ហោរាសាស្រ្តប្រចាំថ្ងៃច័ន្ទ ១៤រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១

ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ សូមចំណាយពេលមួយថ្ងៃធ្វើការជាមួយឯកសារ ឬផ្តោតលើការសរសេររបាយការណ៍។ ព្យាយាមបំពេញរាល់ការងារទាំងនោះតាមដែលអាចធ្វើទៅបាន។ ទន្ទឹមនឹងនោះ សូមទាក់ទងជាមួយមិត្តរួមការងារ និងអតិថិជនឲ្យបានល្អ។ ក្នុងពេលនេះអ្នកក៏អាចមានទំនាស់ជាមួយមនុស្សរួមការងារជាមួយគ្នា ពិសេសជាមួយអតិថិជនតែម្តង។ ប្រសិនបើអ្នករៀនអត់ធ្មត់បន្តិច នោះអ្នកនឹងសន្យាថានឹងបញ្ចប់ការងារដោយជោគជ័យ។ ក្រៅពីនេះ អ្នកអាចជំនះរាល់ឧបសគ្គដោយប្រើវិធីធម្មតាៗបាន អ្វីៗមិនតានតឹងនោះទេ។ ក្រៅពីនេះ អ្នកមានការប៉ិនប្រសព្វក្នុងការបង្ហាញគំនិតណាស់។  

ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ អ្នកអាចនឹងខាតបង់ហិរញ្ញវត្ថុតិចតួច។ កុំផ្តួចផ្តើមក្នុងបញ្ហាណាមួយដែលទាក់ទងនឹងប្រាក់​ឬប្រតិបត្តិការពាណិជ្ជកម្ម។ ទន្ទឹមនឹងនេះ អ្នកមិនអាចធ្វើការប្រថុយប្រថាននឹងសកម្មភាពណាមួយសោះឡើយ។ ការសម្រេចចិត្តលឿនអាចជះឥទ្ធិពលអវិជ្ជមានដល់កេរ្តិ៍ឈ្មោះអាជីវកម្មរបស់អ្នក។ បើទោះបីជាស្ថានភាពថ្ងៃនេះហាក់ដូចជាហាមប្រាមជំហានរបស់អ្នកបន្តិចក្តី លោកអ្នកទទួលបានអំណោយផលក្នុងការចល័តគំនិត និងទស្សនវិស័យទូលំទូលាយ។ មិនត្រឹមតែប៉ុណ្ណោះ អ្នកអាចគ្រប់គ្រងករណីជាច្រើន។  

ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីលោកអ្នកថ្ងៃនេះស្រុតចុះ។ ហោរាព្រមានដល់ការធ្វើសកម្មភាពដោយឯកឯង ពីព្រោះជាបុព្វហេតុនៃភាពអវិជ្ជមាន និងអន្តរាយធំ។ សូមលោកអ្នកធ្វើការសម្រេចចិ្តដោយផ្អែកលើភាពពិត មិនមែនប្រើប្រាស់អារម្មណ៍ផ្តេសផ្តាសនោះទេ។ ចំពោះការបង្កើតគម្រោងផែនការរកស៊ីថ្មី ឬការផ្លាស់ប្តូរបរិបទការងារត្រូវតែប្រយ័ត្នបំផុត បើអាចគួរតែផ្អាកសិន​ ហើយរងចាំពេលអំណោយផលជាងនេះល្អប្រសើរ។ ផ្ទុយទៅវិញ អ្នកមានតុល្យភាព និងសន្តិភាពក្នុងចិត្តណាស់ថ្ងៃនេះ ដូច្នេះអ្វីៗអ្នកអាចមានលទ្ធភាពដោះស្រាយបាន។

ឆ្នាំថោះ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អមធ្យម។ សូមលោកអ្នកព្យាយាមទទួលខុសត្រូវការងារ បើទោះបីជាការងារនោះតូចតាចយ៉ាងណាក៏ដោយ ពិសេសចូរបំពេញការងារដែលថា្នក់លើដាក់ឲ្យ ក្នុងនោះការបដិសេធអាចធ្វើទៅបាន ប៉ុន្តែក៏គួរមានហេតុផលសមស្របផងដែរ។ ក្នុងថ្ងៃនេះ អ្នកមានលទ្ធភាពគ្រប់គ្រងភាពផ្លាស់ប្តូរនានា ដូច្នេះនឹងមិនមានភាពតានតឹង ដែលរំខាន ឬបង្អាក់ដល់លទ្ធផលការងារនោះទេ។ ក្រៅពីនេះ រាល់ការងារដែលទាក់ទងនឹងឯកសារត្រូវតែប្រុងប្រយ័ត្នបន្ថែម ពីព្រោះការបាត់បង់ពត៌មានអាចនឹងកើតឡើង។ ដោយឡែក លោកអ្នកនឹងទទួលបានភាពរីករាយសម្រាប់ទំនាក់ទំនងផ្ទាល់ខ្លួនណាស់។  

ឆ្នាំរោង ​សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ការងារ និងអាជីពក្នុងថ្ងៃនេះដំណើរការទៅដោយល្អប្រសើរ ប៉ុន្តែលទ្ធផលធំដុំមិនទាន់អាចមកដល់នោះទេ។ អ្នកគួរចំណាយពេលវេលា វាយតម្លៃគម្រោងផែនការ និងស្ថានការណ៍នៅជុំវិញខ្លួន ហើយកុំមានភាពរឹងទន្ទឹងពេក ការសម្របសម្រួលគឺជាមធ្យោបាយដែលមានឥទ្ធពល។ ក្នុងនោះជៀសវាងឲ្យបានការវាយតម្លៃលឿន ឬពឹងទៅលើអារម្មណ៍។ ចំពោះទំនាក់ទំនងជាមួយមនុស្សនៅជុំវិញខ្លួន ហាក់អាស្រ័យទៅលើអាកប្បកិរិយា និងពាក្យសំដីរបស់អ្នក។ បើអ្នកអាចគ្រប់គ្រងខ្លួនឯងបញ្ហានឹងមិនកើតឡើង ផ្ទុយទៅវិញផលល្អនឹងកើតឡើងជំនួសមកវិញ។

ឆ្នាំម្សាញ់ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកទទួលបានអំណោយផលនៃគំនិតប្រាជ្ញវាងវៃ និងរហ័សរហួន។ ក្នុងនោះទំនាក់ទំនងជាមួយមនុស្សនៅជុំវិញខ្លួនក៏ល្អប្រសើរណាស់ទៅទៀត ហេតុដូច្នេះអ្នកអាចសម្រេចបំណងប្រាថ្នា និងអាចធ្វើឲ្យកិច្ចការងារទទួលបានភាពជោគជ័យគួរឲ្យមោទនក្រៃលែង។ ប៉ុន្តែសូមអ្នកព្យាយាមរស់នៅក្នុងភាពអធ្យាស្រ័យ និងកុំវាយតម្លៃអ្វីៗក្នុងកំរិតទាបពេក។ ក្រៅពីនេះ ពេលខ្លះវាមានប្រយោជន៍ ប្រសិនបើអ្នកចូលរូមសកម្មភាព ឬទទួលយកបទពិសោធន៍ពីមនុស្សក្នុងការងារជាមួយគ្នា។ លើសពីនេះ អ្នកអាចគ្រប់គ្រងស្ថានភាពថប់បារម្ភបានល្អ។​

ឆ្នាំមមី សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ អ្នកអាចបំពេញការងារ ឬបញ្ចប់ការងារដែលអ្នកកំពុងទទួលខុសត្រូវ ប៉ុន្តែការបង្កើតការងារថ្មី ការបណ្តាក់ទុន ឬការផ្លាស់ប្តូរបរិបទការងារមិនគួរធ្វើនៅពេលនេះទេ ដោយសារស្ថានភាពនៃបញ្ហាទាំងឡាយមិនទាន់អាចធានាបាននៅឡើយ។​ សូមត្រៀមលក្ខណៈជានិច្ច និងសម្របខ្លួនដោយយោងទៅលើបទពិសោធន៍ និងវិជ្ជាជិវៈរបស់ខ្លួន។ ការប្រើប្រាស់ចំណេះដឹង និងបទពិសោធន៍ក៏គួរគោរពទៅលើបទពិសោធន៍របស់អ្នកដទៃនៅក្នុងក្រុមការងារជាមួយគ្នាដែរ។ ក្រៅពីនោះ បញ្ហាលុយកាក់ទាំងឡាយមិនគួរយកខ្លួនទៅទាក់ទងនោះទេ ប្រយ័ត្នត្រូវគេបញ្ឆោត។  

ឆ្នាំមមែ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ អាជីពការងាររបស់អ្នកក្នុងថ្ងៃនេះមិនសូវជាអាចទទួលនូវផលល្អនោះទេ។ អ្នកអាចមានការខាតបង់ច្រើនណាស់ ដូច្នេះសូមកុំចំណាយដើមទុនច្រើន។ ចំពោះលោកអ្នកដែលបម្រើការងាររដ្ឋ និងឯកជនជៀសវាងបង្ហាញភាពប្រថុយប្រថានរបស់អ្នកដល់មិត្តរួមការងារ និងដៃគូជំនួញឲ្យមានការភ្ញាក់ផ្អើល។ ក្នុងនោះសូមព្យាយាមបំពេញការងារទៅតាមកាលវិភាគ ហើយការងារដែលមិនមែនជាបន្ទុករបស់អ្នកក៏មិនគួរទៅពាក់ព័ទ្ធដែរ ពីព្រោះគោលបំណងល្អរបស់អ្នកអាចនឹងមិនទទួលបានការកត់សម្គាល់នោះទេ។  

ឆ្នាំវក សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកមានលទ្ធភាពអាចសម្រេចផែនការអនុវត្តទាំងឡាយដែលបានដាក់ចេញ។ ចំពោះអាជីវករអាចទទួលបានការគាំទ្រពីអតិថិជនល្អៗ ហើយប្រាក់ចំនេញក៏ទទួលបានច្រើនជាងការរំពឹងទុកផងដែរ។ ថ្ងៃនេះមិនបាច់បារម្ភលើភាពអវិជ្ជមាន ឬផ្តោតទៅការមតិរិះគន់ ការឈ្នានីសពីមនុស្សនៅជុំវិញខ្លួនអ្នកឡើយ គឺពួកគេមិនអាចធ្វើអ្វីមករំខានដល់អាជីពរបស់អ្ននបានទេ។ សូមចងចាំថា ការរស់នៅដោយស្ងប់ស្ងៀម និងការអនុគ្រោះធ្វើឲ្យអ្នកមានភាពរីករាយ ហើយបញ្ចៀសបញ្ហាជាច្រើនណាស់។ ក្រៅពីនេះលោកអ្នកទទួលបានអំណោយផលក្នុងការគ្រប់គ្រងស្ថានភាព និងដោះស្រាយបានល្អ។

ឆ្នាំរកា សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះជាមធ្យម។ រាល់អាជីពការងារទាំងឡាយកំពុងដំណើរការទៅក្នុងគន្លងផ្លូវដ៏ប្រសើរក្រៃលែង។ លោកអ្នករំពឹងថានឹងទទួលបានការអភិវឌ្ឍន៍ការងារ ការតម្លើងប្រាក់ខែ ឬការផ្លាស់ប្តូរស្ថានភាពអាជីពល្អៗនៅក្នុងអនាគតដ៏ខ្លីនេះ។ ក្នុងពេលនេះបញ្ហាតិចតួចនៅតែអាចកើតឡើង ប៉ុន្តែមិនបាច់ត្រូវព្រួយបារម្ភអ្វីឡើយ ពីព្រោះស្ថានភាពនឹងអាចស្រាកស្រាន្តទៅវិញដោយមិនចាំបាច់ការចូលរួមរបស់អ្នកនោះទេ។ ក្រៅពីនេះ សូមព្យាយាមធ្វើទំនាក់ទំនងតូចធំឲ្យបានល្អជាមួយមិត្តរួមការងារ ហើយកុំសំឡឹងមើលកំហុសរបស់គេច្រើនពេក គួរផ្តោតលើបទពិសោធន៍របស់ពួកគេទើបល្អ។

 ឆ្នាំចរ  សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកអាចនឹងសម្រេចរាល់ការងារទាំងឡាយដែលអ្នកប៉ងប្រាថា្ន។​ ចំពោះការបណ្តាក់ទុន ឬការលក់ចេញទិញចូលចលន និងអចលនទ្រព្យនឹងកាត់តែប្រសើរបំផុតក្នុងពេលនេះ។ ក្នុងនោះ សូមលោកអ្នកព្យាយាមចាកចេញពីស្ថានភាពចាស់ ហើយបោះបង់ចោលការព្រួយបារម្ភច្រើន។ ការប្រឈមនឹងបរិស្ថានខាងក្រៅនឹងមានប្រយោជន៍កាន់តែច្រើនចំពោះអាជីពរបស់អ្នក។ ក្នុងនោះចូរបំពេញការងារឲ្យបានច្រើនបំផុតនៅពេលព្រឹក ពីព្រោះចាប់ពីពេលថ្ងៃត្រង់ទៅ អ្នកអាចបាត់បង់ពេលវេលាក្នុងការបំពេញការងារ។ អំនោយផលបំផុតរបស់អ្នកក្នុងថ្ងៃនេះតុល្យភាព និងសន្តិភាពក្នុងចិត្ត។

ឆ្នាំកុរ​ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ អាជីពរបស់អ្នកមានដំណើរការធម្មតា ហើយបញ្ហាក៏មិនឃើញថាមានធំដុំនោះទេ។ លោកអ្នកអាចបំពេញក្តីស្រមៃបានដោយពេញលេញ។ ក្នុងនោះការធ្វើទំនាក់ទំនងគួរតែយកចិត្តទុកដាក់ឲ្យខ្លាំង ហើយការផ្សព្វផ្សាយពីលទ្ធផលការងារក៏គួរតាំងបង្ហាញខ្លះ ពីព្រោះការចាកចេញឆ្ងាយពេក ធ្វើឲ្យបាត់បង់ពត៌មាន និងទំនុកចិត្តពីមនុស្សនៅជុំវិញខ្លួន ពិសេសថា្នក់លើ។ ដោយឡែក សូមផ្អាកការសម្រេចចិត្ត ឬគួរធ្វើការសម្រេចចិត្តដោយសន្សឹមៗ។ រស់នៅដោយប្រុងប្រយ័ត្នជានិច្ចជាមួយភាពអវិជ្ជមាន ឬការខាតបង់ ដូច្នេះអ្នកនឹងមានពេលវេលាគ្រប់គ្រងស្ថានភាពប្រែប្រួលដែលនឹងអាចកើតឡើង។

ចំណាំៈ ឆ្នាំទាំង៣ ម្សាញ់ វក ចរ រាសីឡើងខ្ពស់ត្រដែត។ ថ្ងៃនេះលោកអ្នកមានលាភសំណាងធំ លុយកាក់ តំណែងការងារ និងភាពរាប់អានពីមនុស្សជុំវិញខ្លួនក៏នឹងកើតឡើងស្របពេលគ្នាតែម្តង។  

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner