ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ៍ ៦កើត ខែអស្សុជ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អមធ្យម។ ថ្ងៃនេះមិនមែនជាពេលវេលាអំណោយផលសម្រាប់ការបញ្ចប់ប្រតិបត្តិការធំៗនោះទេ។ សូមដាក់កំរិតខ្លួនអ្នកក្នុងការដោះស្រាយបញ្ហាហិរញ្ញវត្ថុទាំងតូចធំ ព្រមទាំងការទូទាត់វិក័យបត្រផងដែរ។ សូមលោកអ្នកជៀសវាងពីសកម្មភាពប្រញាប់ប្រញាល់ ពីព្រោះលទ្ធផលអាចនឹងធ្វើឲ្យអ្នកមានការខកចិត្ត។ រាល់ការសម្រចចិត្តទាំងឡាយ ត្រូវធ្វើដោយការរំពឹងទុកនៃទស្សនៈវិស័យវែងឆ្ងាយ។ បើទោះបីជាលោកអ្នកនឹងជួបបញ្ហាខ្លះក៏ដោយ សូមកុំមានការព្រួយបារម្ភ ពីព្រោះអ្នកអាចជំនះរាល់ការលំបាក ប្រសិនបើអ្នកយកចិត្តទុកដាក់ចំពោះវា។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ក្នុងថ្ងៃនេះហោរាណែនាំមិនឲ្យអ្នកមានអារម្មណ៍អស់កំលាំង ឬការខកចិត្តណាមួយចំពោះលទ្ធផលនៃការងារនោះទេ ពីព្រោះស្ថានភាពដែលយល់ថាជាស្ថានភាពលំបាកនឹងអាចផ្លាស់ប្តូរទៅកាន់តែប្រសើរឡើងៗ។ ក្នុងពេលនេះសូមកុំខ្លាចជាមួយការប៉ុនប៉ងប្រាថ្នា ឬបង្កើតក្តីសុបិន្តរបស់អ្នក ពីព្រោះប្រាកដណាស់ថាអ្នកនឹងអាចទទួលបានលទ្ធផលជាទីគាប់ចិត្ត។ ចំពោះបញ្ហា គឺអ្នកនឹងអាចជំនះរាល់ការលំបាក ដោយគ្រាន់តែអ្នកព្យាយាមស្វែងយល់ពីវាបន្តិចប៉ុណ្ណោះ។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ចំពោះបញ្ហា និងភាពអសកម្មមួយចំនួនមិនអាចទាយទុកជាមុនបាននោះទេ ហេតុនេះសូមមានការប្រុងប្រយ័ត្នឲ្យមានខ្ពស់ជាទីបំផុត។ ដោយឡែក សម្រាប់លាភសំណាង លុយកាក់ ក៏ប្រហែលជាមិនស្ថិតនៅខាងអ្នកនោះទេ ដូច្នេះសូមកុំទាន់ធ្វើការបណ្តាក់ទុនចាយវាយលុយកាក់ច្រើន ធ្វើការផ្លាស់ប្តូរបរិបទ ឬកន្លែងការងារឡើយ។ ប្រសិនបើអ្នកមានភាពជាប់គាំងក្នុងការងារ សូមកុំភ្លេចធ្វើការពិភាក្សាជាមួយមនុស្សនៅក្នុងក្រុមការងារជាមួយគ្នា គឺពួកគេនឹងជួយយកអាសារអ្នកខ្លាំងណាស់។

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ហោរាណែនាំមិនឲ្យអ្នករស់នៅជាមួយភាពស្មុគ្រស្មាញឡើយ។ ប្រសិនបើអ្នកមានកិច្ចការក្នុងបន្ទុកច្រើន គឺសួមទាក់ទងសួរយោបល់មនុស្សនៅក្នុងក្រុមការងារជាមួយគ្នា ធ្វើការចាត់ចែង ឬរំលែកការងារខ្លះទៅដល់មិត្តរបស់អ្នក។ ប្រសិនបើមានបញ្ហាសូម លើកយកករណីនោះមកដោះស្រាយឲ្យបានឆាប់រហ័ស ហើយជៀសវាងការប្រថុយប្រថានដោយខ្លួនឯង។ បើទោះជាយ៉ាងណា ក៏សូមរក្សាសិទ្ធិក្នុងការសម្រេចចិត្តចុងក្រោយដោយខ្លួនឯង។ លើសពីនេះ សូមព្យាយាមមើលអ្វីដែលថ្មី។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីលោកអ្នកថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះទាមទារឲ្យលោកអ្នកពឹងផ្អែកទៅលើខ្លួនឯង។ កាត់បន្ថយការទាមទារ ឬរំពឹងគ្រប់ករណីទាំងឡាយពីមនុស្សដែលនៅក្បែរខ្លួន។ ទំនាក់ទំនងរបស់អ្នកក៏ហាក់មានភាពផុយស្រួយផងដែរ ដូច្នេះសូមកុំធ្វើរឿងរ៉ាវទាំងឡាយដែលនាំឲ្យជះឥទ្ធិពលអាក្រក់ដល់ទំនាក់ទំនង ពិសេសជាមួយមនុស្សក្រោមបង្គាប់។ សូមលោកអ្នកចងចាំថា ជម្លោះក្នុងថ្ងៃនេះអាចនឹងកើតឡើងដោយងាយណាស់ ដូច្នេះសូមមានភាពអត់ធ្មត់ ប្រសិនបើអ្នកអាចធ្វើបាន នោះការងារ និងដំណើរជីវិតរបស់អ្នកនឹងទទួលបានជោគជ័យយ៉ាងល្អប្រសើរនៅក្នុងថ្ងៃនេះ។  

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាឳកាសល្អសម្រាប់ការធ្វើទំនាក់ទំនងជាមួយថ្នាក់លើ និងសហការី។ លោកអ្នកគួរប្រើប្រាស់ពេលវេលាថ្ងៃនេះដើម្បីចូលរួមក្នុងសកម្មភាពពិភាក្សាអំពីគម្រោងផែនការការងារ។ សកម្មភាពទាំងឡាយរបស់អ្នកនឹងទទួលបានការកត់សម្គាល់ និងយកចិត្តទុកដាក់ពីថ្នាក់លើ ដូច្នេះសូមកុំបោះបង់ចោលការខិតខំប្រឹងប្រែងនេះ។ នៅរវាងពេលព្រឹក អាជីពរបស់អ្នកអាចនឹងមិនសូវឃើញពីភាពរីកចម្រើនគួរឲ្យកត់សម្គាល់នោះទេ ប៉ុន្តែចាប់ពីពេលថ្ងៃនោះអ្វីៗនឹងប្រសើរជាទីបំផុត។  

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។​ អាជីពទាំងឡាយរបស់លោកអ្នកមានភាពចម្រើនលូតលាស់យ៉ាងខ្លាំង។ ក្នុងនោះសូមលោកអ្នកព្យាយាមធ្វើកិច្ចការទាំងឡាយដែលស្ថិតក្រោមការទទួលខុសត្រូវរបស់លោកអ្នកឲ្យបានល្អ។ ដោយឡែក ថ្ងៃនេះមានអំណោយផលសម្រាប់ការធ្វើការសម្រេចចិត្តក្នុងការងារតូចធំ ការចុះហត្ថលេខា ការផ្លាស់ប្តូរការងារ ក៏ដូចជាការសហការការងារតូចធំផងដែរ។ ប្រសិនបើលោកអ្នក នឹងទទួលបានការងារ ឬការផ្តល់ឳកាសនានាសូមកុំមានភាពយឺតយ៉ាវឲ្យសោះ គួរចាប់យកឪកាសទាំងនោះឲ្យមានរួសរាន។ ដោយឡែក លោកអ្នកទទួលបានអំណោយផលក្នុងការស្វែងយល់ពីស្ថានការណ៍បានល្អ។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះអាជីពរបស់អ្នកមានភាពរីកចម្រើនខ្លាំងណាស់។ ក្នុងនោះលោកអ្នកអាចធ្វើអ្វីៗទៅបានតាមបំណងប្រាថា្ន ហើយផលរំខាននឹងមិនកើតឡើងនោះទេ។ ប៉ុន្តែក្នុងពេលដំណាលគ្នា សូមលោកអ្នកសម្របខ្លួនឲ្យបានល្អជាមួយល្បឿននៃការងារ។ ទន្ទឹមនឹងនោះ ធ្វើយ៉ាងណាកុំឲ្យគំនិតរបស់អ្នកជះឥទ្ធិពលពីស្ថានភាពខាងក្រៅ អ្នកគួរជឿជាក់លើសមត្ថភាព និងបទពិសោធន៍របស់ខ្លួន។ ក្នុងនោះគួរប្រើប្រាស់ភាពកំប្លុកកំប្លែង និងគំនិតសុទិដ្ឋិនិយមនៅក្នុងការងារជានិច្ច។ ក្រៅពីនេះ លោកអ្នកទទួលបានភាពឆ្លាតវៃ និងរហ័សរហួន។  

