ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ៍ ៨កើត ខែភទ្របទ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះអាចនឹងមានការធ្វើដំណើរដោយមិនបានគ្រោងទុកសម្រាប់កិច្ចប្រជុំ។ ក្នុងនោះអ្នកមានអំណោយផលសម្រាប់ការប្រាស្រ័យទាក់ទងគ្នា ប៉ុន្តែជៀសវាងការនិយាយអាក្រក់ និងការរិះគន់។ ហោរាណែនាំឲ្យអ្នកធ្វើការដោយសន្សឹមៗ សកម្មភាពប្រញាប់ប្រញាលមិនអាចធ្វើឲ្យអ្នកទទួលបានដំណើរការល្អនោះទេ។ រាល់ការសម្រេចចិត្តទាំងឡាយ ត្រូវភ្ជាប់ជាពិសេសជាមួយនឹងទស្សនៈវិស័យវែងឆ្ងាយ។ ដោយឡែក អ្នកនឹងអាចយកឈ្នះការលំបាក ប្រសិនបើអ្នកយកចិត្តទុកដាក់លើការងារនោះ។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​ រាសីលោកអ្នកថ្ងៃនេះល្អជាមធ្យម។ សូមព្យាយាមកុំនៅយូរពេកនៅកន្លែងការងារ។ វានឹងមិនប្រសើរទេបើអ្នកចំណាយពេលច្រើន ហើយធ្វើការដែលមិនចំគោលដៅដែលអ្នកបានគ្រោងទុក។ អ្នកត្រូវតែធ្វើការតាមគម្រោង និងកាលវិភាគ ពីព្រោះលោកអ្នកមិនអាចបង្ហាញភាពអស់កំលាំង ឬការខកចិត្តទាំងឡាយចំពោះមនុស្សនៅក្នុងក្រុមការងារឡើយ។ រាល់ការលំបាកមួយចំនួនមិនគួរពិបាកចិត្តពេកនោះទេ ពីព្រោះរហូតដល់ពេលថ្ងៃ ស្ថានភាពនោះនឹងប្រសើរឡើងវិញ។ ដោយឡែក លោកអ្នកទទួលបានភាពឆ្លាតវៃ និងការព្យាយាមយ៉ាងវិជ្ជមាន ប៉ុន្តែសូមកុំភ្លេចផ្តល់ភាពកំប្លុកកំប្លែងចំពោះខ្លួនឯង។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមានអំណោយផលសម្រាប់ការងារ ប៉ុន្តែតម្រូវឲ្យមានការប្រុងប្រយ័ត្នក្នុងកំរិតអតិបរមា។ សកម្មភាព ឬយោបល់របស់អ្នកអាចក្លាយទៅជាកំហុស ដូច្នេះទំនាក់ទំនងជាមួយមិត្តភក្តិ ក៏ដូចជាថ្នាក់លើ និងដៃគូពាណិជ្ជកម្មត្រូវតែគ្រប់គ្រងឲ្យបានល្អ ពីព្រោះកំហុសអាចបង្កើតវិបត្តិវែងឆ្ងាយ។ ដោយឡែក ទោះបីជាពេលព្រឹកមិនអាចផ្តល់ជូនលោកអ្នកនូវភាពជោគជ័យទៅតាមក្តីរំពឹងយ៉ាងណាក្តី សូមកុំទាន់បដិសេធនឹងការផ្តល់ជូនទាំងឡាយ ហើយក៏ត្រូវតែបន្តជំហានទៅតាមក្តីសុបិន្តរបស់អ្នកជានិច្ច។ សូមអ្នកជឿទុកចិត្តទៅលើសមត្ថភាពរបស់ខ្លួន ហើយកុំផ្តោតលើភាពអវិជ្ជមាន។

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ ហោរាណែនាំឲ្យអ្នករៀនសូត្រពីរបៀបកំណត់គោលដៅជាក់ស្តែង។ ប្រហែលជាអ្នកគួរតែផ្អាកការស្រមើស្រមៃច្រើនពេក ទៅលើការចាប់ផ្តើមអាជីព ហើយផ្តោតលើការងារបច្ចុប្បន្ន។  ក្នុងនោះត្រូវយកចិត្តទុកដាក់លើការងារ ព្យាយាមបញ្ចប់ការងារទាំងឡាយដែលស្ថិតនៅក្នុងបន្ទុកសម្រាប់ថ្ងៃនេះ។ សូមចងចាំថាការងារររបស់អ្នកអាចសម្រេចទៅបានយ៉ាងល្អប្រសើរ ឬដែលមានកំរិត គឺអាស្រ័យលើការយកចិត្តទុកដាក់ រក្សាអាកប្បកិរិយា និងមិនធ្វើអ្វីឲ្យប៉ះពាល់ទៅដល់ការងារ ឬផលប្រយោជន៍របស់មនុស្សនៅជុំវិញខ្លួនរបស់អ្នក។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីលោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះលោកអ្នកមានលទ្ធភាពពេញលេញក្នុងការសម្រេចចិត្ត និងបោះជំហានសម្រាប់រាល់ការងារដែលអ្នកប៉ងប្រាថ្នា។ ក្នុងនោះលាភសំណាងកាន់តែប្រសើរនឹងកើតឡើងចាប់ពីថ្ងៃត្រង់ រហូតដល់ម៉ោងបញ្ចប់នៃការងារនាពេលល្ងាចនេះ។ សូមអ្នកកុំមានការភ័យខ្លាចចំពោះការលំបាកដែលបានកើតឡើង សូម្បីតែការលំបាកបំផុតអាចត្រូវបានដោះស្រាយ។ ចំពោះលោកអ្នកដែលមានបំណងផ្លាស់ប្តូរកន្លែងការងារ ឬបរិបទការងារ នោះនឹងអាចធ្វើទៅបានដោយរលូន។ ក្រៅពីនេះ លោកអ្នកអាចគ្រប់គ្រងស្ថានការណ៍ និងដោះស្រាយមន្ទិលនានាបានល្អ។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាសីការងារថ្ងៃនេះផ្តល់ជូនលោកអ្នកនូវភាពចម្រើនលូតលាស់យ៉ាងត្រចេះត្រចង់។ លោកអ្នកអាចធ្វើអ្វីៗទៅតាមក្តីប្រាថា្ន ពីព្រោះក្រៅពីលោកអ្នកទទួលបានឳកាសល្អហើយ​ គឺមានមនុស្សជាច្រើនដែលនៅជុំវិញខ្លួនជួយជ្រោមជ្រែងយ៉ាងពេញទំហឹង។ ចំពោះភាពលំបាក ការខកចិត្ត ឬការឈឺចាប់ទាំងឡាយមិនអាចមករំខានសេចក្តីសុខផ្លូវចិត្តរបស់អ្នកបានទេ ដូច្នេះលោកអ្នកមានទឹកចិត្ត និងអារម្មណ៍វិជ្ជមានក្នុងការអនុវត្តន៍ការងារ។ ដោយឡែក សូមកុំបោះបង់វិធីសាស្រ្តប្រកបដោយគំនិតច្នៃប្រឌិត និងយោបល់នានារបស់មិត្តភក្តិរួមក្រុមការងារ។ ប្រការចាំបាច់បំផុត សូមស្វែងរកអ្វីដែលថ្មីសម្រាប់ការងារ។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ សូមលោកអ្នកយកចិត្តទុកដាក់ជាទីបំផុតចំពោះស្ថានភាពហរិញ្ញវត្ថុ។ សូមព្យាយាមសន្សំសំចៃ ការចំណាយច្រើន ឬការដែលធ្វើឲ្យកំរិតហិរញ្ញវត្ថុធ្លាក់ចុះខ្លាំងពេកនឹងបណ្តាលឲ្យមានអស្ថេរភាពសម្រាប់អាជីវកម្ម។ ប្រសិនជាអាចសូមពន្យារាល់ការចំណាយសំខាន់ៗ។ សូមប្រុងប្រយ័ត្នចំពោះវិបត្តិដែលនឹងកើតឡើងក្នុងចំណោមមិត្តរួមការងារ និងដៃគូពាណិជ្ជកម្ម។ ភាពសំដី និងអាកប្បកិរិយាត្រូវតែទន់ភ្លន់ មិនត្រឹមតែប៉ុណ្ណោះលោកអ្នកមិនអាចនិយាយស្តីតាមចិត្តនោះទេ បើទោះបីជាពាក្យសំដីទាំងនោះអាចជាពាក្យសំដីត្រឹមត្រូវក៏ដោយ។ សូមព្យាយាម ហើយរងចាំពេលវេលាល្អនៅថ្ងៃបន្ទាប់។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកធានាថាទទួលបានភាពរីកចម្រើនក្នុងអាជីព។ ក្នុងពេលជាមួយគ្នាការទទួលបានលាភសំណាងជាលុយកាក់ និងសម្ភារ់អាចនឹងកើតឡើងច្រើន។ ចំណែកឳកាសនានាក៏មានច្រើននៅខាងក្រៅ ដូច្នេះលោកអ្នកមានលទ្ធភាពច្រើនដើម្បីធ្វើឲ្យការងារទាំងឡាយសម្រចទៅបានតាមបំណង។ ប៉ុន្តែក្នុងពេលស្របគ្នាសូមកុំបោះបង់ចោលការខំប្រឹងប្រែង សូមបន្តជំហានទៅមុខជានិច្ច។ ក្នុងនោះដែរ សូមលោកអ្នកព្យាយាមយល់ដឹងពីដំណើរការរបស់ការងារ ដោយប្រមូលយកពត៌មានឲ្យបានច្រើន។ ហើយចំពោះកិច្ចការងារខ្លះ គួរតែចែករំលែកទៅកាន់មិត្តរួមការងាររបស់អ្នក។  

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការរបស់អ្នកមានដំណើរការទៅជាធម្មតា។ ក្នុងនោះបញ្ហាខ្លះក៏នៅតែកើតមាននៅឡើយ ដូច្នេះសូមប្រុងប្រយ័ត្នជានិច្ច។ ចំពោះការជឿទុកចិត្តសូមមានកំរិតទាបបំផុត ប្រយ័ត្នធ្វើឲ្យខ្លួនអ្នកខកចិត្ត។ យកល្អសូមកំណត់ទំនាក់ទំនងនានាឲ្យស្ថិតក្នុងកំរិតតូចចង្អៀត។ ការចែករំលែកការងារ ផែនការអនុវត្តន៍ ឬអាថ៌កំបាំងផ្សេងៗជាចំណុចអវិជ្ជមានយ៉ាងធំ។ ដោយឡែក ប្រសិនបើលោកអ្នកផ្តោតការយកចិត្តទុកដាក់នឹងគំនិតថ្មី ឬការងារដែលទាក់ទងនឹងគំនិតច្នៃប្រឌិត គឺកាន់តែល្អប្រសើរ។ ក្នុងនោះសូមព្យាយាមរក្សាសុខភាពដោយរកពេលសម្រាកខ្លះ ហើយថ្លឹងថ្លែងរវាងការងារ និងសុខភាព។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកឡើងខ្ពស់ត្រដែត។ រាល់អាជីពការងារ និងក្តីបំណងរបស់អ្នកនឹងទទួលបានផលសម្រេចយ៉ាងពេញចិត្ត។ ថ្ងៃនេះជាពេលវេលាល្អក្នុងការបោះជំហានថ្មី ដូច្នេះការណ្តាក់ទុន ការផ្លាស់ប្តូរការងារនឹងទទួលបានជោគជ័យណាស់។ ក្រៅពីនេះ អ្នកមានលទ្ធភាពដើម្បីរៀបចំគម្រោងផែនការសម្រាប់ការងារទៅថ្ងៃអនាគតផងដែរ។ ភាគច្រើនអ្នកទទួលបានភាពរីករាយណាស់ រួមទាំងភាពរីករាយសម្រាប់ជីវិតឯកជនផងដែរ។ ចំពោះការលំបាកនានានឹងមិនអាចមកបង្អាក់បំណងប្រាថ្នា ឬធ្វើឲ្យអ្នកមានការលំបាកអ្វីឡើយ ដូច្នេះសូមរីករាយទទួលយកអំណោយផលទាំងឡាយក្នុងថ្ងៃនេះ។

ឆ្នាំចរ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ អ្នកអាចទទួលអារម្មណ៍ថាមានសម្ពាធខ្លាំងក្នុងកន្លែងការងារ និងមុខរបរដែលអ្នកកំពុងអនុវត្ត។ មតិរិះគន់ក៏នឹងកើតឡើង ដែលរំខានដល់ផ្លូវចិត្ត និងការសម្រចចិត្តរបស់អ្នក។ ប៉ុន្តែទោះបីជាយ៉ាងនេះក្តី សូមព្យាយាមដឹកនាំអាជីព និងការងាររបស់អ្នកដោយភាពវិជ្ជមាន។ ចូរបោះចោលសកម្មភាពទាំងឡាយណាដែលធ្វើឲ្យអ្នកមានការលំបាក។ ជាទូទៅ ការគ្រប់គ្រងអារម្មណ៍អាចកាត់បន្ថយការលំបាកបានច្រើនន ដូច្នេះសូមរស់នៅស្ងប់ស្ងាត់ ហើយយកចិត្តទុកដាក់លើភារកិច្ចរបស់អ្នក គឺជាការគ្រប់គ្រាន់សម្រាប់ថ្ងៃនេះ។ ដោយឡែក​ សូមត្រៀមខ្លួនសម្រាប់ការផ្លាស់ប្តូរ ឬដំណើរបេសកកម្មផ្លូវឆ្ងាយ។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ហោរាសាស្រ្តអាជីព​ស្នើឲ្យរៀបចំផែនការសកម្មភាពឲ្យមានខ្ជាប់ខ្ជួន និងតឹងរឹង។ ការអភិវឌ្ឍន៍កំរិតអាជីពគឺអាស្រ័យលើអ្នកតែម្នាក់ មនុស្សដែលនៅក្បែរអ្នកអាចនឹងជួយជ្រោមជ្រែងអ្នកយ៉ាងពេញទំហឹង ប៉ុន្តែរាល់ការសម្រេចចិត្តជាតួនាទីរបស់លោកអ្នក។ សូមព្យាយាមផ្តាច់ខ្លួនពីភាពបរាជ័យ កុំផ្តោតលើឥទ្ធិពលពីខាងក្រៅ ហើយគិតអ្វីដែលថ្មី និងវិជ្ជមាន។ ប្រសិនបើអ្នកអាចគ្រប់គ្រងហេតុទាំងនេះបាន នោះផលដ៏ប្រសើរនឹងកើតឡើង។ ដោយឡែក សូមជ្រើសរើសបំពេញការងារសំខាន់ចាំបាច់ជាដំបូង ពីព្រោះក្នុងដំណាក់កាលខ្លះអ្នកប្រហែលជាមិនសូវមានពេលច្រើនក្នុងការបំពេញការងារឲ្យមានចប់ចុងចប់ដើមនោះទេ។

ចំណាំ៖​

ឆ្នាំទាំង៥ ជូត រោង ម្សាញ់ មមែ រកា រាសីឡើងខ្ពស់ត្រដែត។ លាភសំណាង ប្រាក់កាក និងតំណែងការងារនឹងកើតឡើងចំពោះលោកអ្នកក្នុងថ្ងៃនេះ។ ចំណែកសុខ និងសុភមង្គលក៏នឹងកើតឡើងផងដែរ។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner