សមាគមពុទ្ធសាសនិកកម្ពុជា-ចិន ប្រគល់ម៉ាស់ចំនួន១ម៉ឺនបន្ទះជូនដល់អង្គការស្មារតីកីឡា

ភ្នំពេញ៖ សមាគមពុទ្ធសាសនិកកម្ពុជា-ចិនមានរៀបចំកម្មវិធីប្រគល់ម៉ាស់ចំនួន១០០០០បន្ទះជូនដល់អង្គការស្មារតីកីឡា សំដៅចូលរួមទប់ស្កាត់ការរីករាលដាលជាសកលនៃជំងឺCovid-19​។ កម្មវិធីប្រគល់ម៉ាស់នេះធ្វើឡើង កាលពីរសៀលថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ២០២១នេះ នៅទីស្នាក់ការសមាគម។

លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិនបានថ្លែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះសមាគមពុទ្ធសាសនិកកម្ពុជា-ចិនដែលជានិច្ចកាលតែងចូលរួមយ៉ាងសកម្មជាមួយបណ្តាសង្គមស៊ីវិលនានាក្រោមម្លប់សន្តិភាព នីតិរដ្ឋ និងលំហសេរីភាពពេញលេញនៅកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ លោកបណ្ឌិតក៏នឹងបន្តសកម្មភាពក្នុងនាមជាស្ពានមេត្រីភាពនៃចំណងទាក់ទងរវាងបណ្តាសង្គមស៊ីវិលនានា ដើម្បីបង្កើនសាមគ្គីភាព និងភាតរភាពរវាងបណ្តាសង្គមស៊ីវិលកម្ពុជានិងចិន ប្រយោជន៍ចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍសង្គមជាតិ។

ក្នុងនាមព្រះធារវង្សាចារ្យ សៅរ៍ តារាវី ព្រះអនុគណស្រុកត្រាំកក់ ព្រះចៅអធិការវត្តមង្គលមានលក្ខណ៍ និងជាប្រធានសមាគមពុទ្ធសាសនិកកម្ពុជា-ចិន ព្រះតេជគុណ ចាវ ស៊ីន អនុប្រធានសមាគមបានមានថេរដីកាថា ជំនួយឧបត្ថម្ភ ដែលមានម៉ាស់ចំនួន១០០០០ បន្ទះនាថ្ងៃនេះគឺជាសក្ខីភាពនៃចំណងទាក់ទងជាមេត្រីភាពរវាងពុទ្ធសាសនិកនៃប្រទេសយើងទាំងពីរដែលមានទម្រដ៏រឹងមាំនៃទំនាក់ទំនងដែកថែបរវាងប្រជាជាតិនៃប្រទេសយើងទាំងពីរ ហើយក៏ជាការចូលរួមបំពេញនូវតម្រូវការជាក់ស្តែងមួយចំនួន ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាលើការទប់ស្កាត់ការរីករាលដាលនៃជំងឺCovid-19។

គួរជម្រាបផងដែរថា សមាគមពុទ្ធសាសនិកកម្ពុជា-ចិនត្រូវបានទទួលស្គាល់ជាផ្លូវការពីក្រសួងមហាផ្ទៃកាលពីខែឧសភា ឆ្នាំ២០១៩ ដោយមានបេសកកម្មការងារចំនួន៤ជាសំខាន់គឺ ១-ការចែករំលែកនិងផ្សព្វផ្សាយពីព្រះពុទ្ធសាសនា ២-ការចែករំលែកទានដល់ប្រជាជនទូទៅនិងចូលរួមបំពេញតម្រូវការជាក់ស្តែងរបស់ប្រជាជន ៣-ការបង្រៀនភាសាចិន និង៤-ការសិក្សាស្រាវជ្រាវ ការផ្សព្វផ្សាយ និងការបោះពុម្ពផ្សាយពីទំនាក់ទំនងជាប្រពៃណីរវាងពុទ្ធសាសនិកកម្ពុជានិងចិន។ ការផ្តល់ម៉ាស់នាថ្ងៃនេះគឺជាការចូលរួមក្នុងការគាំទ្រដល់បេសកកម្មការងាររបស់អង្គការស្មារតីកីឡា ជាពិសេសលើការចូលរួមផ្តល់នូវសម្ភារៈវេជ្ជសាស្រ្តនានាសំដៅចូលរួមទប់ស្កាត់ការរីករាលដាលជាសកលនៃជំងឺCovid-19​ ហេីយអង្គការស្មារតីកីឡានឹងប្រើប្រាស់នូវជំនួយសប្បុរសទាំងនេះដើម្បីចូលរួមចំណែកក្នុងការបង្កើនសុខភាពរបស់ប្រជាជន និងលើកទឹកចិត្តដល់កីឡា ព្រមទាំងចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួននិងមានប្រសិទ្ធភាពនូវរាល់គ្រប់វិធានការនានារបស់រាជរដ្ឋាភិបាលកម្ពុជាលើការទប់ស្កាត់ការរីករាលដាលនៃជំងឺCovid-19៕

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner