កាកបាទក្រហមកម្ពុជា ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំចំពោះ មរណភាពតារាចម្រៀងលោក សែម សង្វាត

ភ្នំពេញ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃចន្ទ ទី ៤ ខែតុលា ឆ្នាំ២០២១ បានចាត់ឱ្យលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ នាំយកគ្រឿងបរិភោគ និងថវិកាមួយចំនួនសម្រាប់ចូលរួមធ្វេីបុណ្យ ៧ថ្ងៃ ព្រមទាំងបានឧបត្ថម្ភថវិកាមួយចំនួនទៀតដើម្បីជួយសម្រាលការលំបាកផ្នែកជីវភាពដល់យុវជនកំព្រា ៣នាក់បងប្អូន ដែលបានបាត់បង់ឪពុកជាទីស្រឡាញ់ គឺតារាចម្រៀង លោក សែម សង្វាត ដែលទទួលមរណភាពក្នុងអាយុ ៤៨ឆ្នាំ ដោយរោគាពាធ កាលពីថ្ងៃទី ១ ខែតុលា ឆ្នាំ២០២១កន្លងទៅ។

ស្ថិតក្នុងឱកាសដ៏ក្រៀមក្រំនេះ លោកជំទាវអគ្គលេខាធិការរងទី១ សូមឧទ្ទិសបួងសួងដល់វិញ្ញាណក្ខន្ធសពលោក សែម សង្វាត បានទៅកាន់សុគតិភព និងសូមផ្តាំផ្ញើដល់យុវជនកំព្រាទាំង ៣នាក់បងប្អូន ត្រូវមានស្មារតីរឹងប៉ឹង ស្តាប់តាមបណ្តាំចុងក្រោយរបស់ឪពុកដែល «សូមឱ្យកូនៗចេះស្រឡាញ់គ្នា កុំបោះបង់គ្នាចោល» ហេីយត្រូវជម្នះរាល់ការលំបាកដើម្បីជីវភាពគ្រួសារ និងខិតខំសិក្សារៀនសូត្រ ដេីម្បីអនាគតតទៅមុខទៀត។

កូនប្រុសច្បងរបស់លោក សែម សង្វាត ឈ្មោះ សង្វាត រតនៈ បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលសម្តេចទាំងទ្វេតែងតែគិតគូរពីសុខទុក្ខ ផ្តល់ភាពកក់ក្តៅ និងក្តីសង្ឃឹមដល់សិល្បករដែលជួបការលំបាក ក៏ដូចជាប្រជាពលរដ្ឋទាំងអស់ និងសូមប្តេជ្ញាចិត្តជម្នះរាល់ឧបសគ្គ ខិតខំកសាងខ្លួនឱ្យក្លាយជាពលរដ្ឋល្អ និងជាធនធានមនុស្សរបស់សង្គមជាតិ។

គួររំលឹកថា កាកបាទក្រហមកម្ពុជា ធ្លាប់បាន ផ្តល់អំណោយ សម្រាលការលំបាកដល់លោក សែម សង្វាត ដែលចាប់ផ្តេីមធ្លាក់ខ្លួនឈឺ មានជំងឺថ្លេីម ក្រពះ និងពោះវៀនធ្ងន់ធ្ងរ កាលពីថ្ងៃទី ៨ ខែតុលា ឆ្នាំ២០១៩កន្លងទៅផងដែរ៕ ដោយ / គ្រី សម្បត្តិ

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner