រាជរដ្ឋាភិបាលកម្ពុជា អបអរសាទរ លោក គីស៊ីដា ហ្វឹមីអូ ក្លាយជានាយករដ្ឋមន្រ្តីថ្មីរបស់ជប៉ុន

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២១នេះ បានផ្ញើសារលិខិតមួយ សម្តែងការអបអរសាទរជូនចំពោះ ឯកឧត្តម គីស៊ីដា ហ្វឹមីអូ ដែលត្រូវបានជ្រើសតាំងជា នាយករដ្ឋមន្ត្រីថ្មី នៃប្រទេសជប៉ុន បន្ទាប់ពីទទួលបានជ័យជម្នះក្នុងការបោះឆ្នោតជ្រើសរើសប្រធានគណបក្សប្រជាធិបតេយ្យសេរី។

ក្នុងសារលិខិត សម្តេចតេជោ ហ៊ុន សែណ បានបញ្ជាក់ថា «តាងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា សម្តេច សម្តែងនូវការអបអរសាទរយ៉ាងកក់ក្ដៅ បំផុតចំពោះ ឯកឧត្តម ក្នុងឱកាសដែលឯកឧត្តម ត្រូវបានជ្រើសតាំងជានាយករដ្ឋមន្ត្រីនៃប្រទេសជប៉ុន បន្ទាប់ពីទទួលបានជ័យជម្នះក្នុងការបោះឆ្នោតជ្រើសរើសប្រធានគណបក្សប្រជាធិបតេយ្យសេរី ដែលនេះពិតជាឆ្លុះបញ្ចាំងពីទំនុកចិត្ត និងការគាំទ្រ ពីសំណាក់សមាជិកបក្ស ក៏ដូចជា ប្រជាជនជប៉ុន ចំពោះឯកឧត្តម»

ជាមួយនឹងបទពិសោធដ៏សម្បូរបែប ទាំងក្នុងស្ថាប័ននិតិបញ្ញតិ និងនីតិប្រតិបត្តិ សម្តេចតេជោជឿជាក់យ៉ាងមុតមាំថា ក្រោមការដឹកនាំដ៏ល្លៀសវៃ និងប្រកបដោយសមត្ថភាពរបស់ ឯកឧត្តម គីស៊ីដា ហ្វឹមីអូ ប្រទេសជប៉ុននឹងបន្តរីកចម្រើនយ៉ាងលឿនទៅមុខ ហើយនឹងអាចយកឈ្នះវិបត្តិកូវីដ-១៩ និងលេចត្រដែត ឡើងកាន់តែខ្លាំងក្លាជាងមុនថែមទៀត ។

សម្តេចបានគូសបញ្ជាក់បន្ថែមថា «ខ្ញុំទន្ទឹងរង់ចាំធ្វើការយ៉ាងជិតស្និទ្ធជាមួយឯកឧត្តម ដើម្បីពង្រឹង និងពង្រីកចំណងមិត្តភាពដ៏ ជិតស្និទ្ធ និងភាពជាដៃគូយុទ្ធសាស្ត្រ រវាងកម្ពុជា និងជប៉ុន ដើម្បីជាផលប្រយោជន៍នៃប្រទេស និង ប្រជាជនរបស់យើងទាំងពីរ ព្រមទាំងដើម្បីសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ និងពិភព លោកផងដែរ»

ឯកឧត្តម គីស៊ីដា ហ្វឹមីអូ (Fumio Kishida) ត្រូវបានសភាជប៉ុនបោះឆ្នោតគាំទ្រជាផ្លូវការ នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២១ ក្នុងការឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីថ្មី បន្ទាប់ពីឯកឧត្តម ស៊ូហ្គា យ៉ូស៊ីហ៊ីដេ (Suga Yoshihide) បានសម្រេចចិត្តលាលែងចេញពីតំណែងនេះ កាលពីខែកញ្ញា។ ឯកឧត្តម គីស៊ីដា ហ្វឹមីអូ ធ្លាប់កាន់តំណែងជារដ្ឋមន្ត្រីការបរទេស នៅក្នុងជួររដ្ឋាភិបាលរបស់ឯកឧត្តម អាបេ ដែលក្លាយជានាយករដ្ឋមន្ត្រីជប៉ុនទី១០០របស់ជប៉ុន៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner