គណៈឃោសនាអប់រំនៃគណបក្សប្រជាជនកម្ពុជា ជួបប្រជុំជាមួយគណៈឃោសនាអប់រំនៃបក្សកុម្មុយនីស្ដវៀតណាម

ភ្នំពេញៈនៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម តាក ស៊ុនអ៊ី សមាជិកគណៈកម្មាធិការកណ្តាល ប្រធានគណៈឃោសនាអប់រំគណៈកម្មាធិការកណ្តាលនៃគណបក្សប្រជាជនកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូគណៈឃោសនាអប់រំចូលរួមកិច្ចប្រជុំជាមួយឯកឧត្តម ង្វៀង ត្រុង ងា លេខាមជ្ឈិម និងជាប្រធានគណៈឃោសនាអប់រំមជ្ឈិមបក្សកុម្មុយនីស្តវៀតណាមតាមប្រព័ន្ធវីដេអូ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ង្វៀង ត្រុង ងា លេខាមជ្ឈិម និងជាប្រធានគណៈឃោសនាអប់រំមជ្ឈិមបក្សកុម្មុយនីស្ដវៀតណាម បានគូសបញ្ជាក់ថាទំនាក់ទំនងសហប្រតិបត្តិការរវាងបក្សទាំងពីរ រដ្ឋទាំងពីរត្រូវបានពង្រឹង និងពង្រីកឥតឈប់ឈរលើគ្រប់វិស័យនៅក្នុងរយៈពេលកន្លងមកនេះ។ នៅក្នុងឆ្នាំនេះ ថ្នាក់ដឹកនាំកំពូលនៃបក្ស និងរដ្ឋប្រទេសទាំងពីរ តែងបានជួបពិភាក្សាគ្នាជាបន្តបន្ទាប់តាមរយៈទូរស័ព្ទ និងការជួបផ្ទាល់ ហើយបានបញ្ជាក់ច្បាស់នូវការបន្តថែរក្សាពូនជ្រំទំនាក់ទំនងជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការគ្រប់វិស័យរវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនរឹងមាំឡើង។
ឯកឧត្តមបានជូនព័ត៌មានអំពីចំណុចសំខាន់ៗមួយចំនួននៃសភាពការណ៍វៀតណាមក្នុងឆ្នាំ២០២១ ថា ទោះបីត្រូវជួបនឹងការលំបាកយ៉ាងច្រើន ជាពិសេសការជះឥទ្ធិពលយ៉ាងខ្លាំងពីវិបត្តិជំងឺកូវីដ-១៩ មកលើការអភិវឌ្ឍសេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាជនយ៉ាងណាក្ដីក៏ស្ថិតក្រោមការដឹកនាំរបស់បក្សកុម្មុយនីស្ដវៀតណាម ប្រជាជនវៀតណាមបន្តសម្រេចបានលទ្ធផលជាវិជ្ជមានលើគ្រប់វិស័យ។ ក្នុងបរិបទនេះ ភារកិច្ចរបស់គណៈឃោសនាអប់រំវៀតណាម គឺបន្តសិក្សាស្រាវជ្រាវរៀនសូត្រ និងឃោសនាអំពីសេចក្ដីសម្រេចចិត្តនៃមហាសន្និបាតបក្សលើកទី១៣ ទាំងក្នុងជួរកម្មាភិបាល ទាំងក្នុងជួរប្រជាជនលើកកម្ពស់ការយល់ដឹងអំពីមាគ៌ាអភិវឌ្ឍប្រទេសឈានឡើងសង្គមនិយម និងការពារមាតុភូមិ កសាងវប្បធម៌ និងធនធានមនុស្ស និងបន្តជំរុញការកសាងបក្សទាំងខាងនយោបាយ សតិអារម្មណ៍ និងចាត់តាំង។ ឯកឧត្តមបានផ្ដោតសារៈសំខាន់ដល់ការពង្រឹងកិច្ចសហប្រតិបត្តិការរវាងគណៈឃោសនាអប់រំនៃគណបក្សទាំងពីរក្នុងពេលបច្ចុប្បន្ន និងតទៅមុខទៀត តាមទិសដៅនានា ស្របទៅនឹងមុខងារ ភារកិច្ចរបស់គណៈឃោសនាអប់រំនីមួយៗ ដែលនឹងចូលរួមសកម្មដល់ការពង្រឹងពង្រីកចំណងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរ។

