សម្តេចតេជោ ហ៊ុន សែន ផ្ញើលិខិតអបអរសាទរឧត្តម គីស៊ីដា ហ្វឹមីអូ ដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្ត្រីជប៉ុន

ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានសម្តែងនូវការអបអរសាទរចំពោះឯកឧត្តម គីស៊ីដា ហ្វឹមីអូ ដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្ត្រី នៃប្រទេសជប៉ុន បន្ទាប់ពីទទួលបានជ័យជំនះ ក្នុងការបោះឆ្នោតជ្រើសរើសប្រធានគណបក្សប្រជាធិបតេយ្យសេរី ដែលនេះពិតជាឆ្លុះបញ្ចាំងពីទំនុកចិត្ត និងការគាំទ្រពីសំណាក់សមាជិកបក្ស ក៏ដូចជា ប្រជាជនជប៉ុន។ នេះបើយោងតាមលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ផ្ញើជូនឧត្តម គីស៊ីដា ហ្វឹមីអូ នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២១។

នៅក្នុងលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ផ្ញើជូនឧត្តម គីស៊ីដា ហ្វឹមីអូ បានឲ្យដឹងថា តាងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាសូមសម្ដែងនូវការអបអរសាទរយ៉ាងកក់ក្តៅបំផុតចំពោះឯកឧត្តមក្នុងឱកាសដែលឯកឧត្តម ត្រូវបានជ្រើសតាំងជានាយករដ្ឋមន្ត្រី នៃប្រទេសជប៉ុន បន្ទាប់ពីទទួលបានជ័យជម្នះ ក្នុងការបោះឆ្នោតជ្រើសរើសប្រធានគណបក្សប្រជាធិបតេយ្យសេរី ដែលនេះពិតជាឆ្លុះបញ្ចាំងពីទំនុកចិត្ត និងការគាំទ្រពីសំណាក់សមាជិកបក្ស ក៏ដូចជាប្រជាជនជប៉ុន ចំពោះឯកឧត្តម។ ជាមួយនឹងបទពិសោធន៍ដ៏សម្បូរបែប ទាំងក្នុងស្ថាប័ននិតិបញ្ញតិ និងនិតិប្រតិបត្តិ សម្តេចជឿជាក់ យ៉ាងមុតមាំថា ក្រោមការដឹកនាំដ៏ឈៀសវៃ និងប្រកបដោយសមត្ថភាពរបស់ឯកឧត្តម ប្រទេសជប៉ុននឹងបន្តរីកចម្រើនយ៉ាងលឿនទៅមុខ ហើយនឹងអាចយកឈ្នះវិបត្តិកូវីដ-១៩ និងលេចត្រដែតឡើងកាន់តែខ្លាំងក្លាជាងមុនថែមទៀត ។

នៅក្នុងលិខិតបានបន្តថា សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ទន្ទឹងរង់ចាំធ្វើការយ៉ាងជិតស្និទ្ធជាមួយឯកឧត្តម ដើម្បីពង្រឹង និងពង្រីកចំណងមិត្តភាពដ៏ជិតស្និទ្ធ និងភាពជាដៃគូយុទ្ធសាស្ត្រ រវាងកម្ពុជា និងជប៉ុន ដើម្បីជាផលប្រយោជន៍នៃប្រទេស និងប្រជាជនរបស់យើងទាំងពីរ ព្រមទាំងដើម្បីសន្តិភាព ស្ថេរភាព និងវិបុលភាពក្នុងតំបន់ និងពិភព លោកផងដែរ។ សូមឯកឧត្តមទទួលនូវការរាប់អានដ៏ស្មោះស្ម័គ្របំផុត និងសូមជូនសព្វសាធុការពរ ដល់ឯកឧត្តម សូមប្រកបដោយសុខភាពបរិបូរណ៍ និងទទួលជោគជ័យធំធេងក្នុងគ្រប់ភារកិច្ច៕ 

ដោយៈ ពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner