់។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាល់កិច្ចការងារនានារបស់លោកអ្នក ដំណើរការទៅយ៉ាងល្អប្រសើរណាស់ ព្រមទាំងគ្មានផលរំខានអ្វីនោះឡើយ។ ដូច្នេះសូមលោកអ្នកប្រើប្រាស់ឳកាសនេះទាញយកផលឲ្យបានល្អបំផុត ហើយក៏មិនចាំបាច់ត្រូវមានការភ័យខ្លាចនោះទេ។ ក្នុងនោះ លោកអ្នកក៏អាចទទួលដំណឹងចំពោះការធ្វើដំណើរទស្សនកិច្ច និងការពិភាក្សាលើការងារធំផងដែរក្នុងរយៈពេលនេះ។ ក្នុងនោះ ភាគច្រើនអ្នកត្រូវធ្វើការសម្រេចចិត្តសំខាន់ទាក់ទងនឹងសកម្មភាពការងារ ដូច្នេះសូមវាយតម្លៃដោយចក្ខុវិស័យវែងឆ្ងាយ។ ចំពោះស្ថានភាពដែលនឹងអាចផ្លាស់ប្តូរលឿនក្នុងថ្ងៃនេះ ទាមទារការរហ័សរហួន និងចិត្តត្រជាក់។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ អ្នកមានលទ្ធភាពខ្ពស់ដើម្បីធ្វើកិច្ចការផ្សេងៗដោយទំនុកចិត្ត និងអាចបញ្ជៀសបញ្ហាគ្រប់យ៉ាងដែលអាចកើតមានក្នុងពេលនេះ។ ក្រៅពីនេះ ដោយយោងទៅលើលទ្ធភាពនៃគំនិតយោបល់ល្អៗពីមនុស្សក្នុងក្រុមការងារ លោកអ្នកអាចនឹងដោះស្រាយរឿងធំតូចដែលបានកើតឡើងដោយជោគជ័យ និងងាយស្រួល។ ចំពោះផ្នែកហិរញ្ញវត្ថុវិញ ​លោកអ្នកកំពុងតែទទួលបានសញ្ញាណនៃការកើនឡើងទ្រព្យ និងលាភសំណាងយ៉ាងល្អប្រសើរណាស់ ដូច្នេះគ្មានអ្វីដែលគួរឲ្យបារម្ភ ឬមានការភ័យខ្លាចក្នុងការធ្វើប្រតិបត្តិការនោះទេ។ ទន្ទឹមនឹងនោះ សូមកុំភ្លេចការសណ្តោស និងចែករំលែក។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ក្នុងពេលនេះ មានឳកាសច្រើននឹងទទួលបានការងារ និងមុខជំនួញ ប៉ុន្តែសូមទទួលយក ហើយអនុវត្តឲ្យបានត្រឹមត្រូវ។ ចំពោះការបណ្តាក់ទុន ឬបង្កើតការងារថ្មី ហាក់មិនសូវសមប្រកបនោះទេ ពីព្រោះថ្ងៃនេះមិនមែនជាពេលវេលាល្អក្នុងការចំណាយលុយកាក់ ឬធ្វើសកម្មភាពខ្លាំងក្លានោះទេ យកល្អគួររងចាំពេលខាងមុខ។ ក្នុងនោះសូមកុំយកខួរក្បាលទៅគិតរឿងចាស់ដែលកន្លងទៅហើយ ពីព្រោះវានឹងទាញអ្នកមិនឲ្យសម្រេចចិត្តបានត្រឹមត្រូវនោះទេ។ ដូចគ្នាដែរ ការស្តាប់មតិយោបល់ពីមនុស្សនៅជុំវិញខ្លួនជាការល្អប្រសើរបំផុត ប៉ុន្តែសូមចេះវិភាគ ការជឿជាក់ត្រូវតែមានកំរិត។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ ចូរប្រយ័ត្នប្រយែងគ្រប់ទិដ្ឋភាពការងារ និងទំនាក់ទំនងជាមួយសមាជិកក្នុងក្រុមការងារទាំងមូល។ ជាពិសេស សម្រាប់អាជីវករ ចូររក្សាភាពទន់ភ្លន់ រស់រាយរាក់ទាក់។ ប្រសិនបើអ្នករក្សាពាក្យសំដី និងគំនិតយោបល់ឲ្យស្ថិតនៅក្នុងកំរិតដែលអាចគ្រប់គ្រងបាន នោះរឿងធំនឹងក្លាយជារឿងតូច ហើយងាយស្រួលបំផុត។ ប្រសិនបើលោកអ្នកមានអារម្មណ៍ធុញទ្រាន់ ស្មុគ្រស្មាញក្នុងការងារ សូមដកឃ្លាបន្តិច ហើយពិនិត្យរកភាពខ្វះចន្លោះ និងកែប្រែជាថ្មី។ ក្រៅពីនេះ សូមរក្សាសុខភាព ការសម្រាកជួយលោកអ្នកមិនឲ្យទទួលយកភាពស្មុគ្រស្មាញច្រើន។​

ឆ្នាំចរ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងែនេះស្រុតចុះ។ កិច្ចការងារ និងអាជីវកម្មរបស់អ្នកហាក់ប្រទះនឹងភាពរអាក់រអួលដោយមិនរំពឹងទុក ភាពចំណេញខាតពិបាកកំណត់ខ្លាំងណាស់។ ចំណែកបញ្ហាតូចតាចជាច្រើនអាចនឹងកើតឡើង ដែលបណ្តាលឲ្យលទ្ធផលនៃកិច្ចការរបស់អ្នកមិនអាចទទួលផលធំដុំនាពេលនេះ។ ហេតុដូច្នេះ សូមយកចិត្តទុកដាក់ក្នុងការគ្រប់គ្រងស្ថានការណ៍។ បើទោះបីជាស្ថានភាពល្អមិនស្ថិតលើគន្លងផ្លូវរបស់អ្នកក្នុងថ្ងៃនេះ​សូមខិតខំជានិច្ច ហើយត្រូវមានជំនឿចិត្តខ្ពស់ ហើយនៅតែគាំទ្រភាពច្បាស់លាស់នៃគម្រោងផែនការរបស់ខ្លួន ជាជាងបក់បោកទៅតាមសភាពខាងក្រៅ។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ លោកអ្នកមានជំនួយច្រើនពីមនុស្សនៅក្បែរខ្លួន ដូច្នេះប្រសិនបើអ្នកអាចគួរចែករំលែកការងារជា​ច្រើនក្នុងថ្ងៃនេះដល់មិត្តរួមការងារ។ លើសពីនេះ ប្រសិនបើអ្នកចង់ចាក់ចេញពីស្ថានភាពចាស់​ សូមសម្រេចចិត្តធ្វើចុះ អ្វីៗដំណើរការល្អ តាមបំណងប្រាថា្ន។ ក្រៅពីនេះ សូមគ្រប់គ្រងមនោសញ្ចេតនាឲ្យនៅមួយកន្លែង មិនគួរយកវាមកលាយបញ្ចូលក្នុងការងារទេ។ កំហុស និងភាពត្រឹមត្រូវ គួរតែកំណត់ឲ្យបានច្បាស់ បើទោះជាត្រូវការបកស្រាយពន្យល់ទៅដល់ថ្នាក់លើក្តី។ ប្រសិនបើអ្នកសំដែងអាកប្បកិរិយា និងពាក្យសំដីទន់ភ្លន់ ទោះបញ្ហាបែបណាក៏នឹងអាចដោះស្រាយបាន ដោយងាយ។​

ចំណាំ៖

ឆ្នាំទាំង៤ ឆ្លូវ រោង មមី មមែ​ រាសីឡើងខ្ពស់ត្រដែត។ លោកអ្នកនឹងទទួលផលតាមក្តីប៉ងប្រាថ្នា ចំណែកប្រាក់កាស និងតំណែងការងារ ព្រមទាំងសេចក្តីសុខសម្រាន្តនឹងផ្តល់ជូនលោកអ្នកពេញលេញក្នុងថ្ងៃនេះ។  

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner