Positive Cambodia Ep18: សេដ្ឋកិច្ចនិងបរិយាប័ន្ននៃការស្ដារ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា ក្នុងឆ្នាំ២០២១-២០២៣
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែងថា បើទោះជាកម្ពុជា កំពុងទទួលរងផលប៉ះពាល់ដោយសារវិបត្តិកូវីដ-១៩ យ៉ាងណាក៏ដោយ ក៏អត្រាកំណើនសេដ្ឋកិច្ចកម្ពុជា រំពឹងថានឹងអាចងើបឡើងមកវិញស្ថិតនៅក្នុងរង្វង់ ២,៥ភាគរយ បន្ទាប់ពីធ្លាក់ចុះក្នុងកម្រិត -១,៩ភាគរយ ក្នុងឆ្នាំ២០២០។
យោងតាមសារលិខិតអបអរសាទរក្នុងឱកាសទិវាសន្តិភាពអន្តរជាតិ នាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់សារជាថ្មីពីការប្ដេជ្ញាចិត្តក្នុងការតម្រង់ទិសដៅគោលនយោបាយ និងធនធានរបស់ខ្លួនដើម្បីបន្តប្រយុទ្ធប្រឆាំងនឹងវិបត្តិកូវីដ-១៩ តាមរយៈការជំរុញយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាជនឱ្យបាន ១៣លាននាក់ និងជួយរក្សាលំនឹងអាជីវកម្ម-ធុរកិច្ច ស្ដារនិងជំរុញការងើបឡើងវិញនៃសេដ្ឋកិច្ចឱ្យបានឆាប់រហ័ស។
សម្ដេចតេជោនាយករដ្ឋមន្ត្រីគូសបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលកម្ពុជាបានកំពុងរៀបចំ និងដាក់ចេញផែនការស្ដារសេដ្ឋកិច្ចជាតិឡើងវិញពីវិបត្តិកូវីដ-១៩ សម្រាប់ឆ្នាំ២០២១-២០២៣ ដោយផ្ដល់អាទិភាពចម្បងលើ៖
១-ស្ដារឡើងវិញ គឺកសាងមូលដ្ឋានរឹងមាំសម្រាប់សេដ្ឋកិច្ចវិលទៅរកកំណើនឡើងវិញ ដោយផ្ដោតលើការធានាសុវត្ថិភាព ការគ្រប់គ្រងផលបំះពាល់ ការរក្សាលំនឹង និងការជំរុញឱ្យងើបឡើងវិញនៃធុរកិច្ចដែលមានសក្ដានុពល ជាពិសេសក្នុងវិស័យដែលទទួលរងផលប៉ះពាល់ខ្លាំង និងការបង្កើតការងារបន្ថែមឱ្យបានច្រើននិងឆាប់រហ័ស។
២-កែទម្រង់ គឺបន្តដាក់ចេញវិធានការកែទម្រង់សំខាន់ៗជារចនាសម្ព័ន្ធ ដែលរួមមានការធ្វើឱ្យប្រសើរឡើងនូវបរិយាកាស និងកិច្ចសម្រួលពាណិជ្ជកម្ម ការវិនិយោគ និងធុរកិច្ច និងការជំរុញ និងការអភិវឌ្ឍឌីជីថលូបនីយកម្មក្នុងប្រព័ន្ធសេដ្ឋកិច្ច ទាំងវិស័យសាធារណៈ និងឯកជន។ ៣- កសាងភាពធន់ គឺពង្រឹងការត្រៀមខ្លួន និងការឆ្លើយតបទៅនឹងជំងឺ ឬស្ថានភាពស្រដៀងគ្នា ដែលអាចផ្ទុះឡើងនាពេលអនាគត ដោយផ្ដោតលើការអភិវឌ្ឍប្រព័ន្ធសុខាភិបាលនិងប្រព័ន្ធគាំពារសង្គមដែលរឹងមាំមានប្រសិទ្ធភាព និងការធានាចីរភាពនិងបរិយាប័ន្ន នៃការស្ដារនិងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។
នៅក្នុងកិច្ចសន្ទនានេះ វាគ្មិនរបស់យើងនឹងធ្វើការបកស្រាយទៅនឹងសំណួរដូចខាងក្រោម៖
១. ជាកាពិតណាស់កម្ពុជាក៏ជាប្រទេសមួយក្នុងចំណោមប្រទេសទូទាំងពិភពលោកដែលទទួលរងផលប៉ះពាល់ដោយសារវិបត្តិសកលគឺកូវីដ-១៩ តើកម្ពុជាបានរងនូវផលប៉ះពាល់អ្វីខ្លះដែរចាតាមការយល់ឃើញរបស់លោក?
២. យ៉ាងណាមិញ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានប្រើដៃមួយចំហៀងរបស់លោកតស៊ូនិងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដោយរៀបចំនូវយុទ្ធនាការជាច្រើន ដូចជាពន្លឿនការចាក់វ៉ាក់សាំង និងយុទ្ធនាការជាច្រើនទៀតផងដែរ ហើយដៃមួយចំហៀងទៀតរបស់លោក ធ្វើយ៉ាងណាស្តារឡើងវិញនៅស្ថានការសេដ្ឋកិច្ចរបស់កម្ពុជា។ តើលោកមានការកត់សម្គាល់ និងយល់ឃើញយ៉ាងណាដែរចំពោះបញ្ហានេះ?
៣. យោងតាមសារលិខិតអបអរសាទរក្នុងឱកាសទិវាសន្តិភាពអន្តរជាតិ នាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់សារជាថ្មីពីការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការតម្រង់ទិសដៅគោលនយោបាយ និងធនធានរបស់ខ្លួន ដើម្បីបន្តប្រយុទ្ធប្រឆាំងនឹងវិបត្តិកូវីដ-១៩ ។ តើក្នុងនោះអ្វីជាគោលការណ៍របស់រាជរដ្ឋាភិបាលធ្វើយ៉ាងណាដើម្បីទ្រទ្រង់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា?
៤. រាជរដ្ឋាភិបាលកម្ពុជាជាពិសេសប្រមុខថ្នាក់ដឹកនាំរបស់យើង សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មានការរៀបចំនិងដាក់ចេញផែនការស្ដារសេដ្ឋកិច្ចជាតិឡើងវិញ ពីវិបត្តិកូវីដ-១៩ សម្រាប់ឆ្នាំ២០២១-២០២៣។ តើរាជរដ្ឋាភិបាលនឹងផ្ដោតទៅលើអ្វីខ្លះដែរតាមទស្សនះរបស់លោក?
៥. ចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជាដោយផ្ដោតទៅលើការអភិវឌ្ឍប្រព័ន្ធសុខាភិបាល និងប្រព័ន្ធគាំពារសង្គមដែលរឹងមាំមានប្រសិទ្ធភាព ការធានាចីរភាព បរិយាប័ន្ននៃការស្ដារនិងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម តើលោកមានយោបល់យ៉ាងណាចំពោះទស្សនះវិស័យមួយនេះ?
៦. ឱកាសទិវាសន្តិភាពអន្តរជាតិនាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន លោកបានបញ្ចេញសារជាច្រើនស្តីពីសន្តិភាព។ តើអ្វីជាសារៈសំខាន់ និងការយល់ឃើញរបស់លោកទាក់ទងនឹងសន្តិភាពពិភពលោកនិងកម្ពុជា?
អ្នកសម្របសម្រួលៈ ពិធីការិនីៈ កញ្ញា ធីតា
វាគ្មិន: លោក ឃុន ប៊ុននី