វិបត្តិនយោបាយនៅមីយ៉ាន់ម៉ាជាបញ្ហាស្មុគស្មាញសម្រាប់សហគមន៍អាស៊ានរបស់យើង និងសម្រាប់កម្ពុជា ដែលនឹងក្លាយទៅជាប្រធានប្ដូរវេនរបស់អាស៊ាននៅឆ្នាំក្រោយនេះ

អត្ថបទដោយ៖
AMS OneMinute

មីយ៉ាន់ម៉ាកំពុងតែប្រឈមនូវវិបត្តិពីរ៖ ទីមួយ ប្រទេសមីយ៉ាន់ម៉ាកំពុងតែធ្លាក់ចូលក្នុងវិបត្តិនយោបាយដ៏ជ្រៅ និងការធ្វើបាតុកម្មកំពុងកើតឡើងធ្ងន់ធ្ងរដើម្បីប្រឆាំងនឹងរបបសឹក។ ទីពីរ របបសឹកក៏មានវិធានការឆ្លើយតបទៅនឹងក្រុមបាតុករកាន់តែខ្លាំងក្លារហូតដល់បាតុករជាង ១.០០០នាក់ស្លាប់ ហើយបាតុករជាង ៣.០០០នាក់ ទៀតត្រូវបានចាប់ឃុំខ្លួន។

ស្ថានភាពនយោបាយនៅមីយ៉ាន់ម៉ានេះកាន់តែមានភាពគ្រោះថ្នាក់ដោយសារតែ ទីមួយ ការបង្កើតនូវកងកម្លាំងចលនាប្រដាប់អាវុធប្រឆាំងនឹងរដ្ឋាភិបាលយោធានៅមីយ៉ាន់ម៉ា កំពុងតែកើតឡើង ជាពិសេសនៅតាមតំបន់ដែលជនជាតិភាគតិចធំៗ។ ទីពីរ រដ្ឋាភិបាល ដែលជាសមាជិករបស់គណបក្សលោកស្រី Suu Kyi ដែលត្រូវបានរំលាយចោល បានបង្កើត Government in Exile ឬរដ្ឋាភិបាលនិរទេសដើម្បីធ្វើការតស៊ូមតិខាងផ្នែកនយោបាយ តតាំងជាមួយនឹងរបបសឹកជាពិសេសទៅនឹង State Administration Council ឬក្រុមប្រឹក្សារដ្ឋបាលរបស់រដ្ឋដែលគ្រប់គ្រងដោយរបបសឹក។

អ្វីដែលកាន់តែគ្រោះថ្នាក់ទៅទៀត គឺថាមហាអំណាចមួយចំនួនកំពុងតែធ្វើការជាមួយនឹងរដ្ឋាភិបាលនិរទេសគឺ National Unity Government (NUG) ឬរដ្ឋាភិបាលបង្រួបបង្រួមជាតិរបស់មីយ៉ាន់ម៉ា។ រីឯទិដ្ឋភាពសេដ្ឋកិច្ច និងសង្គម យើងឃើញថា ជំងឺកូវីដ១៩ បានសម្លាប់ប្រជាពលរដ្ឋមីយ៉ាន់ម៉ាប្រមាណជាង ១៥.០០០នាក់ រួចទៅហើយ ហើយករណីថ្មីៗបានកើតឡើងកាន់តែច្រើន មីយ៉ាន់ម៉ាកំពុងតែខ្វះខាតអុកស៊ីសែន និងសម្ភារសុខាភិបាលជាច្រើនទៀត មន្ទីរពេទ្យមួយចំនួនត្រូវបានបិទទ្វារដោយសារតែការខ្វះខាតនូវសម្ភារៈទាំងអស់នោះ។

✍🏽-ជឺនបូរាណ ច័ន្ទបូរី

ads banner