តើដូសជំនួយមានប្រសិទ្ធិភាព អាចប្រឆាំងនឹងវ៉ារ៉្យង់ដែលតាដែរឬយ៉ាងណា?
យោងតាមក្រុមអ្នកស្រាវជ្រាវអន្ដរជាតិមួយក្រុម ដែលបានសរសេរនៅក្នុងទស្សនាវដ្តីវេជ្ជសាស្ត្រ Lancet កាលពីចន្ទ បានបង្ហាញអំពីភស្តុតាង ដែលថាដូសជំនួយមានប្រសិទ្ធភាពខ្ពស់នោះ ខាងផ្នែកវិទ្យាសាស្ត្រមិនសូវជាគាំទ្រនូវការអះអាងនេះប៉ុន្មានទេ តែទោះយ៉ាងណាគេឃើញមានភស្ដុតាងជាច្រើនបង្ហាញពីប្រសិទ្ធភាពខ្ពស់របស់ដូសជំនួយប្រឆាំងនឹងវ៉ារ៉្យង់ដែលតា។
យ៉ាងណាមិញ សម្រាប់ទីក្រុងប៉េកាំង ដែលតែងនិយាយពីប្រសិទ្ធភាពនៃវ៉ាក់សាំងរបស់ខ្លួនអស់ជាច្រើនខែមកហើយ និងបរិច្ចាគ និងលក់ដូសដល់ប្រទេស ដែលមានចំណូលទាប និងមធ្យមក្នុងកិច្ចប្រឹងប្រែងមួយ ដែលជារឿយៗត្រូវបានគេហៅថា «វ៉ាក់សាំងការទូត» ជឿជាក់លើប្រសិទ្ធិភាពនៃការចាក់វ៉ាក់សាំងបរទេសលាយវ៉ាក់សាំងខ្លួន។
លោកស្រី Shih Shin-ru នាយកមជ្ឈមណ្ឌលស្រាវជ្រាវការឆ្លងមេរោគឆ្លងថ្មី និងជាសាស្រ្តាចារ្យនៅនាយកដ្ឋានបច្ចេកវិទ្យាជីវសាស្ត្រវេជ្ជសាស្ត្រ និងវិទ្យាសាស្ត្រមន្ទីរពិសោធន៍នៅសាកលវិទ្យាល័យ Chang Gung នៅតៃវ៉ាន់ បាននិយាយថា៖ «វ៉ាក់សាំងល្អគួរតែមានសុវត្ថិភាព និងមានប្រព័ន្ធភាពស៊ាំ (អាចផលិតអង់ទីករ ដែលបន្សាបគ្រប់គ្រាន់) និងការពារប្រឆាំងនឹងការឆ្លងមេរោគពិត។
លោកស្រី បាននិយាយថា៖ «នៅពេលគេបង្កើតវ៉ាក់សាំងមួយៗ គេមិនទាន់ដឹងប្រសិទ្ធិភាពវាខ្លាំងប៉ុណ្ណាទេ ទើបតែពេលថ្មីៗនេះទេ ដែលអ្នកវិទ្យាសាស្ត្រប៉ាន់ប្រមាណដឹងពីប្រសិទ្ធិភាពរបស់វា។ ដូច្នេះ ខ្ញុំគិតថាអ្នកវិទ្យាសាស្ត្រនៅប្រទេសចិន ក៏បានដឹងអំពីការពិតនៃកម្រិតអង្គបដិប្រាណទាបនៅក្នុង វ៉ាក់សាំងស៊ីណូវ៉ាក ឬ ស៊ីណូហ្វាំមដែរ។ ដូច្នេះ ទើបរដ្ឋាភិបាលណែនាំឱ្យប្រើវ៉ាក់សាំងបរទេសធ្វើជាដូសជំនួយ»។
សាស្រ្តាចារ្យលោក Andrew Pollard ប្រធានក្រុមវ៉ាក់សាំង Oxford ដែលបានរួមចំណែកក្នុងការបង្កើតវ៉ាក់សាំង Oxford-AstraZeneca បានអត្ថាធិប្បាយថាតាមគំនិតរបស់គាត់ថា វ៉ារ្យ៉ង់ដែលតា នឹងនៅតែឆ្លងដល់មនុស្ស ដែលបានចាក់វ៉ាក់សាំងហើយ។ ហើយនោះមានន័យថា អ្នកណាម្នាក់ ដែលនៅតែមិនបានចាក់វ៉ាក់សាំង នៅតែត្រូវប្រឈមនឹងការឆ្លងមេរោគដដែល ដែលជាហេតុធ្វើឱ្យប៉ះពាល់នឹងឆ្លងជាលក្ខណៈសហគមន៍។
តែទោះយ៉ាងណា អ្នកវិទ្យាសាស្ត្រ និងក្រុមហ៊ុនឱសថមួយចំនួនអះអាងថា ការផ្តល់ដូសជំនួយ ឱ្យបានទូលំទូលាយបំផុត អាចផ្តល់នូវវិធីដ៏មានប្រសិទ្ធភាពមួយ ដើម្បីការពារមិនឱ្យវ៉ារ្យ៉ង់ដែលតាឆ្លង។
យោងតាមរបាយការណ៍ប្រាក់ចំណូលត្រីមាសទី ២ ឆ្នាំ ២០២១ របស់ក្រុមហ៊ុន Pfizer ការទទួលបានដូសជំនួយបន្ថែម បន្ទាប់ពីទទួលបានពីរដូសដំបូង បង្កើនបរិមាណអង់ទីករវ៉ារ្យ៉ង់ដែលតាបានដល់ទៅ ៥ ដងសម្រាប់ក្រុមមនុស្សអាយុ ១៨ ដល់ ៥៥ ឆ្នាំ និងប្រមាណ ១១ ដង សម្រាប់ក្រុមមនុស្សអាយុ ៦៥-៨៥ ឆ្នាំ។
នៅក្នុងការឆ្លើយតបទៅនឹងសំណួរពីសារព័ត៌មាន Medical News Today អ្នកនាំពាក្យរបស់ក្រុមហ៊ុន Pfizer បានពន្យល់ថា៖ «ការសន្និដ្ឋាននេះ ផ្អែកលើទិន្នន័យដំបូងពីការសាកល្បងបង្កើនកម្រិតវ៉ាក់សាំង BNT162b2 បច្ចុប្បន្ន និងការធ្វើតេស្តមន្ទីរពិសោធន៍»។
ទោះយ៉ាងណា ដូសទី ៣ នេះ នឹងមានប្រសិទ្ធិភាពដូចគ្នាបេះបិទនឹងវ៉ាក់សាំង Pfizer ដែលត្រូវបានចែកចាយនាពេលបច្ចុប្បន្ន ហើយ ក្រុមហ៊ុនក៏កំពុងស៊ើបអង្កេតផងដែរថា តើវ៉ាក់សាំងក្នុងពេលបច្ចុប្បន្ន ដែលគេកំពុងធ្វើបច្ចុប្បន្នភាព មានការកែប្រែដល់ចំណុចណា ជាពិសេសក្នុងការប្រយុទ្ធប្រឆាំងនឹង វ៉ារ្យ៉ង់ដែលតា។
ប៉ុន្តែ អ្នកវិទ្យាសាស្ត្រមួយចំនួននៅតែលើកឡើងថា ដូសជំនួយនេះមានកម្រិតខ្សោយណាស់ ហើយក៏មិនជាចាំបាច់សម្រាប់មនុស្សភាគច្រើនទេ។ នៅថ្ងៃទី ៤ ខែសីហា អង្គការសុខភាពពិភពលោក បានអំពាវនាវឱ្យមានការផ្អាកជាបណ្តោះអាសន្នក្នុងការចែកចាយវ៉ាក់សាំងនេះ រហូតដល់ចុងខែ កញ្ញា ដោយអះអាងថាជាការខ្ជះខ្ជាយធនធាន និងធ្វើឱ្យមានគម្លាតនៃការចែកចាយវ៉ាក់សាំងនៅលើពិភពលោក។
ជាក់ស្ដែង នៅអាហ្វ្រិកខាងត្បូង គិតមកដល់ត្រឹមឆ្នាំនេះ ទើបតែបានចែកចាយវ៉ាក់សាំងពេញលេញដល់ប្រជាជនចំនួន ១៧.៥ ភាគរយនៃប្រជាជន ៧ លាននាក់សរុបរបស់ខ្លួនប៉ុណ្ណោះ ដែលតំបន់នេះកំពុងជួបហានិភ័យក្នុងនៃការរាតត្បាតជំងឺជាខ្លាំង និងកំពុងស្វែងរកការផ្គត់ផ្គង់វ៉ាក់សាំងពីប្រទេសនៅទូទាំងពិភពលោក។
ដោយឡែក ក្រុមអ្នកវិទ្យាសាស្ត្រឈានមុខគេរបស់អាមេរិក និងអន្តរជាតិ បាននិយាយកាលពីថ្ងៃ ច័ន្ទ នៅក្នុងទស្សនាវដ្តី The Lancet ថា អ្នកវិទ្យាសាស្ត្ររួមទាំងមន្រ្តីជាន់ខ្ពស់នៅ រដ្ឋបាលចំណីអាហារ និងឱសថ និងអង្គការសុខភាពពិភពលោកបានសន្និដ្ឋានថា ដូសជំនួយពិតជាមានប្រសិទ្ធិភាពក្នុងការប្រឆាំងនឹងវ៉ារ៉្យង់ដែលតា និងរារាំងមិនឱ្យមានការឆ្លងជាសហគមន៍មែន ប៉ុន្តែការចែកចាយដូសជំនួយក្នុងពេលនេះមិនមែនជាពេលវេលាសាកសម និងជាករណីចាប់ក្នុងការចែកចាយដែរ។