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកល្អជាមធ្យម។ ថ្ងៃនេះជាឳកាសល្អសម្រាប់ការងារដែលទាមទារកិច្ចពិភាក្សា វាយតម្លៃសម្រាប់ប្រភេទការងារតូចធំនានា។ លោកអ្នកនឹងទទួលបានភាពពេញចិត្តពេញថ្លើមពីមនុស្សដែលនៅជុំវិញខ្លួន ជាពិសេសថ្នាក់លើតែម្តង។ ក្នុងនោះសូមជៀសវាងការវាយតម្លៃសកម្មភាព ឬហេតុការណ៍ថាជាករណីងាយស្រួល ពីព្រោះមានស្ថានភាពជាច្រើនមិនទាន់ច្បាស់លាស់នៅឡើយ ហើយវាពិបាកខ្លាំងក្នុងការកំណត់។ ក្នុងនោះប្រហែលជាមិត្តរួមការងាររបស់អ្នកមិនបានយល់ពីចេតនារបស់អ្នកនោះទេ ដូច្នេះវាគ្មានហេតុផលដែលអ្នកត្រូវនិយាយច្រើន ឬពឹងពាក់អាស្រ័យគេហួសហេតុពេកនោះទេ។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះមានអំណោយផលសម្រាប់មនុស្សដែលធ្វើការក្នុងវិស័យសារពត៌មាន ទីផ្សារ និងការផ្សាយពាណិជ្ជកម្ម។ ពាក្យសំដីរបស់អ្នកមានទំងន់ជាពិសេស ដូច្នេះអ្នកមិនចាំបាច់ខិតខំប្រឹងប្រែងដើម្បីសម្រេចគោលដៅរបស់អ្នកឡើយ អ្វីៗនឹងធ្វើដំណើរទៅរកភាពប្រសើរ និងចម្រើនលូតលាស់ទាំងអស់។ ប្រការដែលលោកអ្នកគួរយកចិត្តទុកដាក់ គឺកុំព្យាយាមគ្រប់គ្រងឡើងវិញ នូវអ្វីដែលបានកន្លងផុតទៅហើយ សូមបណ្តោយហេតុការណ៍ខ្លះឲ្យកើត និងរលត់ទៅវិញតាមធម្មជាតិខ្លះទើបនឹងលំបាកច្រើន។ ផ្ទុយទៅវិញ លោកអ្នកអាចនឹងប៉ះពាល់ខ្លាំងផ្នែកសុខភាព ដូច្នេះសូមពិនិត្យរបបអាហារ។  

ឆ្នាំចរ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ហោរាណែនាំឲ្យលោកអ្នកធ្វើសកម្មភាពការងារដោយភាពក្លាហាន នឹងដាច់ខាត ប៉ុន្តែក៏ត្រូវមើលកាលទេសផងដែរ។ សូមលោកអ្នកវាយតម្លៃគម្រោងផែនការអនុវត្ត ហើយពិសេសគួរគិតគូរពីគម្រោងផែនការសម្រាប់ការងារក្នុងពេលអនាគតឲ្យមានជាមុនទើបជាការល្អ និងអាចបញ្ចៀសផលរំខាននានាបាន។ ចំពោះការប្រើប្រាស់ដើមទុនក្នុងថ្ងៃនេះ ប្រហែលជាមិនសូវមានលទ្ធផលច្រើនជាងការប្រើប្រាស់កំលាំងនោះទេ ដូច្នេះលោកអ្នកមិនចាំបាច់ចាយវាយច្រើនពេកក៏សឹងល្អ។ ដោយឡែក ចំពោះទំនាក់ទំនងជាមួយមនុស្សផ្ទុយភេទ ឆ្នាំម្សាញ់គួរតែមានកំរិត។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អមធ្យម។ ហោរាណែនាំឲ្យអ្នករៀបចំគម្រោងផែនការឲ្យបានតឹងរឹង។ ការអនុវត្ត និងផលដែលទទួលបានគឺអាស្រ័យលើលោកអ្នកតែម្នាក់ ដូច្នេះសូមប្រឹងប្រែង ហើយត្រូវភ្ជាប់ជំហានជាមួយនឹងផែនការជានិច្ច។ ក្នុងនោះវិន័យជាគោលការណ៍សំខាន់ដែលអ្នកត្រូវគោរពប្រតិបត្តិ។ ការសម្រាកច្រើន ការនិយាយដើមមនុស្សនៅក្នុងក្រុមការងារ គឺបណ្តាលឲ្យខាតពេល និងបាត់បង់តម្លៃ និងការជឿជាក់ ដូច្នេះសូមគ្រប់គ្រងហេតុការណ៍តឥតប្រហោជន៍ទាំងនេះឲ្យនៅឆ្ងាយ។ លើសពីនេះ សូមលោកអ្នករស់នៅជាមួយភាពសុទិដ្ឋិនិយម។

ចំណាំ៖

ឆ្នាំទាំង៤ ម្សាញ់ មមី មមែ រកា រាសីឡើងខ្ពស់ត្រដែត។ លោកអ្នកនឹងទទួលបានសេចក្តីសុខក្សេមក្សាន្ត លុយកាក់ តំណែងការងារ និងឳកាសល្អៗសម្រាប់ជីវិត។   

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner