ក្រោយក្លាយជាម្ចាស់ជើងឯក MPL KH រដូវកាលទី១ ក្រុម See You Soon បានដាក់ក្តីរំពឹងខ្ពស់ប្រជែង នៅ M 3 World Championship

ព្រឹត្តិការណ៍ប្រកួតកីឡាអេឡិចត្រូនិកលក្ខណៈលីគអាជីពលំដាប់អន្តរជាតិ លើកដំបូងនៅកម្ពុជាសម្រាប់វិញ្ញាសា Mobile Legends: Bang Bang បានបញ្ចប់ការប្រកួត ក្រោយដំណើរការជាង៣ខែ ដោយក្រុម See You ឈ្នះជើងឯក MPL KH រដូវកាលទី១ បន្ទាប់ពីយកឈ្នះក្រុម DG Quantum ទាំងប្រផិតប្រផើយ ក្នុងលទ្ធផល ៣ទល់២ នាល្ងាចថ្ងៃទី៣ ខែតុលា ឆ្នាំ២០២១ ។


MPL KH Season 1 បានក្លាយជាការប្រកួតដ៏អស្ចារ្យមិនធ្លាប់មាន រដូវកាលដំបូង នៅកម្ពុជា ដោយក្រុមទាំងអស់សិតសឹងមានសមត្ថភាពខ្ពស់ បច្ចេកទេសល្អ ជាមួយនឹងការប្តេជ្ញាចិត្តខ្លាំង ដើម្បីជំរុញឲ្យវិស័យកីឡាអេឡិចត្រូនិក អោយកាន់តែមានសកម្មភាពផុលផុស និងមានសន្ទុះដើរទៅមុខកាន់តែខ្លាំង ដូចបណ្តាប្រទេសនានាលើលោក ។


ក្រោយឈ្នះជើងឯកព្រឹត្តិការណ៍ MPL KH រដូវកាលទី១ អមដោយប្រាក់រង្វាន់១៥០០០ដុល្លារ ប្រធានក្រុម See You Soon ប្តេជ្ញាខិតខំពង្រឹងការហ្វឹកហាត់ និងពង្រឹងសាមគ្គីជាក្រុម ឲ្យកាន់តែរឹងមាំបន្ថែមទៀត ត្រៀមចូលរួមប្រជែងព្រឹត្តិការណ៍ M3 World Championship នៅប្រទេសសិង្ហបូរី នាអំឡុង ខែធ្នូ ឆ្នាំ២០២១ ដើម្បីនាំយកលទ្ធផលដ៏ប្រសើរល្អមកជូនកម្ពុជា ។


សូមបញ្ជាក់ថា ព្រឹត្តិការណ៍ MPL KH រដូវកាលទី១ នាំមកជូនដោយ MOONTON Games, Smart Axiata និងម្ចាស់ឧបត្ថម្ភ Sting និង NCX Honda ។ ឆ្លងកាត់ការប្រកួតប្រមាណជា៣ខែ ក្រុមជើងឯកបានទៅលើ ក្រុម See You Soon ទទួលបានប្រាក់រង្វាន់ ១៥០០០ដុល្លារអាមេរិក ។ ជើងឯករង បានទៅលើក្រុម DG Quantum ទទួលបានប្រាក់រង្វាន់ ៧០០០ដុល្លារអាមេរិក ។ ក្រុមលេខ៣ Impunity KH ទទួលបានប្រាក់រង្វាន់ ៣៨០០ ដុល្លារអាមេរិក ។ ក្រុមលេខ៤ Burn Gaming ទទួលបានប្រាក់រង្វាន់ ១៦០០ ដុល្លារអាមេរិក ។ ក្រុមលេខ៥ស្ទួន៖ New Blood និង Fennec Esports ទទួលបានប្រាក់រង្វាន់ ១២០០ ដុល្លារអាមេរិកដូចៗគ្នា ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner