អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ ប្រកាសថា យានយន្ត ៥០១គ្រឿងទៀត ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នាថ្ងៃទី០៣ ខែតុកលា ឆ្នាំ២០២១

ភ្នំពេញ ៖ យានយន្តសរុបចំនួន ៥០១គ្រឿងទៀត ត្រូវបាននគរបាលទូទាំងប្រទេសត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១នេះ ក្នុងនោះមានម៉ូតូ ៤១៥គ្រឿង និងរថយន្ត ៨៦គ្រឿង។ នេះបើតាមឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ ។

បើតាមអ្នកនាំពាក្យ, គិតថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី០៣ ខែតុលា ក្នុងឆ្នាំ២០២១នេះ នគរបាលចរាចរណ៍ទូទាំងប្រទេសបានត្រួតពិនិត្យ និងផាកពិន័យយានយន្តសរុបចំនួន ១៦៦,៩៧៩គ្រឿង ក្នុងនោះមានម៉ូតូ ១២៥,៤៣៨គ្រឿង និងរថយន្តគ្រប់ប្រភេទ ៤១,៥៤១គ្រឿង។
បទល្មើសដែលត្រូវបានកត់សម្គាល់សម្រាប់ម៉ូតូ គឺភាគច្រើនអត់មួក ល្មើសសញ្ញា ទូរស័ព្ទ និងអត់ស្លាកលេខជាដើម។ ដោយឡែករថយន្តល្មើសល្បឿន ល្មើសសញ្ញា អត់ប័ណ្ណបើកបរ អត់ស្លាកលេខ ស្រវឹង លើសចំណុះ ទូរស័ព្ទ អត់ខ្សែក្រវាត់ ឆៀក អាជីវកម្មជាដើម។

ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានបន្តថា ការអនុវត្តតាមអនុក្រឹត្យលេខ៣៩ ក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរ។

ឯកឧត្តម បានថ្លែងអំណរគុណ និងកោតសរសើរដល់ជនរួមជាតិជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ ដែលបានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើររយៈពេលកន្លងមកនេះ ជាពិសេសកោតសរសើរ និងអរគុណដល់នគរបាលចរាចរណ៍ដែលបានលះបង់ និងខិតខំប្រឹងប្រែងជំរុញការរឹតបន្តឹងចរាចរណ៍ប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់បំផុត។

សូមបញ្ជាក់ថា សម្រាប់ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១នេះ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកម្ពុជាក៏បានកើតឡើងចំនួន ០៩លើក ក្នុងនោះស្លាប់ ០៥នាក់ របួស ១៧នាក់ (របួសធ្ងន់ ១១នាក់)។

រយៈពេល ២៧៦ថ្ងៃមកនេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន ១,៩១៤លើក បណ្ដាលឱ្យមនុស្សស្លាប់ ១,០៧៣នាក់ របួស ២,៦១៨នាក់ (របួសធ្ងន់ ១,៥៨១នាក់) ៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner