គ​.​ជ​.​ប​. ចែក​លិខិតអញ្ជើញ​អ្នក​ចុះឈ្មោះ​បោះឆ្នោត​បាន​ចំនួន​ជិត៨​លាន​

​ភ្នំពេញៈ គិត​ត្រឹម​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០២១ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​.) បាន​ចែក​លិខិតអញ្ជើញ​អ្នក​ចុះឈ្មោះ​បោះឆ្នោត បាន​ចំនួន ៧.៩១៦.៧៤៥ ស្មើ ៨៩.៦៤​ភាគរយ ហើយ​លិខិតអញ្ជើញ​នេះ នឹង​រក្សាទុក​នៅ​សាលាឃុំ សង្កាត់​ដែល​ប្រជាពលរដ្ឋ​កំពុង​រស់នៅ ដើម្បី​បន្ត​ចែកជូន​អ្នក​ចុះឈ្មោះ​បោះឆ្នោត​ដែល​មិនទាន់​បានទទួល​។ នេះ​បើតាម​ការបញ្ជាក់​របស់​ឯកឧត្តម មាន ស​ទិ សមាជិក គ​.​ជ​.​ប​. នៅក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ជាមួយ​ភាគី​ពាក់ព័ន្ធ​តាម​ប្រព័ន្ធ​វីដេអូ​អន​ឡាញ​អំពី​ការចាប់ផ្តើម​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត​តាម​ឃុំ សង្កាត់ នីតិវិធី​ចុះឈ្មោះ​បោះឆ្នោត​នៅ​ឃុំ សង្កាត់ ការបញ្ជូន ទិន្នន័យ​មក គ​.​ជ​.​ប និង​លទ្ធផល​បណ្តោះអាសន្ន​នៃ​ការចែក​លិខិតអញ្ជើញ​អ្នក​ចុះឈ្មោះ​បោះឆ្នោត កាលពី​ព្រឹក​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០២១​។​

​នៅក្នុង​កិច្ចប្រជុំ​នោះ ឯកឧត្តម មាន ស​ទិ សមាជិក គ​.​ជ​.​ប និង​ជា​ប្រធាន​ដឹកនាំ​កិច្ចប្រជុំ បាន​មានប្រសាសន៍ថា ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត មាន​រយៈពេល ៥០​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​១២ ខែតុលា ដល់​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២១​។ ឯកឧត្តម បាន​បន្តថា ប្រជាពលរដ្ឋ​ខ្មែរ​រស់នៅក្នុង​ឃុំ សង្កាត់ ដែលមាន​អាយុ​យ៉ាងតិច ១៨​ឆ្នាំ គិតដល់​ថ្ងៃ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​៥ ខែមិថុនា ឆ្នាំ​២០២២ គឺ​អ្នក​កើតមុន ឬ​ត្រឹម​ថ្ងៃទី​៦ ខែមិថុនា ឆ្នាំ​២០០៤ ដែល​មិនទាន់​មានឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​នៃ​ឃុំ សង្កាត់​ដែល​ខ្លួន​កំពុង​រស់នៅ អាច​ទៅ​ស្នើសុំ​ចុះឈ្មោះ​បោះឆ្នោត​ដោយផ្ទាល់​ជាមួយ​ក្រុម​ចុះឈ្មោះ​បោះឆ្នោត​បាន​។​

​ចំពោះ​ការបញ្ជូន​ទិន្នន័យ​នៃ​ការចុះឈ្មោះ​បោះឆ្នោត ក្រុម​ចុះឈ្មោះ​បោះឆ្នោត​ត្រូវបញ្ជូន តាម​អ៊ី​ន​ធឺ​ណែ​ត មក គ​.​ជ​.​ប ជា​រៀងរាល់ថ្ងៃ ដើម្បី គ​.​ជ​.​ប ធ្វើការ​ត្រួតពិនិត្យ​ការងារ​ជាប្រចាំ​។​ ឯកឧត្តម មាន ស​ទិ ក៏បាន​មានប្រសាសន៍​អំពី​លទ្ធផល​នៃ​ការចែក​លិខិតអញ្ជើញ​អ្នក​ចុះ ឈ្មោះ​បោះឆ្នោត​គិត​ត្រឹម​ថ្ងៃទី​១១ ខែតុលា​ឆ្នាំ​២០២១ ចែក​បាន​ចំនួន ៧.៩១៦.៧៤៥ ស្មើ ៨៩.៦៤%​។ ហើយ​លិខិតអញ្ជើញ​នេះ នឹង​រក្សាទុក​នៅ​សាលាឃុំ សង្កាត់​ដែល​ប្រជាពលរដ្ឋ​កំពុង​រស់នៅ ដើម្បី​បន្ត​ចែកជូន​អ្នក​ចុះឈ្មោះ​បោះឆ្នោត​ដែល​មិនទាន់​បានទទួល​។​

​ក្នុង​កិច្ចប្រជុំ​នោះ គ​.​ជ​.​ប​. បាន​បំភ្លឺ​ទៅនឹង​ការលើកឡើង​របស់​ភាគី​ពាក់ព័ន្ធ ដែល​បាន​ចូល​រួមមាន​ដូចតទៅ ៖