ថ្លែងនៅក្នុងឱកាសនោះ ឯកឧត្តម តាក ស៊ុនអ៊ី សមាជិកគណៈកម្មាធិការកណ្ដាល ប្រធានគណៈឃោសនាអប់រំគណៈកម្មាធិការកណ្ដាលនៃគណបក្សប្រជាជនកម្ពុជា បានធ្វើការកត់សម្គាល់ថា កិច្ចប្រជុំនាពេលនេះ បានប្រព្រឹត្តឡើងបន្ទាប់ពីជំនួបកំពូលនៃថ្នាក់ដឹកនាំរបស់គណបក្សទាំងបី គណបក្សកុម្មុយនីស្ដវៀតណាម គណបក្សប្រជាជនកម្ពុជា និងគណបក្សប្រជាជនបដិវត្តន៍ឡាវ ដែលបានប្រព្រឹត្តទៅដោយជោគជ័យកាលពីថ្ងៃទី២៦ ខែកញ្ញា កន្លងទៅ នៅរដ្ឋធានីហាណូយ។ តាមរយៈជំនួបកំពូលនេះ ធ្វើឱ្យចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងគណបក្សទាំងបី ប្រទេសទាំងបី កាន់តែរឹងមាំ ផូរផង់ឡើង និងផ្ដល់សន្ទុះខ្លាំងក្លាបន្ថែមទៀតដល់ការអភិវឌ្ឍនៃប្រទេសនីមួយៗ ព្រមទាំងរួមចំណែកដល់បុព្វហេតុសន្តិភាព ស្ថិរភាព សហប្រតិបត្តិការ និងវិបុលភាពក្នុងតំបន់។ ឯកឧត្តមមានជំនឿថា កិច្ចប្រជុំនេះនឹងផ្ដល់គុណប្រយោជន៍ដ៏សំខាន់ដល់ការលើកកម្ពស់ការយល់ដឹងអំពីការងារសតិអារម្មណ៍ក្នុងដំណាក់កាលបច្ចុប្បន្ន ការពង្រឹងទំនាក់ទំនងរវាងគណៈឃោសនាអប់រំនៃគណបក្សទាំងពីរ និងការរួមចំណែកក្នុងការថែរក្សាពូនជ្រំទំនាក់ទំនងរវាងគណបក្ស រដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ តាមស្មារតី “អ្នកភូមិផងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរឹងមាំ និងយូរអង្វែង។ អំពីសភាពការណ៍កម្ពុជា ឯកឧត្តមបានគូសបញ្ជាក់ថា នៅឆ្នាំ ២០២០ ដោយសារការរងឥទ្ធិពលយ៉ាងធ្ងន់ធ្ងរពីជំងឺកូវីដ-១៩ សេដ្ឋកិច្ចកម្ពុជាមានកំណើនអវិជ្ជមាន-៣,១%។ ប្រឈមស្ថានភាពនេះ រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានដាក់ចេញនូវវិធានការអន្តរាគមន៍ជាច្រើនជុំ (មកដល់ពេលនេះមាន៩ជុំរួចហើយ) ប្រកបដោយប្រសិទ្ធភាពក្នុងការជួយរក្សាលំនឹងសេដ្ឋកិច្ច និងជីវភាពរស់នៅប្រជាជន។ នៅចុងឆ្នាំ ២០២០ អាស្រ័យដោយការគ្រប់គ្រងបានល្អលើជំងឺកូវីដ-១៩ សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករណ៍ថានឹងមានកំណើន ៤% ។ ប៉ុន្តែការផ្ទុះឡើងវិញជាថ្មីក្នុងទ្រង់ទ្រាយធំនូវការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ ចាប់ពីដើមឆ្នាំមក បានធ្វើឱ្យកំណើនសេដ្ឋកិច្ចឆ្នាំនេះអាចសម្រេចបានប្រមាណ២,៤% ប៉ុណ្ណោះ។ ចំពោះមុខនេះ ទន្ទឹមនឹងការខិតខំលើកស្ទួយកំណើនសេដ្ឋកិច្ច និងការរក្សាលំនឹងនៃជីវភាពរស់នៅរបស់ប្រជាជន រាជរដ្ឋាភិបាលកំពុងបន្តប្រមូលផ្ដុំយ៉ាងខ្លាំងលើការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដោយកំណត់យកវិធានការចាក់វ៉ាក់សាំងជាវិធានការយុទ្ធសាស្ដ្រគន្លឹះ គួបផ្សំនឹងវិធានការផ្សេងៗទៀត ដូចជា វិធានការផ្នែករដ្ឋបាល សុខាភិបាល និងច្បាប់ ។ ក្នុងពេលជាមួយគ្នានេះដែរ រាជរដ្ឋាភិបាលក៏ត្រូវត្រៀមយ៉ាងម៉ត់ចត់នូវការងារធំៗជាច្រើនទៀត ក្នុងនោះក៏រួមមាន ការត្រៀមរៀបចំសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ ២០២២ និងការបោះឆ្នោតសាកលថ្នាក់ជាតិ ឆ្នាំ ២០២៣។ ឯកឧត្តមក៏បានជម្រាបជូនអំពីលទ្ធផលដ៏ល្អប្រសើរនៃយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាជន ហើយតាមរយៈលទ្ធផលនេះ កម្ពុជានឹងបង្កើតបានភាពស៊ាំក្នុងសង្គម ដើម្បីឈានទៅបើកឡើងវិញសកម្មភាពសេដ្ឋកិច្ចសង្គមឱ្យបានពេញលេញជាជំហានៗតាមគន្លងប្រក្រតីកម្មថ្មី។

ឯកឧត្តម តាក ស៊ុនអ៊ី សម្តែងការជឿជាក់ថា ក្រោមការដឹកនាំដ៏ឈ្លាសវៃ ភ្លឺស្វាងរបស់បក្សកុម្មុយនីស្ដវៀតណាម ដែលមានឯកឧត្តម ង្វៀង ភូជុង ជាអគ្គលេខា រដ្ឋាភិបាល និងប្រជាជនវៀតណាម នឹងសម្រេចបានជោគជ័យធំៗថ្មីទៀត ក្នុងការអនុវត្តសេចក្ដីសម្រេចចិត្តរបស់មហាសន្និបាតបក្សកុម្មុយនីស្ដវៀតណាមលើកទី១៣ ឆ្ពោះទៅសម្រេចគោលដៅប្រជាជនវៀតណាមមានជីវភាពធូរធារ ប្រជាធិបតេយ្យ សមភាព អរិយធម៌ ប្រទេសវៀតណាមរឹងមាំ និងសម្បូររុងរឿងនៅឆ្នាំ ២០៤៥។ ព្រមជាមួយនោះ ឯកឧត្តមបានលើកអំពីភារកិច្ចសំខាន់ៗចំពោះមុខនៃការងារឃោសនាអប់រំ ក្នុងទិសដៅថែរក្សាសន្តិភាព និងស្ថិរភាពនយោបាយ ការបន្តប្រយុទ្ធនឹងជំងឺកូវីដ-១៩ ការជំរុញកំណើនសេដ្ឋកិច្ច និងការត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោតក្នុងឆ្នាំ ២០២២។ និងអំពីទិសដៅសហប្រតិបត្តិការលើការងារឃោសនាអប់រំតទៅមុខទៀត។
កិច្ចប្រជុំបានពិភាក្សា និងផ្លាស់ប្ដូរបទពិសោធន៍គ្នាលើការអនុវត្តតួនាទីរបស់គណៈឃោសនាអប់រំធ្វើជាសេនាធិការជូនគណបក្សលើការងារអប់រំនយោបាយសតិអារម្មណ៍, អំពីខ្លឹមសារ វិធីសាស្ត្រនៃការឃោសនា និងផ្សព្វផ្សាយ, ការតម្រង់ទិសសារព័ត៌មាន, ការឃោសនាអប់រំអំពីការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងការតស៊ូវាយបកលើការឃោសនារបស់ពួកអមិត្តដែលប្រឆាំងនឹងទំនាក់ទំនងកម្ពុជា-វៀតណាម។

គណៈឃោសនាអប់រំនៃគណបក្សទាំងពីរបានឯកភាពគ្នា លើទិសដៅនៃកិច្ចសហប្រតិបត្តិការតទៅមុខទៀតជាអាទិ៍ ការបន្តជួបប្រជុំរវាងថ្នាក់ដឹកនាំនៃគណៈឃោសនាអប់រំទាំងពីរ, ការរផ្លាស់ប្ដូរគណៈប្រតិភូសិក្សាស្រាវជ្រាវក្រោយពេលជំងឺកូវីដ-១៩បានស្រាកស្រាន្ដ ការលើកកម្ពស់ការអប់រំមន្ត្រី សមាជិកបក្ស និងប្រជាជនជាប្រចាំ អំពីចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងវាយបកយ៉ាងម៉ឺងម៉ាត់ចំពោះរាល់ការឃោសនាអកុសលដែលវាយប្រហារមកលើចំណងមិត្តភាពកម្ពុជា-វៀតណាម។
ជំនួបប្រជុំរវាងគណៈឃោសនាអប់រំនៃប្រទេសទាំងពីរ បានបញ្ចប់ក្នុងបរិយាកាសរីករាយ ស្និទ្ធស្នាល និងប្រកបដោយផ្លែផ្កា៕

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner