ក្រសួងមហាផ្ទៃនឹងមិនចុះបញ្ជីគណបក្សបេះដូងជាតិ បើមិនធ្វើការកែសម្រួលខ្លឹមសារក្នុងលក្ខន្តិកៈឲ្យបានត្រឹមត្រូវ
ភ្នំពេញៈ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានស្នើឲ្យគណបក្សបេះដូងជាតិ ធ្វើការកែសម្រួលខ្លឹមសារក្នុងលក្ខន្តិកៈឲ្យបានត្រឹមត្រូវតាមបញ្ញត្តិមាត្រា ១០ ត្រង់ចំណុច ៤ នៃច្បាប់ស្តីពីគណបក្សនយោបាយ។ ក្នុងករណីមិនអនុវត្តតាមស្មារតី នៃលិខិតជូនដំណឹងនេះ ក្រសួងមហាផ្ទៃនឹងសម្រេចមិនចុះឈ្មោះគណបក្ស បេះដូងជាតិ ក្នុងបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃនោះឡើយ។
យោងតាមលិខិតរបស់សម្តេចក្រឡាហោម ស ខេង ចុះថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ ជម្រាបទៅលោក សៀម ភ្លុក តំណាងស្ថាបនិកគណបក្សបេះដូងជាតិ បានឲ្យដឹងថា ក្រសួងមហាផ្ទៃបានធ្វើការរំលឹកចំនួន២ (ពីរ) លើករួចមកហើយ ចំពោះ “គណបក្សបេះដូងជាតិ” ដើម្បីឲ្យធ្វើការកែសម្រួលខ្លឹមសារ នៃលក្ខន្តិកៈ គណបក្សតាមលិខិតដូចចុះក្នុងយោងខាងលើ។ ប៉ុន្តែគណបក្សនេះ នៅតែមិនអនុវត្តតាមស្មារតី នៃលិខិតជូនដំណឹងរបស់ក្រសួងមហាផ្ទៃ ដោយពុំកំណត់អំពីវិធាន នៃការបញ្ចូលសមាជិកភាព ទៅក្នុងលក្ខន្តិកៈគណបក្ស ស្របតាមបញ្ញត្តិមាត្រា១០ ត្រង់ចំណុច៤ នៃច្បាប់ស្តីពីគណបក្សនយោបាយ។ ដូច្នេះ ក្រសួងមហាផ្ទៃស្នើឲ្យគណបក្សបេះដូងជាតិ ធ្វើការកែសម្រួលខ្លឹមសារក្នុងលក្ខន្តិកៈគណបក្ស ឲ្យបានត្រឹមត្រូវស្របតាមបញ្ញត្តិមាត្រា១០ ត្រង់ចំណុច៤ នៃច្បាប់ស្តីពីគណបក្សនយោបាយ រួចហើយត្រូវផ្ញើជូនមកក្រសួងមហាផ្ទៃវិញ ក្នុងរយៈពេលយ៉ាងយូរ១៥(ដប់ប្រាំ)ថ្ងៃ ចាប់ពីថ្ងៃទទួលលិខិតជូនដំណឹងនេះ ជាកំហិត។ ក្នុងករណី នៅតែមិនអនុវត្តតាមស្មារតី នៃលិខិតជូនដំណឹងនេះ ក្រសួងមហាផ្ទៃនឹងសម្រេចមិនចុះឈ្មោះ “គណបក្សបេះដូងជាតិ” ក្នុងបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃនោះឡើយ។
សូមជម្រាបថា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ បានអនុញ្ញាតឲ្យបង្កើត “គណបក្សបេះដូងជាតិ” បន្ទាប់ពីតំណាងស្ថាបនិកគណបក្សបេះដូងជាតិ បានដាក់ពាក្យស្នើសុំបង្កើតកាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១៕ ដោយៈពលជ័យ