ហោរាសាស្រ្តប្រចាំថ្ងៃសៅរ៍ ១២រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២១

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ការងារ និងរបររកស៊ីជួញដូរកំពុងដំណើរការនៅលើគន្លងផ្លូវល្អប្រសើរ។ លោកអ្នកអាចរក្សាអាជីពឲ្យនៅដដែល ឬផ្លាស់ប្តូរទៅតាមក្តីប្រាថា្ន ពីព្រោះជម្រើសមួយណាក៏គង់នឹងល្អប្រសើរដែរក្នុងថ្ងៃនេះ។ ក្នុងនោះសូមលោកអ្នកយកចិត្តទុកដាក់ក្នុងការបង្ហាញលទ្ធផលការងារដែលត្រឹមត្រូវ ហើយក៏មិនអាចមើលងាយស្ថានការណ៍ដែរ។ ភាពមន្ទិលសង្ស័យ និងមតិរិះគន់មិនអាចកំចាត់បង់បាន ប៉ុន្តែសូមប្រកាន់ជំហរ ជាមួយភាពត្រឹមត្រូវ ហើយក៏តបត។ ថ្ងៃនេះយកល្អគួរចូលទៅកៀកនឹងថា្នក់លើ ឬប្រធាន។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​ រាសីរបស់លោកអ្នកល្អជាមធ្យម។ ថ្ងៃនេះមានអំណោយផលទៅដល់ការឆ្លុះបញ្ចាំង និងការវិភាគអំពីស្ថានភាពបច្ចុប្បន្ន ក៏ដូចជាការបង្កើតស្នាដៃថ្មីរបស់ការងារ។ ការប៉ះទង្គិចអារម្មណ៍តិចតួចអាចនឹងកើតឡើង ប៉ុន្តែគ្មានហេតុផលដែលអ្នកត្រូវគិតគូរនាំលំបាកនោះទេ។ សូមលោកអ្នកកំណត់ទំហំនៃទំនាក់ទំនង ហើយជ្រើសរើសតែមនុស្សជំនិតដើម្បីចែករំលែកកិច្ចការងារសំខាន់ ប្រសិនបើអាចធ្វើបានគឺធានាថារាល់បញ្ហាមិនមាននោះទេ។ ផ្ទុយទៅវិញ សូមប្រយ័ត្នសុខភាព ពិសេសការបាត់បង់ជាតិទឹក។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីរបស់លោកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងារនានាទទួលបានភាពរីកចម្រើន ក្នុងនោះលោកអ្នកអាចនឹងទទួលបានការសរសើរ និងជឿជាក់ពីមនុស្សគ្រប់លំដាប់ថ្នាក់។ ប្រសិនបើលោកអ្នកមានបំណងធ្វើអ្វីមួយ សូមសម្រេចចិត្តធ្វើចុះ ពីព្រោះផលលំបាកមិនមានទេ។ ក្នុងនោះដែរ នៅរវាងពេលរសៀលលោកអ្នកអាចទទួលបានដំណឹងដែលរងចាំ ហតុដូច្នេះសូមរក្សាភាពសំដី និងគួរឆ្លើយតបឲ្យបានសមស្រប។ ចំពោះការលក់ចេញ ទិញចូលអចលនទ្រព្យឃើញថាបានផលចំណេញណាស់ មិនត្រឹមតែប៉ុណ្ណោះលោកអ្នកអាចប្រាកដចិត្តពីស្ថេរភាពបានទៀតផង។

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីរបស់អ្នកក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលវេលាល្អបំផុតក្នុងការដោះស្រាយបញ្ហាដែលទាក់ទងនឹងលុយកាក់នោះទេ។ ហើយការខ្ចីបុល មិនមែនជាផែនការអនុវត្តល្អទេ​ពីព្រោះភាពខាតបង់កំពុងកើតឡើង។ ក្រៅពីនេះ សូមព្យាយាមបដិសេធការងារខ្លះដែលមិនចាំបាច់ ឬមិនមែនស្ថិតក្នុងតួនាទីរបស់អ្នក ពីព្រោះវាកំពុងនាំភាពតានតឹងក្នុងកំរិតអតិបរមា។ បើទោះជាស្ថានការណ៍ថ្ងៃនេះ ហាក់មិនសមប្រកបក្តី លោកអ្នកមានលទ្ធភាពយល់ដឹង និងអាចគ្រប់គ្រងវាបានល្អ។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារនានាលោកអ្នកកំពុងដំណើរការទៅដោយភាពចម្រើន។ ថ្ងៃនេះភាគច្រើនអ្នកអាចជៀសវាងស្ថានភាពវឹកវរ ដែលជាប់ទាក់ទងនឹងការងារ ដោយសារលោកអ្នកមានមនុស្សជាច្រើននៅចាំជួយយកអាសារ។ ប៉ុន្តែក៏ហាមប្រាមមិនឲ្យផ្តេកផ្តួលទៅលើអ្នកដទៃដែរ សូមកំណត់លទ្ធភាពជោគជ័យដោយខ្លួនឯងទើបជាការល្អប្រសើរបំផុត។ ថ្ងៃនេះ អ្នកប្រហែលជាមិនសូវត្រូវគ្នានឹងមនុស្សផ្ទុយភេទ ដែលកំពុងនៅក្បែរគ្នានោះទេ ដូច្នេះសូមមានការគោរព និងអត់ធ្មត់បន្ថែម។ ថ្ងៃនេះការចាកចេញផ្លូវឆ្ងាយមិនសូវល្អទេ ពិសេសតាមជើងទឹកតែម្តង។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​ រាសីរបស់លោកអ្នកក្នុងពេលនេះឡើងខ្ពស់ត្រដែត។ កិច្ចការងារទាំងឡាយរបស់អ្នក អាចនឹងសម្រេចតាមក្តីប្រាថា្ន។ សញ្ញាណនៃទ្រព្យសម្បត្តិ និងលាភសក្ការៈកើតឡើងច្រើននៅរវាងជិតម៉ោងបញ្ចប់ការងារ។ លោកអ្នកមានឳកាសច្រើនក្នុងការនិយាយលួងលោម ធ្វើឲ្យមនុស្សនៅជុំវិញខ្លួនជឿទុកចិត្តបាន ដូច្នេះការពិភាក្សា ចរចា មានលទ្ធភាពពេញទី។ ថ្ងៃនេះលោកអ្នកមានថាមពលខ្លាំង ពិសេសផ្នែកស្មារតី ដូច្នេះលោកអ្នកអាចគិតគូរបានលឿន។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារ និងរបររកស៊ីជួញដូរ ទទួលបានការគាំទ្រចាប្រក្រតី។ ថ្ងៃនេះជាពេលវេលាល្អក្នុងការប្រជុំពិភាក្សា ហើយការបោះទុនថ្មីក៏អាចធ្វើទៅបានដែរ។ ផ្ទុយទៅវិញ អារម្មណ៍របស់អ្នកហាក់ទទួលសំពាធបន្តិច ដូច្នេះសូមរៀនគ្រប់គ្រងស្ថានការណ៍ ពិសេសកុំភ្ជាប់ខ្លួននឹងភាពបរាជ័យ។ ថ្ងៃនេះ ឳកាសល្អបំផុតសម្រាប់លោកអ្នក ច្រើនតែត្រូវគេនាំមកឲ្យច្រើនជាងការស្វែងរកខ្លួនឯង ដូច្នេះជាការល្អប្រសើរណាស់ ដែលអ្នកគួរយកចិត្តទុកដាក់នឹងការផ្តល់ឳកាស។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ហោរាសាស្រ្តអាជីពរបស់អ្នកណែនាំឲ្យមានការវាយតម្លៃនានាជាមួយនឹងភាពឆ្លាតវៃ ហើយជៀសវាងកិច្ចការងារ ឬគម្រោងណាដែលទាក់ទងនឹងសំណួរចម្លើយ ឬទាមទារការសម្រេចចិត្ត។ លោកអ្នកអាចងាយរងកំហុសដោយអចេតនា ដូច្នេះការនិយាយតិចជាជម្រើសល្អ។ ក្នុងកាលទេសដែលអ្នកជួបបញ្ហាគួរសុំកិច្ចពិភាក្សា ប៉ុន្តែមិនអាចជឿទុកចិត្តមនុស្សផ្ទុយភេទ​ឆ្នាំជូតបានទេ។ ក្រៅពីនេះ អ្នកមានអំណោយផលទាក់ទងការស្វែងរក និងគ្រប់គ្រងពត៌មាន។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។​ រាសីថ្ងៃនេះនឹងផ្តល់ឲ្យលោកអ្នកនូវភាពរីករាយ ព្រមទាំងការសម្រេចបាននូវរាល់ការងារ​ រួមទាំងការងារដាក់ចេញនាពេលកន្លងមកទៀតផង។ លោកអ្នកក៏មានលទ្ធភាពទទួលបានលាភសក្ការ ទ្រព្យសម្បត្តិ និងលទ្ធភាពអភិវឌ្ឍន៍ការងារដែរ ប៉ុន្តែអំណោយផលនេះទាក់ទងដោយផ្ទាល់ទៅលើការពិនិត្យវាយតម្លៃរបស់អ្នក។ ដោយឡែក សូមផ្សារភ្ជាប់ការងារទៅតាមគម្រោងផែនការជានិច្ច។ ប្រសិនបើអ្នក នឹងចូលរួមក្នុងការពិភាក្សា ឬការសម្រេចចិត្ត សូមកុំសម្តែងមតិរិះគន់ ឬយោបល់ដែលនាំឲ្យប៉ះពាល់ដល់អ្នកដទៃ។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះកិច្ចការងារ និងរបររកស៊ីជួញដូររបស់អ្នកមានដំណើរការទៅដោយរលូន និងមានអ្នកគាំទ្រច្រើន។ មនុស្សជុំវិញខ្លួនអ្នក គឺសុទ្ធតែអាចពឹងពាក់អាស្រ័យបាន។ ក្នុងពេលនេះ ស្ថានភាពការងារអាចនឹងប្រែប្រួលច្រើន ហើយបន្ទុកក៏ហាក់មានច្រើនដែរ។ បើទោះបីជាយ៉ាងនេះ សូមកុំប្រញាប់បដិសេធ ព្យាយាមបំពេញការងារឲ្យឆាប់រួសរាន់ ពីព្រោះការងារទាំងនោះនឹងផ្តល់ការកត់សម្គាល់វិជ្ជមាន។ លោកអ្នកនៅតែមានលទ្ធភាពក្នុងការប្រាស្រ័យទាក់ទង និងសម្តែងការយល់ឃើញជាមួយមនុស្សក្បែរខ្លួន។

ឆ្នាំចរ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ រាល់ការងារនានាដែលអ្នកកំពុងតែអនុវត្ត មានដំណើរការល្អជាប្រក្រតី។ សម្រាប់ការងាររដ្ឋ និងឯកជន ឬការបណ្តាក់ទុនលើមុខរបរថ្មីមិនគួររំពឹងជ្រុលពេកទេ ពីព្រោះនៅភាគកណ្តាលថ្ងៃដំណើរការការងារថ្ងៃនេះ អ្នកអាចនឹងត្រូវប្រទះភាពអសកម្ម។ ប្រការចំាបាច់សូមអ្នកគ្រប់គ្រងផែនការអនុវត្ត សូមយល់ដឹងឲ្យបានច្បាស់នៅជំហានរបស់ខ្លួន ពិសេសធ្វើយ៉ាងណាកុំឲ្យធ្លាក់ក្នុងមធ្យោបាយមិនល្អ។ វាមានភាពចាំបាច់ណាស់ ដែលលោកអ្នកត្រូវបោះជំហានជាមួយភាពប្រុងប្រយ័ត្នពេញមួយថ្ងៃតែម្តង។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីរបស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ នៅថ្ងៃនេះសូមព្យាយាមការពារខ្លួនពីការរំខាន និងទំនាក់ទំនងដែលមិនចាំបាច់។ ប្រសិនបើអ្នកការពារ ឬអាចជៀសពីការជួបជុំ ដោយរួមទាំងការពិភាក្សា ការសម្រេចចិត្ត និងការចូលរួមក្នុងបញ្ហារបស់អ្នកដទៃបាន គឺអ្នកនឹងមានសុវត្ថិភាពជាង។ ចំពោះហិរញ្ញវត្ថុវិញ គឺអ្នកមិនមានលទ្ធភាពគ្រប់គ្រាន់ប្រាក់សន្សំទេ ហើយការបាត់បង់បងខូចខាតគឺអាចកើតឡើងងាយ។ យកល្អកុំទាន់អនុវត្តការងារធំដុំសិន ហើយយកចិត្តទុកដាក់អភិវឌ្ឍន៍កិច្ចការបច្ចុប្បន្ន។ ដោយអ្នក ប្រសិនជាលោកអ្នក មិនអាចកែប្រែស្ថានការណ៍ណាមួយដោយខ្លួនឯង គឺគួរសុំជំនួយពីមនុស្សឆ្នាំមមែ។

ចំណាំ៖

ឆ្នាំទាំង៣ ខាល ម្សាញ់ វក រាសីឡើងខ្ពស់ត្រដែត។ លោកអ្នកនឹងទទួលបានលាភធំ ហើយអាចសម្រេចរាល់កិច្ចការងារនានាដែលអ្នកបានគ្រោងទុក។ ចំពោះសុភមង្គលក៏នឹងកើតឡើងទន្ទឹមគ្នាផងដែរ។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner