រដ្ឋមន្រ្តីក្រសួងមហាផ្ទៃឥរិយាបទ មេ ឃុំ ស្មៀន មេប៉ុស្ត៍ ធ្វើអោយជះឥទ្ធិពលដល់សម្លេងឆ្នោត

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងថា មនុស្សចំនួន៤ ធ្វើឲ្យជះឥទ្ធិពលដល់សំឡេង រួមមាន ៖ មេឃុំ ស្មៀន មេប៉ុស្ដិ៍ មេភូមិ ដូច្នេះ ត្រូវធ្វើល្អជាមួយប្រជាពលរដ្ឋ តើពួកគាត់ចង់បានអ្វីត្រូវដោះស្រាយជូនភ្លាមៗ។
ក្នុងពិធីប្រកាសកាន់មុខតំណែង អភិបាលខេត្តស្ទឹងត្រែង នាថ្ងៃទី៤ ខែតុលា ឆ្នាំ២០២១ សម្ដេច ស ខេង បានឲ្យដឹងថា ប្រជាពលរដ្ឋចាប់ផ្ដើមពិនិត្យបញ្ជីបោះឆ្នោត ឃុំ-សង្កាត់ ដើម្បីធ្វើយ៉ាងណាឲ្យដំណើរការបោះឆ្នោត ឃុំ-សង្កាត់ នាពេលខាងមុខនេះ ប្រព្រឹត្តទៅដោយរលូន ក្នុងនោះ សម្ដេច ណែនាំ ដល់សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់ការងារបោះឆ្នោត។
សម្ដេច មានប្រសាសន៍ថា «ខ្ញុំចង់បញ្ជាក់អំពីតួអង្គបួននាក់ ដែលមានតួនាទីជះឥទ្ធិពលដល់សំឡេងឆ្នោត។ មនុស្សបួននាក់ហ្នឹងនរណាខ្លះ? មនុស្សទីមួយ មេឃុំ-ចៅសង្កាត់, មនុស្សទីពីរ ស្មៀនឃុំ-ចៅសង្កាត់, មនុស្សទីបី មេប៉ុស្ដិ៍ប៉ូលិស ប៉ុស្ដិ៍រដ្ឋបាល និងមនុស្សទីបួន គឺមេភូមិ»។
សម្ដេច ស្នើដល់ក្រុមការងារគណបក្ស ក្រុមការងាររាជរដ្ឋាភិបាល ក្រុមប្រឹក្សា និងអ្នកពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ធ្វើយ៉ាងណាឲ្យ មនុស្សទាំង៤ ខាងលើនេះ ធ្វើការងារឲ្យបានល្អ ជាមួយប្រជាពលរដ្ឋ។
សម្ដេច រៀបរាប់ថា នាពេលកន្លងមក ប្រជាពលរដ្ឋ មិនបានស្អប់ថ្នាក់រាជរដ្ឋាភិបាលនាំឡើយ ប៉ុន្ដែបោះឆ្នោតឲ្យជាប់ មន្ដ្រីថ្នាក់មូលដ្ឋាននៅធ្វើបាបពួកគាត់ដដែល ដូច្នេះ មេឃុំ ស្មៀន មេប៉ុស្ដិ៍ មេភូមិ ត្រូវប្រយ័ត្នប្រយែង ចំពោះឥរិយាបថរបស់ខ្លួន ត្រូវធ្វើល្អជាមួយប្រជាពលរដ្ឋ។
ជាងនេះទៅទៀត សម្ដេច ស ខេង លើកឡើងថា មានមន្ដ្រីខ្លះពេលបានឡើងតួនាទីអ្វីមួយ មិនត្រូវភ្លើតភ្លើននូវតួនាទី និងមុខតំណែងឡើយ។ ដូច្នេះ ត្រូវយកចិត្តទុកដាក់ចំពោះការងាររបស់ខ្លួន ឲ្យបានជាប់ជានិច្ច។
សម្ដេច បានបញ្ជាក់ថា «មន្ដ្រីរបស់យើងពេលបានទទួល ការងារនេះ ការងារនោះ ការពិតណាស់កិត្តិយសមានឱកាស ដើម្បីនឹងធ្វើការងារនោះ ប៉ុន្ដែយើងមិនត្រូវភ្លើតភ្លើននូវតួនាទី និងមុខតំណែង ហើយថែមទាំងឱកាសនិយម ហើយឱកាសនិយមនេះគ្រោះថ្នាក់ណាស់ បានឡើងធ្វើចៅហ្វាយស្រុកហើយ សម្រេចធ្វើតាមចិត្ត។ដោយ-រ៉ាវុធ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner