អគ្គមេបញ្ជាការ៖បណ្តាបញ្ជាការប្រភេទទ័ពទាំងអស់ត្រូវអនុវត្តវិធានការរបស់រាជរដ្ឋាភិបាលលើការប្រមូលពន្ធយានយន្តឯកជនជ្រកក្រោមស្លាកលេខខេមរភូមិន្ទ

ភ្នំពេញ:អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទបានបញ្ជាក់ថា បណ្តាបញ្ជាការប្រភេទទ័ពទាំងអស់ គឺត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់លើគោលការណ៍រាជរដ្ឋាភិបាលដែលបានដាក់ចេញអំពីការប្រមូលពន្ធលើរថយន្តដែលនាំចូលមកមិនមានការបង់ពន្ធ និងពាក់ស្លាកលេខ ខម និងរថយន្តចង្កូតស្តាំពាក់ស្លាកលេខ ខម ក៏ដោយ ក៏ចូលរួមបង់ពន្ធ និងត្រូវអនុវត្តការកែចង្កូតទៅតាមការណែនាំរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ។ អគ្គនាយកដ្ឋានសម្ភារបច្ចេកទេសរបស់ក្រសួងការពារជាតិ ត្រូវបញ្ឈប់ការផ្តល់ប័ណ្ណ ខម ជាបណ្តោះអាសន្ន។

ការបញ្ជាក់នេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំស្តីពីវិធានការរបស់រាជរដ្ឋាភិបាលលើការប្រមូលពន្ធយានយន្តឯកជន ដែលជ្រកក្រោមស្លាកលេខខេមរភូមិន្ទ។ កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅតាមប្រព័ន្ធវីដេអូ (Zoom) កាលពីថ្ងៃទី១៣ កញ្ញា ឆ្នាំ២០២១ នៅអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ។

នាយឧត្តមសេនីយ៍ វង្ស ពិសេន បានមានប្រសាសន៍ប្រាប់ AMS ថា បណ្តាបញ្ជាការប្រភេទទ័ពទាំងអស់ គឺអនុវត្តឱ្យបានម៉ឺងម៉ាត់ជាទីបំផុតលើគោលការណ៍រាជរដ្ឋាភិបាលដែលបានដាក់ចេញអំពីការប្រមូលពន្ធនៅលើរថយន្តដែលនាំចូលមកមិនមានការបង់ពន្ធ និងពាក់ស្លាកលេខ ខម និងរថយន្តចង្កូតស្តាំពាក់ស្លាកលេខ ខម ក៏ដោយក៏ចូលរួមបង់ពន្ធ និងត្រូវអនុវត្តការកែចង្កូតទៅតាមការណនាំរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ។ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានមានប្រសាសន៍បន្តថា អគ្គនាយកដ្ឋានសម្ភារបច្ចេកទេសរបស់ក្រសួងការពារជាតិ ដែលបានចេញអនុញ្ញាតទៅលើប័ណ្ណ ខម សុំឱ្យបញ្ឈប់ការផ្តល់ប័ណ្ណ ខម ជាបន្តទៀត បើកាលណានៅតែចេញទៀតវានឹងប៉ះពាល់ ប៉ុន្តែការចេញប័ណ្ណ ខម បានលុះត្រាតែរថយន្តនោះមានពន្ធនាំចូល បង់ពន្ធផ្លូវ។ ផ្អាកការចេញប័ណ្ណ ខម ដល់រថយន្តឯកជនណាដែលពាក់ស្លាកលេខ ខម ដែលមិនមានពន្ធនាំចូល និងពន្ធផ្លូវ។

អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទបានមានប្រសាន៍បន្តទៀតថា ការអប់រំណែនាំសតិអារម្មណ៍ជូនទៅដល់កងឯកភាពទាំងអស់ រហូតទៅដល់អ្នកប្រើប្រាស់រថយន្តស្លាកលេខ ខម ត្រូវតែបានចូលរួម ហើយត្រូវតែបានការអនុវត្តទៅតាមគោលការណ៍របស់រាជរដ្ឋាភិបាល និងការណែនាំរបស់ខាងអគ្គនាយកដ្ឋានគយ និងរដ្ឋាករ។ អង្គប្រជុំបានសម្រេចឯកភាពគ្នាទៅលើខ្លឹមសារទាំងអស់នេះ សម្រាប់អនុវត្តបន្ត។

សូមជម្រាបថា អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានសម្រេចផ្អាកសកម្មភាពបង្ក្រាបយានយន្តនៅភូមិសាស្ត្រក្នុងប្រទេសមួយរយៈ (លើកលែងតែតំបន់តាមព្រំដែន) ចាប់ពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ តទៅ ដើម្បីទុកពេលឱ្យម្ចាស់យានយន្តជ្រកក្រោមផ្លាកលេខផ្សេងៗ និងមិនទាន់មានពន្ធ និងអាករនាំចូល រួសរាន់មកបំពេញកាតព្វកិច្ចពន្ធ និងអាករតាមច្បាប់ជាធរមាន។ ចំពោះរថយន្តចង្កូតស្តាំ ដែលជាប្រភេទរថយន្ត ហាមឃាត់នាំចូល ក្នុងករណីបង្ក្រាបបាននឹងត្រូវកម្ទេចចោល ឬដោះបំបែកជាគ្រឿងបន្លាស់។

យោងតាមសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ ឱ្យដឹងថា អនុលោមតាមលិខិតរបស់រាជរដ្ឋាភិបាល លេខ ៤៨២ សជណ. ហធ ចុះថ្ងៃទី ០២ ខែ កញ្ញា ឆ្នាំ ២០២១ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានជូនដំណឹងដល់សាធារណជន ជាពិសេសម្ចាស់ យានយន្តជ្រកក្រោមផ្លាកលេខផ្សេងៗ និងគ្មានពន្ធ និងអាករនាំចូល មេត្តាជ្រាបថា អគរ នឹងអនុវត្តការប្រមូលពន្ធ និងអាករនាំចូលលើយានយន្តគ្មានពន្ធទាំងនោះតាមគោលការណ៍ និងយន្តការដូចខាងក្រោមៈ
១.ផ្អាកសកម្មភាពបង្ក្រាបយានយន្តនៅភូមិសាស្ត្រក្នុងប្រទេសមួយរយៈ (លើកលែងតែតំបន់តាមព្រំដែន) ចាប់ពីពេលនេះតទៅ ដើម្បីទុកពេលឱ្យម្ចាស់យានយន្តជ្រកក្រោមផ្លាកលេខផ្សេងៗ និងមិនទាន់មានពន្ធនិង អាករនាំចូល រួសរាន់មកបំពេញកាតព្វកិច្ចពន្ធ និងអាករតាមច្បាប់ជាធរមាន។
២.ដើម្បីជាការលើកទឹកចិត្តឱ្យម្ចាស់យានយន្តចូលខ្លួនមកបំពេញតាតព្វកិច្ចពន្ធ និងអាករឱ្យបានទាន់ពេលវេលា ម្ចាស់យានយន្តនឹងទទួលបានការអនុគ្រោះបន្ធូរបន្ថយពន្ធចំនួន១០% នៃទឹកប្រាក់ពន្ធអាករសរុបដែលត្រូវបង់។ ការបន្ធូរបន្ថយនេះ មានឱសានវាទអនុវត្តត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ និងមិនគ្របដណ្តប់លើយានយន្តមានឆ្នាំផលិត២០២១ឡើយ។ ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ដែលជាថ្ងៃឱសានវាទចុងក្រោយនៃការអនុញ្ញាតឱ្យចូលខ្លួនមកបង់ពន្ធ ម្ចាស់យានយន្ត ត្រូវបំពេញការព្វកិច្ចពន្ធ និងអាករពេញលេញដោយគ្មានការអនុគ្រោះបន្ធូរបន្ថយពន្ធឡើយ។
៣.ចំពោះរថយន្តចង្កូតស្តាំ ម្ចាស់រថយន្តត្រូវមកតម្កល់ប្រាក់កក់ស្មើនឹងប្រាក់ពន្ធ និងអាករសរុបដក១០% និងត្រូវយករថយន្តទៅកែចង្កូតពីស្តាំមកឆ្វេងឱ្យបានរួចរាល់យ៉ាងយូរបំផុតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២។ បន្ទាប់ពីបានប្តូរចង្កូតរួច ម្ចាស់រថយន្តអាចទទួលបង្កាន់ដៃពន្ធ និងលត្តាបត្រ័រថយន្តពីមន្ត្រីគយ។
៤.អនុញ្ញាតឱ្យសាខា និងការិយាល័យគយ និងរដ្ឋាករនៅទូទាំងប្រទេសទទួលការបង់ពន្ធ និងអាករលើ យានយន្តជ្រកក្រោមផ្លាកលេខផ្សេងៗ និងមិនទាន់បានបំពេញកាតព្វកិច្ចពន្ធ និងអាករ។
៥.ចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ ២០២២ តទៅ យានយន្តគ្មានពន្ធដែលបង្ក្រាបបាន នឹងតម្រូវឱ្យបង់ពន្ធ និងអាកររួមទាំងប្រាក់ពិន័យតាមលិខិតបទដ្ឋានជាធរមាន។ ចំពោះរថយន្តចង្កូតស្តាំ ដែលជាប្រភេទរថយន្ត ហាមឃាត់នាំចូល ក្នុងករណីបង្ក្រាបបាននឹងត្រូវកម្ទេចចោល ឬដោះបំបែកជាគ្រឿងបន្លាស់។

ជាមួយគ្នានេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា សូមឱ្យម្ចាស់យានយន្តគ្មានពន្ធទាំងអស់រួសរាន់ដោយស្ម័គ្រចិត្ត ចូលមកបំពេញកាតព្វកិច្ច ពន្ធ និងអាករនាំចូលឱ្យបានទាន់ពេលវេលាតាមគោលការណ៍ និងយន្តការដូចមានក្នុងសេចក្តីជូនដំណឹងនេះ៕
ដោយៈពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner