អង្គការសិទ្ធិមនុស្សតែងមាននិន្នាការផ្ដោតតែលើសិទ្ធិនយោបាយ ប៉ុន្តែនិន្នាការបែបនេះមិនបានបង្ហាញពីរូបភាពពេញលេញនៃសិទ្ធិមនុស្សនោះឡើយ

អត្ថបទដោយ៖
AMS OneMinute

អង្គការសិទ្ធិមនុស្សតែងមាននិន្នាការផ្ដោតតែលើសិទ្ធិនយោបាយ ប៉ុន្តែនិន្នាការបែបនេះមិនបានបង្ហាញពីរូបភាពពេញលេញនៃសិទ្ធិមនុស្សនោះឡើយ ជាពិសេសនៅក្នុងអំឡុងពេលនៃវិបត្តិកូវីដ១៩។ ក្នុងអំឡុងពេលវិបត្តិនេះសិទ្ធិមនុស្សជាមូលដ្ឋាន រួមទាំងសិទ្ធិរស់រានមានជីវិត សិទ្ធិទទួលបានការងារសមរម្យ មានម្ហូបអាហារបរិភោគ សិទ្ធិទទួលបានការថែទាំសុខភាព ការអប់រំ និងជម្រកស្នាក់នៅជាដើមក៏ត្រូវតែផ្ដល់ការយកចិត្តទុកដាក់ដូចគ្នាដែរ។

ជំងឺកូវីដ១៩ មានគ្រោះថ្នាក់អាចគំរាមកំហែងដល់អាយុជីវិត។ ដូច្នេះ គ្រប់សមាសធាតុនៃសង្គមរួមទាំងអង្គការសិទ្ធិមនុស្សគួរតែដាក់សិទ្ធិរស់រានមានជីវិតឱ្យសំខាន់លើសពីអ្វីៗទាំងអស់។ សិទ្ធិនយោបាយ និងសេរីភាពបុគ្គល ដូចជាសិទ្ធិក្នុងការដើរហើរដែលអាចចម្លងជំងឺទៅអ្នកដទៃ សិទ្ធិបញ្ចេញមតិដោយផ្សព្វផ្សាយព័ត៌មានដែលគ្មានការពិត និងជំរុញឱ្យពលរដ្ឋមិនគោរពតាមវិធានការរដ្ឋបាល និងសុខាភិបាលជាដើម វាបានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សង្គមនៅគ្រាអាសន្នបែបនេះ។

អង្គការសិទ្ធិមនុស្សគួរចៀសវាងការសាបព្រោះកំហឹង ការស្អប់ខ្ពើមគ្នា ការមិនទុកចិត្តគ្នា និងបំបែកបំបាក់សាមគ្គីភាពក្នុងសង្គមខ្មែរ ឧទាហរណ៍តាមរយៈការផ្តល់ការគាំទ្រអ្នកដែលបានផ្សព្វផ្សាយព័ត៌មានមិនពិត ឬបានជំរុញឱ្យពលរដ្ឋប្រឆាំងនឹងវិធានការរបស់អាជ្ញាធរដោយចាត់ទុកថា ទង្វើរបស់អង្គការខ្លួនគឺជាសកម្មភាពការពារសេរីភាពនៃការបញ្ចេញមតិ និងសេរីភាពក្នុងការប្រមូលផ្ដុំជាដើម ។

អង្គការសិទ្ធិមនុស្សគួរចូលរួមជួយអប់រំប្រជាជនអំពីកាតព្វកិច្ចពលរដ្ឋ និងលើកទឹកចិត្តពួកគេឱ្យសហការយ៉ាងពេញលេញ ជាមួយវិធានការចាំបាច់របស់រាជរដ្ឋាភិបាលដូចជាការរឹតត្បិតការធ្វើដំណើរ និងការធ្វើចត្តាឡីស័កជាដើម។

អង្គការសិទ្ធិមនុស្សក៏អាចជួយលើកកម្ពស់ការយល់ដឹងអំពីសិទ្ធិទទួលបានការថែទាំសុខភាព តាមរយៈការផ្សព្វផ្សាយព័ត៌មានអំពីកន្លែងដែលពលរដ្ឋអាចទទួលបានការថែទាំសុខភាព ទទួលដំបូន្មានពីគ្រូពេទ្យ និងវិធីសាស្រ្តក្នុងការគោរពឱ្យបានខ្ជាប់ខ្ជួននូវវិធានការបង្ការជំងឺកូវីដ១៩របស់អាជ្ញាធរ។

✍🏽-ស៊ឹម វីរៈ អត្ថបទវិភាគសង្គមផ្សាយលើភ្នំពេញប៉ុស្តិ៍ (១៧ កញ្ញា ២០២១)

ads banner