  • ករណី​កូ​វីដ​-១៩ ជា​បញ្ហា​ប្រឈម​ក្នុងការ​ចុះឈ្មោះ​បោះឆ្នោត ប៉ុន្តែ គ​.​ជ​.​ប​. មាន​វិធានការ ការពារ​រួចហើយ ហើយ គ​.​ជ​.​ប​. សូម​ថ្លែងអំណរគុណ​ដល់​អាជ្ញាធរ​ដែនដី ដែល​បាន​ជួយឧបត្ថម្ភ​សម្ភារ​ការពារ​ជំងឺ​កូ​វីដ​-១៩​។​
  • ការិយាល័យ​ចុះឈ្មោះ​បោះឆ្នោត​បាន​បង្កើត​ថែម​សម្រាប់​ឃុំ សង្កាត់​ដែល​ទើប​បង្កើត​ថ្មី ចំនួន ៦ ដោយ​ផ្អែកលើ​ចំនួន​ប្រជាពលរដ្ឋ​។​
  • ប្រជាពលរដ្ឋ​ដែល​បាន​ចុះឈ្មោះ​បោះឆ្នោត​ក្រោយ​ឆ្នាំ​២០១៦ ឈ្មោះ​របស់គាត់ ប្រាកដ​ជាមាន​ក្នុង​បញ្ជី​បោះឆ្នោត ដើម្បីឱ្យ​ជាក់ច្បាស់​សូម​ឆែក​មើល​ក្នុង​គេហទំព័រ voterlist.nec.gov.kh ឬ​តាម App-Voterlist KH ។ ម្យ៉ាងទៀត​ប្រសិនបើ​គាត់​ទទួលបាន​លិខិតអញ្ជើញ​អ្នក​ចុះឈ្មោះ​បោះឆ្នោត ក៏​ប្រាកដថា​គាត់​មានឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត ហើយ​ដែរ​។​
  • គ​.​ជ​.​ប​. បាន​ផលិត​កម្មវិធី​ផ្សព្វផ្សាយ​ជាច្រើន​តាម​វិទ្យុ ទូរទស្សន៍ តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ សង្គម ដើម្បី​បំផុស​ឱ្យ​ប្រជាពលរដ្ឋ​ទទួលបាន​ព័ត៌មាន​អំពី​ការចុះឈ្មោះ​បោះឆ្នោត​។ ជាពិសេស​មានការ​ចូល​រួម​ជួយ​ផ្សព្វផ្សាយ​ដោយ​ភាគី​ពាក់ព័ន្ធ​ទាំងអស់ រួមទាំង​មេភូមិ និង​ស្មារតី​ចូលរួម​របស់​ប្រជាពលរដ្ឋ​ផងដែរ​។​
  • ក្នុងករណី​ប្រជាពលរដ្ឋ​ផ្លាស់ប្តូរ​ទីលំនៅ ហើយ​ចង់​បោះឆ្នោត​នៅក្នុង​ឃុំ សង្កាត់​ដែល គាត់​កំពុង​រស់នៅ គាត់​ត្រូវតែ​បំពេញ​លក្ខខណ្ឌ ដើម្បី​សុំ​ចុះឈ្មោះ​បោះឆ្នោត​នៅក្នុង​ឃុំ សង្កាត់​នោះ​។​

​មុននឹង​បញ្ចប់​កិច្ចប្រជុំ ឯកឧត្តម មាន ស​ទិ បាន​សំណូមពរ​ដល់​មន្ត្រី​បោះឆ្នោត​គ្រប់លំដាប់​ថ្នាក់ ប្រជាពលរដ្ឋ​អ្នក​ចុះឈ្មោះ​បោះឆ្នោត និង​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់​ខ្ពស់​ក្នុងការ​ថែរក្សា​អនាម័យ​ផ្ទាល់ខ្លួន ដោយ​អនុវត្តតាម​វិធានការ​របស់​ក្រសួងសុខាភិបាល និង គ​.​ជ​.​ប​។ ដែល​បាន​ដាក់ចេញ ឱ្យបាន​ខ្ជាប់​ខ្លួន ដើម្បី​បង្ការ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​។​

​គួរ​បញ្ជាក់ថា ភាគី​ពាក់ព័ន្ធ​ដែល​បាន​ចូលរួម​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​វីដេអូ​អន​ឡាញ មាន​តំណាង​ក្រុមប្រឹក្សាធម្មនុញ្ញ ព្រឹទ្ធសភា រដ្ឋសភា ក្រសួងមហាផ្ទៃ ក្រសួង​ព័ត៌មាន មន្ត្រី​ស្ថានទូត​ជប៉ុន តំណាង​គណបក្សនយោបាយ អង្គការ​មិនមែន​រដ្ឋាភិបាល អង្គភាព​សារព័ត៌មាន និង​មន្ត្រី គ​.​ជ​.​ប​. សរុប​អ្នកចូលរួម​មាន ចំនួន​ប្រមាណ ៧៥​នាក់​៕
ដោយៈ ពល​ជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner