នាយកប្រតិបត្តិអង្គការបង្ការរបួសអាស៊ី AIP៖ ការឈានទៅលុបបំបាត់ទាំងស្រុងចំពោះការយករថយន្តដឹកទំនិញទៅដឹកកម្មករទាមទារនូវការប្តេជ្ញាខ្ពស់ពីគ្រប់ភាគីពាក់ព័ន្ធ

ភ្នំពេញ៖ លោក គឹម បញ្ញា នាយកប្រតិបត្តិអង្គការបង្ការរបួសអាស៊ី ហៅកាត់ថា AIP ប្រចាំកម្ពុជា មានប្រសាសន៍ថា ការឈានទៅលុបបំបាត់ទាំងស្រុង ការយករថយន្តដឹកទំនិញទៅដឹកកម្មករ គឺត្រូវទាមទារនូវការប្តេជ្ញាខ្ពស់ពីគ្រប់ភាគីពាក់ព័ន្ធ រាប់តាំងរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល ម្ចាស់រថយន្ត និងការចូលរួមរបស់ថៅកែរោងចក្រ។

ការលើកឡើងនេះ ធ្វើឡើងក្នុងវេទិកាប្រចាំឆ្នាំស្ដីពីការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក សម្រាប់កម្មករនិយោជិតនៅកម្ពុជា តាមប្រព័ន្ធវីដេអូហ្សូម នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ ដែលរៀបចំឡើងក្នុងគោលបំណងផ្តល់ព័ត៌មាន និងបង្កើនការភ្ជាប់ទំនាក់ទំនងរវាងអង្គការសង្គមស៊ីវិល វិស័យឯកជន សហជីព ដៃគូអភិវឌ្ឍន៍ និងអ្នកពាក់ព័ន្ធនានា ដែលមានកង្វល់ដូចគ្នាអំពីបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ក៏ដូចជាស្វែងរកដំណោះ ស្រាយ និងកំណត់នូវតួនាទីរបស់អ្នកពាក់ព័ន្ធក្នុងការរួម ចំណែកធ្វើឱ្យការធ្វើដំណើររបស់កម្មករនិយោជិតកម្ពុជា កាន់តែមានសុវត្ថិភាពប្រសើរឡើង។ លោក គឹម បញ្ញា បន្តថា កម្មករនិយោជិតដែលធ្វើ ដំណើរតាមរថយន្តដឹកកម្មកររួមនៅតែបន្តទទួលរងគ្រោះនៅពេលធ្វើដំណើរទៅមកបំពេញការងារ បើទោះបីជាករណីគ្រោះថ្នាក់ភាគច្រើនកើតមានឡើងលើកម្មករដែលធ្វើដំណើរតាមយានយន្តផ្ទាល់ខ្លួនដូចជាម៉ូតូ។ លោកបន្ថែមថា គ្រោះថ្នាក់ចរាចរណ៍នៅតែជាបញ្ហាប្រឈមដ៏ចំបងគួរឱ្យព្រួយបារម្ភយ៉ាងខ្លាំងមួយសម្រាប់កម្មករនិយោជិត ជាពិសេសអ្នកដែលកំពុងបម្រើការងារក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើង ដែលមានប្រមាណជាង៧០ ម៉ឺននាក់។ លោក ចាយ សំណាង អនុប្រធាននាយកដ្ឋានសេវាអតិថិជន និងទំនាក់ទំនងសាធារណៈនៃបេឡាជាតិសន្តិសុខសង្គម ហៅកាត់ ប.ស.ស បញ្ជាក់ថា ក្រុមការងាររបស់ប.ស.សបាននិងកំពុងចុះស្រង់ស្ថិតិលើមធ្យោបាយដឹកជញ្ជូនកម្មករនិយោជិត និងអ្នកបើកបរតាមរោងចក្រ សហគ្រាសនៅទូទាំងប្រទេស ដើម្បីពិនិត្យលើលទ្ធភាពផ្លាស់ប្តូររថយន្តដឹកកម្មករនិយោជិតពីរថយន្តដឹកទំនិញ ឬហៅថា រថយន្តកូរ៉េ មកជារថយន្តដែលមានសុវត្ថិភាពត្រឹមត្រូវដូចជារថយន្តក្រុង ឬរថយន្តដែលមានកៅអីអង្គុយត្រឹមត្រូវ និងមានខ្សែក្រវាត់សុវត្ថិភាព។ លោកបន្តថា ក្រុមការងារកំពុងជំរុញអ្នកបើកបររថយន្តប្រភេទដឹកទំនិញធ្វើការកែច្នៃឱ្យមានកៅអីអង្គុយសម្រាប់កម្មករនិយោជិតឱ្យបានត្រឹមត្រូវ។ យោងតាមរបាយការណ៍របស់បេឡាជាតិសន្តិសុខសង្គម ស្តីពីស្ថានភាពរថយន្តដឹកកម្មករនៅតាមរោងចក្រកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង គិតត្រឹមឆ្នាំ២០១៩ បានបង្ហាញថា អ្នកបើកបរបានប្រើប្រាស់រថយន្តដឹកទំនិញរហូតដល់ជាង២.៣០០គ្រឿង ដែលស្មើនឹង៦០ភាគរយនៃមធ្យោបាយធ្វើដំណើរសរុបរបស់កម្មករ។ ការដឹកកម្មករធ្វើឡើងដោយឈរ និងមានចំនួនច្រើន មានលក្ខណៈចង្អៀតពិបាកធ្វើចលនា ព្រមទាំងមានភាពរញ៉េរញ៉ៃ និងគ្មានសណ្តាប់ធ្លាប់ ដែលធ្វើឱ្យប្រឈមនឹងគ្រោះថ្នាក់ចរាចរណ៍ជាក្រុមខ្ពស់។

របាយការណ៍ដដែលបានបញ្ជាក់ទៀតថា គិតត្រឹមឆមាសទី១ ឆ្នាំ២០២១នេះ ស្ថានភាពគ្រោះថ្នាក់ចរាចរណ៍លើកម្មករនិយោជិត ក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង មានសរុប១.៣៣៣ករណី ដោយក្នុងនោះមានកម្មករនិយោជិតស្លាប់ចំនួន៣៣នាក់ របួសធ្ងន់៣២៨នាក់ និងរបួសស្រាល១.១៦៣នាក់។ ករណីគ្រោះថ្នាក់កើតឡើងភាគច្រើន ចំពោះរថយន្តដឹកកម្មករប្រភេទរថយន្តដឹកទំនិញ (រថយន្តកូរ៉េ) និងទោចក្រយានយន្ត ក្នុងនោះសម្រាប់រថយន្តដឹកកម្មករមានចំនួន៦ករណី ដោយមានជនរងគ្រោះសរុប២៧៦នាក់៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner