កីឡាករប្រដាល់ដ៏ល្បីរបស់ហ្វីលីពីន Manny Pacquiao ប្រកាសនៅថ្ងៃទី១៩ កញ្ញា ថាខ្លួននឹងឈរឈ្មោះនៅក្នុងការបោះឆ្នោតប្រធានាធិបតីអាណត្តិក្រោយ

អត្ថបទដោយ៖
AMS OneMinute

បច្ចុប្បន្ន Pacquiao អាយុ៤២ឆ្នាំ មានប្រជាប្រិយភាពខ្លាំងនៅហ្វីលីពីន។ ជាអតីតក្មេងក្រីក្ររស់នៅតាមចិញ្ចើមផ្លូវ Pacquiao បានចូលហាត់រៀនកីឡាប្រដាល់អាជីពនៅឆ្នាំ ១៩៩៥ មុននឹងសាងកេរ្តិ៍ឈ្មោះបន្តិចម្តងៗនៅលើឆាកអន្តរជាតិ។ Pacquiao គឺជាកីឡាករប្រដាល់តែម្នាក់គត់ ដែលបានទទួលខ្សែក្រវ៉ាត់ជើងឯកពិភពលោកកម្រិតទំងន់៨ខុសៗគ្នា។ ទ្រព្យសម្បត្តិរបស់កីឡាកររូបនេះត្រូវគេប៉ាន់ស្មានថាមានប្រមាណ ៥០០លានដុល្លារ។

Pacquiao បានសម្រេចចិត្តចូលប្រឡូកក្នុងនយោបាយនៅឆ្នាំ ២០១០ នៅក្នុងគណបក្សរបស់លោកប្រធានាធិបតី Duterte។ បន្ទាប់ពីជាប់ឆ្នោតជាសមាជិកសភា កំពូលកីឡាកររូបនេះបានជាប់ឆ្នោតជាសមាជិកព្រឹទ្ធសភាហ្វីលីពីននៅឆ្នាំ ២០១៦។ Pacquiao បានឃ្លាតឆ្ងាយបន្តិចម្តងៗពីលោក Duterte បន្ទាប់ពីខ្លួនធ្លាប់បានចេញមុខរិះគន់លោក Duterte ជាសាធារណៈច្រើនដងទាក់ទិនអំពើពុករលួយព្រមទាំងបញ្ហាសមុទ្រចិនខាងត្បូង។ Pacquiao បានអះអាងផងដែរថា បើខ្លួនឈ្នះឆ្នោត ខ្លួននឹងសាងសង់គុកមួយដ៏ធំដើម្បីចាប់អូសកមន្ត្រីពុករលួយទាំងអស់ដាក់បញ្ចូលនៅទីនោះ។

ប្រភព៖ RFI

ads banner