រដ្ឋមន្ត្រីការបរទេសកម្ពុជាចែករំលែកបទពិសោធន៍ផ្ទាល់របស់កម្ពុជាស្តីពីការផ្សះផ្សាជាតិ និងការកសាងសន្តិភាព

ភ្នំពេញៈ នៅក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន នាថ្ងៃទី៤ ខែតុលានេះ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ខណៈពេលដែលយើងស្វះស្វែងរិះរកដំណោះស្រាយបញ្ហាប្រឈមក្នុងតំបន់ ឯកឧត្តមបានឆ្លៀតឱកាសចែករំលែកបទពិសោធន៍ផ្ទាល់របស់កម្ពុជាខ្លះស្តីពីការផ្សះផ្សាជាតិនិងការកសាងសន្តិភាព ព្រមទាំងបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការសន្ទនាប្រកបដោយសន្តិវិធី និងការស្ថាបនា។

ចំណែកក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍នយោបាយ-សន្តិសុខអាស៊ានលើកទី២៤ ឯកឧត្តមប្រាក់ សុខុន បានវាយតម្លៃខ្ពស់លើការអនុវត្តផែនការសហគមន៍នយោបាយ-សន្តិសុខអាស៊ាន និងការខិតខំប្រឹងប្រែងរបស់យើងក្នុងការលើកកម្ពស់សិទ្ធិមនុស្សជាពិសេសសិទ្ធិរបស់ពលករចំណាកស្រុក ហើយក៏ទន្ទឹងរង់ចាំការសហការរវាងអាស៊ាន និងយូនីសេហ្វក្នុងការផ្គត់ផ្គង់វ៉ាក់សាំង។ 

រីឯនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលអាស៊ានលើកទី៣០ ឯកឧត្តមបានសម្តែងនូវសុទិដ្ឋិនិយមចំពោះដំណើររួមគ្នាឆ្ពោះទៅរកការស្តារឡើងវិញរបស់យើង។ ស្របពេលជាមួយគ្នានោះ ខ្ញុំបានគូសបញ្ជាក់ថាការយកចិត្តទុកដាក់ខ្ពស់របស់អាស៊ានលើវិស័យសុខាភិបាល និងជំងឺរាតត្បាតផ្សេងៗ នឹងជួយយើងត្រៀមខ្លួនឱ្យបានល្អជាងនេះសម្រាប់ពេលអនាគត។

តបតាមការអញ្ជើញរបស់ ឯកឧត្តម ដាតូ អ៊ីរីវ៉ាន់ ពើហ៊ីន យូស៊ូហ៍ រដ្ឋមន្ត្រីការបរទេសទី២ របស់ព្រុយណេដារ៉ូស្សាឡាម ឯកឧត្តមប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន (AMM)  កិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍នយោបាយ-សន្តិសុខអាស៊ានលើកទី២៤ (APSC) និងកិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលអាស៊ានលើកទី៣០ (ACC)  ដែលនឹងប្រព្រឹត្តទៅតាមប្រព័ន្ធវីដេអូ នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២១។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជាកាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០២១។

ក្រសួងការបរទេសបានបន្តថា នៅក្នុងឱកាសកិច្ចប្រជុំទាំងនេះ រដ្ឋមន្រ្តីការបរទេសអាស៊ាន នឹងពិភាក្សាអំពីការត្រៀម រៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៨ និងលើកទី៣៩និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនាពេល ខាងមុខនេះ អាទិភាពនានារបស់អាស៊ានឆ្នាំ២០២១ និងសមិទ្ធផលសំខាន់ៗដែលសម្រេចបាន និងគំនិតផ្តួចផ្តើមសំខាន់ៗរបស់អាស៊ានសម្រាប់ឆ្លើយតបនឹងជំងឺកូវីដ-១៩ ពិនិត្យមើលឡើងវិញ ការអនុវត្តផែនការលំអិតស្តីពីការកសាងសហគមន៍អាស៊ាន និងតាមដានបច្ចុប្បន្នភាពនៃការអនុវត្ត ការព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុច ជាពិសេសការផ្តល់ជំនួយមនុស្សធម៌របស់អាស៊ានដល់ប្រទេស មីយ៉ាន់ម៉ា។ រដ្ឋមន្រ្តីការបរទេសអាស៊ាន ក៏នឹងពិភាក្សាគ្នាផងដែរពីការបង្កើនទំនាក់ទំនងបន្ថែម ទៀតជាមួយដៃគូសន្ទនាខាងក្រៅ តាមរយៈយន្តការនានាដែលដឹកនាំដោយអាស៊ាន និងការថែរក្សា មជ្ឈភាពអាស៊ាន។ បញ្ហាតំបន់ និងអន្តរជាតិដែលជាចំណាប់អារម្មណ៍ និងកង្វល់រួម ក៏នឹងត្រូវបាន លើកយកមកពិភាក្សាគ្នាផងដែរ៕ 

ដោយៈពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner